ភ្នំពេញ៖ អ្នកនាំពាក្យសាលាដំបូងខេត្តស្វាយរៀង នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦នេះ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជនទាំងអស់ មេត្តាជ្រាបថា កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ សាលាដំបូងខេត្តស្វាយរៀង បានទទួលសំណុំរឿង ព្រហ្មទណ្ឌពីអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ពាក់ព័ន្ធនឹងករណី ឆបោកតាមតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAM) ចំនួន២ករណី មានជនជាប់ពាក់ព័ន្ធចំនួន៤នាក់ ក្នុងនោះមានជនជាតិចិនចំនួន៣នាក់ (គេចខ្លួនចំនួន២នាក់) និងមានជនជាតិវៀតណាមមានខ្លួនចំនួន១នាក់ ដូចខាងក្រោមៈ
ករណីទី១.សំណុំរឿងព្រហ្មទណ្ឌលេខៈ២៧៥ ចុះថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦ មានជនជាប់ពាក់ព័ន្ឋ ជាជនជាតិចិនចំនួន២នាក់(គេចខ្លួនចំនួន១នាក់) ត្រូវបានតំណាងអយ្យការដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យ ពីបទៈ ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ONLINE SCAM) ប្រព្រឹត្តនៅបន្ទប់លេខៈV31 វីឡា លើទឹក ក្នុងបរិវេណក្រុមហ៊ុនកាស៊ីណូសៀងហៃរីហ្សត ស្ថិតនៅភូមិចេក ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយ រៀង កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ តាមមាត្រា ៣៧៧ និង មាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ។
ករណីទី២.សំណុំរឿងព្រហ្មទណ្ឌលេខៈ២៧៦ ចុះថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦ មានជនជាប់ពាក់ព័ន្ឋ ចំនួន២នាក់(គេចខ្លួនចំនួន១នាក់) ក្នុងនោះមានជនជាតិវៀតណាមមានខ្លួនចំនួន១នាក់ និងជនជាតិចិនចំនួន ១នាក់(គេចខ្លួន) ត្រូវបានតំណាងអយ្យការដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យពីបទៈ ឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា(ONLINE SCAM) ប្រព្រឹត្តនៅបន្ទប់លេខៈA11 ក្នុងបរិវេណក្រុមហ៊ុនកាស៊ីណូសៀង ហៃរីហ្សត ស្ថិតនៅភូមិចេក ឃុំសំរោង ស្រុកចន្ទ្រា ខេត្ត ខេត្តស្វាយរៀង កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ តាមមាត្រា ៣៧៧ និង មាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ។
បន្ទាប់ពីសួរចម្លើយជនត្រូវចោទ និងពិនិត្យភស្តុតាងរួចមក ចៅក្រមស៊ើបសួរនៃសាលាដំបូង ខេត្តស្វាយរៀង បានសម្រេចឃុំខ្លួនជាបណ្តោះអាសន្នលើជនត្រូវចោទជាជនជាតិចិនមានខ្លួនចំនួន១នាក់ និង ជនជាតិវៀតណាមមានខ្លួនចំនួន១នាក់ ដូចខាងលើ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ នៅពន្ធនាគារខេត្តស្វាយរៀង ដោយឡែកជនត្រូវចោទជាជនជាតិចិនដែលបានរត់គេចខ្លួនចំនួន២នាក់ទៀត ចៅក្រមស៊ើបសួរនឹង ស្វែងរកចាប់ខ្លួន ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ជាបន្ត៕ដោយ៖តារា










