នៅព្រឹកថ្ងៃទី ៨ ខែមេសា យោធាកូរ៉េខាងត្បូងបានប្រកាសថា កូរ៉េខាងជើងបានបាញ់បង្ហោះវត្ថុហោះមិនស្គាល់អត្តសញ្ញាណមួយចេញពីតំបន់ទីប្រជុំជនព្យុងយ៉ាងកាលពីថ្ងៃទី ៧ ខែមេសា។ ការបាញ់បង្ហោះនេះបានកើតឡើងត្រឹមតែមួយថ្ងៃបន្ទាប់ពីប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ជេម្យុង បានសម្តែងការសោកស្តាយចំពោះការឈ្លានពានរបស់យន្តហោះគ្មានមនុស្សបើកឯកជនចូលទៅក្នុងកូរ៉េខាងជើង។
សារព័ត៌មាន Yonhap បានផ្សាយថា កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលបាលិស្ទីគជាច្រើនគ្រាប់ឆ្ពោះទៅកាន់តំបន់សមុទ្រខាងកើតនៅថ្ងៃពុធ ទី៨ ខែមេសា ឆ្នាំ២០២៦ ក្នុងបរិបទដែលកូរ៉េខាងត្បូងកំពុងព្យាយាមស្វះស្វែងបើកកិច្ចចរចាឡើងវិញជាមួយទីក្រុងព្យុងយ៉ាងដើម្បីបន្ធូរបន្ថយភាពតានតឹង។
តាមយោធាកូរ៉េខាងត្បូង កូរ៉េខាងជើងបានបាញ់មីស៊ីលបាលិស្ទីគចេញពីតំបន់ Wonsan នៅម៉ោង ៨៖៥០នាទីព្រឹក ហើយនេះជាការធ្វើតេស្ដបាញ់មីស៊ីលបាលិស្ទីគជាលើកទី៤ នៅក្នុងឆ្នាំនេះ។ យោធាកូរ៉េខាងត្បូងក៏បានឱ្យដឹងដែរថាកាលពីថ្ងៃអង្គារម្សិលមិញ កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលមួយគ្រាប់ចេញពីទីក្រុងព្យុងយ៉ាង តែមកទល់នឹងពេលនេះ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកនិងកូរ៉េខាងត្បូងកំពុងធ្វើការវិភាគលើការធ្វើតេស្ដមីស៊ីលនេះនៅឡើយ។
យ៉ាងណាក៏ដោយ បើតាម Yonhap មីស៊ីលដែលកូរ៉េខាងជើងបានធ្វើតេស្ដកាលពីថ្ងៃអង្គារ បានហោះឆ្ពោះទៅទិសខាងកើត មុននឹងមានសញ្ញាមិនប្រក្រតីកើតឡើងនៅដំណាក់កាល ដំបូងនៃការហោះហើរ ហើយក៏បាត់ទៅ ដែលនេះទំនងជាការធ្វើតេស្ដបរាជ័យ៕ ដោយធីរីណា
រូបថត: TTXVN










