ខេត្តព្រះវិហារ-ឧត្ដរមានជ័យ៖ លោក ផុស សុវណ្ណ អគ្គនាយកដ្ឋានព៍ត័មាន និងសោតទស្សន៍ នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៦ បានដឹកនាំគណៈប្រតិភូអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជាថវិកា និងសម្ភារចាំបាច់ជាច្រើនប្រគល់ជូននាយទាហាន នាយទាហានរង និងពលទាហាន កងពលធំអន្តរាគមន៍លេខ៤ ដែលកំពុងឈរជើងការពារទឹកដីតាមបន្ទាត់ព្រំដែន សមរភូមិទិសទី១ និងទិសទី២ប្រាសាទព្រះវិហារ។
នាឱកាសនោះថ្លែងក្នុងពិធីសំណេះសំណាលលោក ផុស សុវណ្ណ បាននាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីលោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៍មាន ជូនដល់នាយទហាន នាយទាហានរង និងពលទាហាន ក្នុងអង្គភាពកងពលធំអន្តរាគមន៍ទី៤ ទិសទី១-២ នៃកងយោធពលខេមរភូមិន្ទ ទាំងអស់ ពិសេសក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ សូមជួបតែសេចក្តីសុខ សុខភាពល្អគ្រប់ៗគ្នា។
លោក ផុស សុវណ្ណ បានលើកឡើងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខុមាលភាព និងជីវភាពរស់នៅរបស់កងកម្លាំងប្រដាប់អាវុធ ដែលជាខ្សែក្រវាត់ការពារសន្តិភាព និងស្ថិរភាពជាតិ។ ជាពិសេសខណៈពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ កាន់តែខិតជិតមកដល់ លោកបានផ្ញើសារជូនពរជូនដល់កងកម្លាំងវីរកងទ័ពទាំងអស់ សូមឱ្យមានសុខភាពល្អ កម្លាំងមាំមួន និងស្មារតីរឹងមាំ បន្តឈរជើងយ៉ាងមុតមាំ ក្នុងបេសកកម្មការពារឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដី។
បន្ថែមពីនេះ លោក ផុស សុវណ្ណ ក៏បានជំរុញឱ្យកងកម្លាំងទាំងអស់ បន្តគោរពវិន័យយ៉ាងម៉ឺងម៉ាត់ រក្សាសាមគ្គីភាពផ្ទៃក្នុង និងមានភាពត្រៀមខ្លួនជានិច្ច ដើម្បីឆ្លើយតបទៅនឹងគ្រប់ស្ថានភាព និងចូលរួមថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន។
ជាមួយគ្នានេះ លោក ផុស សុវណ្ណ ក៏បានប្រគល់ថវិកា ស្បៀងអាហារ និងសម្ភារសំខាន់ៗជាច្រើន ជូនដល់អង្គភាពកងពលធយោធភូមិភាគ៤ នៃទិសទី១-២ នៃកងយោធពលខេមរភូមិន្ទ ដែលជាអង្គភាពសម្ព័ន្ធមេត្រីភាព ដើម្បីជាការលើកទឹកចិត្ត និងជួយសម្រួលជីវភាពរស់នៅប្រចាំថ្ងៃ ខណៈកំពុងឈរជើងបំពេញភារកិច្ចដ៏សំខាន់សម្រាប់ជាតិមាតុភូមិរបស់យើង៕
ដោយ៖តារា










