ភ្នំពេញ៖ ដើម្បីអបអរសាទរនាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងខិតជិតមកដល់ដ៏ខ្លីខាងមុខនេះ លោក ផន សុភាព បានផ្តល់អំណោយដល់ពលរដ្ឋខ្វះខាត១០០គ្រួសារ តំណាងឱ្យប្រជាពលរដ្ឋ ២១៨គ្រួសារ កាលពីព្រឹកថ្ងៃទី៨ ខែ មេសា ឆ្នាំ២០២៦ ។
លោក ផន សុភាព ប្រធានការដ្ឋានផ្នែកដោះស្រាយដីធ្លី តំណាង អ្នកឧកញ៉ា បណ្ឌិត ពុង ឃាវសែ អគ្គនាយក ក្រុមហ៊ុន OCIC បានលើកឡើងថា ការចែកអំណោយទៅដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត នាពេលនេះមិនមែនជាលើកដំបូងនោះទេ គឺក្រុមហ៊ុនតែងតែគិតគូ និងចែកជូនជាច្រើនលើកច្រើនសារមកហើយ ។ ជាក់ស្តែងពលរដ្ឋដែលមកទទួលអំណោយពេលនេះ ចំនួន ១០០គ្រួសារ តំណាងអោយប្រជាពលរដ្ឋ ២១៨គ្រួសារ ដោយក្នុង ១គ្រួសារៗទទួលបានអំណោយ អង្ករ ៣០គីឡូក្រាម និងថវិការ ៥0,000រៀល ។ ការចំណាយលើកនេះ ២៧,២៥០,០០០រៀល និងយោងការចំណាយ ៣៦លើក កន្លងទៅចំនួន ១,០២៩,៦៥៤,០០០ រៀល នេះគឺជាកម្មវិធីចែកអំណោយលើកទី៣៧ ដូច្នេះគិតដល់បច្ចុប្បន្នឯកឧត្តម អគ្គនាយក លោកបានឧបត្ថម្ភគិតជាប្រាក់ទំាងអស់ប្រមាណ ១,០៥៦,៩០៤,០០០ រៀល។
លោក ផន សុភាព បានលើកឡើងទៀតថា បច្ចុប្បន្នក្រុមហ៊ុនបានសហការយ៉ាងជិតស្និតជាមួយអាជ្ញាធរគ្រប់ជាន់ថ្នាក់ ជាពិសេសក្នុងមូលដ្ឋានសង្កាត់ព្រែកតាសេក សង្កាត់ព្រែកលៀប សង្កាត់ជ្រោយចង្វារ និង សាលាខណ្ឌជ្រោយចង្វារ ក្នុងការចូលរួមថែរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ។ ក្រៅពីនោះក្រុមហ៊ុនបានសហការយ៉ាងជិតស្និតជាមួយរាជរដ្ឋាភិបាល និង សាលារាជធានីភ្នំពេញ ក្នុងការដោះស្រាយគោលនយោបាយជូនប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់នៅក្នុងគម្រោងអភិវឌ្ឍន៏ទីក្រុងជ្រោយចង្វារ ប្រកបដោយសន្តិវិធី៕
ដោយ៖តារា










