ភ្នំពេញ ៖ កម្ពុជាគ្មានកន្លែងសុវត្ថិភាពសម្រាប់ពួកឧក្រិដ្ឋជនឡើយ ! យ៉ាងហោចណាស់ មានទីតាំងពាក់ព័ន្ធបទល្មើសអនឡាញស្កេម៤កន្លែងទៀត ក្នុងរាជធានី ខេត្តចំនួន៣ រួមមានភ្នំពេញ បន្ទាយមានជ័យ និងកែប ត្រូវបានសមត្ថកិច្ចសហការស្រាវជ្រាវ និងបង្ក្រាបដោយជោគជ័យ ជាបន្តបន្ទាប់ ចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ ស្របតាមច្បាប់ និងបទបញ្ជាដឹកនាំប្រកបដោយឆន្ទៈមុតស្រួច របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
នៅរាជធានីភ្នំពេញ មាន២ករណី ក្នុងនោះ ករណីទី១
នៅថ្ងៃទី៦ ខែមេសា សមត្ថកិច្ចបានចុះឆែកឆេរ ខុនដូភ្នំពេញកាឡាក់ស៊ីហ្គាដេន ក្នុងខណ្ឌសែនសុខ រកឃើញជនបរទេស២១៨នាក់ ដកហូតកុំព្យូទ័រ All In One ១៣៣គ្រឿង កុំព្យូទ័រយួរដៃ៤៤ គ្រឿង ទូរសព្ទដៃ៣៩២គ្រឿង អេក្រង់(monitor)១៦គ្រឿង CPU១៥គ្រឿង Tablet៥គ្រឿង មួកនគរបាលជប៉ុន២ អាវនគរបាលជប៉ុន៥ និងកាតនគរបាលជប៉ុន៤សន្លឹក។
យោងតាមការធ្វើកោសល្យវិច័យលើសម្ភារៈវត្ថុតាងឧបករណ៍អេឡិចត្រូនិក សមត្ថកិច្ចបានសន្និដ្ឋានថាទីតាំងខាងលើជាប់ពាក់ព័ន្ធអំពើ ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ក្រោមរូបភាពក្លែងបន្លំជានគរបាលប្រទេសជប៉ុន គោលដៅជនជាតិជប៉ុន ឆបោកក្រោមរូបភាពលួងលោមស្នេហា (ROMANCE SCAMS) និងឆបោកក្រោមរូបភាពវិនិយោគ គោលដៅប្រទេសប៉ាគីស្ថាន បង់ក្លាដេស និង វៀតណាម។ ដោយទទួលបានគោលការណ៍ណែនាំពី លោក ជា សា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ជនបរទេសចំនួន ២១៨នាក់ រួមនិងសម្ភារៈវត្ថុតាង ត្រូវបានប្រគល់ជូន ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីបន្តនីតិវិធី។
ប្រតិបត្តិការនេះ ដឹកនាំ និងចូលរួមសហការដោយលោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា ស្នងការរងទទួលផែនការងារសន្តិសុខ លោកឧត្តមសេនីយ៍ត្រី ស ថេន ស្នងការរងទទួលផែនការងារអន្តោប្រវេសន៍ គណៈបញ្ជាការឯកភាពខណ្ឌសែនសុខ ការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី ការិយាល័យអន្តរាគមន៍ពិសេស ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលនីតិវិធីច្បាប់ពី លោក ជា សា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
ចំណែកករណីទី២ នៅថ្ងៃទី៦ ខែមេសាដដែល គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានចុះទៅទីតាំង បុរីហ្គោឌែនឃី ផ្ទះលេខ A01 A02 និងC09 ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ដោយបានឃាត់ខ្លួនជនបរទេស២៧នាក់ ដកហូតវត្ថុតាងរួមមានកុំព្យូទ័រយួរដៃ២២គ្រឿង ទូរសព្ទដៃ២២៧គ្រឿង CPU៣គ្រឿង និង Monitor ១៩គ្រឿង។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងបន្តនីតិវិធីនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
ឈានចូលព្រឹកថ្ងៃទី៧ ខែមេសា កម្លាំងសមត្ថកិច្ច ស្នងការដ្ឋាននគរបាលខេត្តកែប បានចុះបង្រ្កាបជាក់ស្តែង នៅផ្ទះជួលមួយកន្លែងឈ្មោះ ហាន់ ហឿន ស្ថិតនៅភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប ពាក់ព័ន្ធបទល្មើស Online Scams និងបានឃាត់ខ្លួនជនបរទេសសរុប១៤នាក់។ កម្លាំងជំនាញបានឃាត់ខ្លួនជនបរទេស សង្ស័យ រួមទាំងវត្ថុតាងពាក់ព័ន្ធបទល្មើស Online Scams បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកែប ដើម្បីសាកសួរបំភ្លឺ និងធ្វើនីតិវិធីបន្ត។
នៅខេត្តបន្ទាយមានជ័យឯណោះវិញ នាថ្ងៃទី៧ ខែមេសាដដែល សមត្ថកិច្ចបានចុះបង្រ្កាបជាក់ស្តែងនៅចំណុចកាស៊ីណូ អ័រគីដេ និងសណ្ឋាគារ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលមានកម្ពស់៤ជាន់ និងមានបន្ទប់សរុបចំនួន៥២ ក្នុងនោះ ជាន់ទី១ ពិនិត្យឃើញមាន កុំព្យូទ័រ និងទូរសព្ទដៃ ព្រមទាំងឧបករណ៍សម្ភារៈមួយចំនួនសម្រាប់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ខណៈ៣ជាន់ទៀតជាបន្ទប់សម្រាប់ស្នាក់នៅ ដោយសមត្ថកិច្ចបានរកឃើញនិងឃាត់ខ្លួនជនបរទេស១៣៩នាក់។
ប្រតិបត្តិការខាងលើនេះ ដឹកនាំនិងចូលរួមដោយលោក ប្រាក់ ប៉ូលី អភិបាលរងខេត្ត និងកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្ត កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត កម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត និងគណៈបញ្ជាការរដ្ឋបាលក្រុងប៉ោយប៉ែត ដោយមានការសម្របសម្រួលនីតិវីធីពីលោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ និងសហការពីតំណាងម្ចាស់ទីតាំង។
ប្រតិបត្តិការស្រាវជ្រាវនិងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានក្លាយជារបៀបវារៈការងារជាអាទិភាពខ្ពស់បំផុតមួយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពម៉ឺងម៉ាត់ និងប្រាកដនិយម របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ក្នុងនាមសេនាធិការស្នូលរបស់រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃក្រោមការដឹកនាំរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បាននិងកំពុងដឹកនាំតម្រង់ទិសយ៉ាងហ្មត់ចត់បំផុត ដើម្បីធានាប្រសិទ្ធភាពនៃកិច្ចប្រតិបត្តិការបោសសម្អាតបទល្មើសមានខ្សែបណ្ដាញជាសកលមួយនេះ ទាំងកម្រិតអគ្គស្នងការដ្ឋាននគរបាលជាតិ និងកម្រិតរដ្ឋបាលរាជធានី ខេត្ត៕
ដោយ ៖ សិលា













