ខេត្តតាកែវ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី ១១ ខែមេសា ឆ្នាំ២០២៦នេះ បានមានប្រសាសន៍សំខាន់ៗនាឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីបើកការដ្ឋានគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ កំណាត់ទី២ ដែលមានប្រវែង១៥១,៦គីឡូម៉ែត្រ (ព្រែកពោធិ៍ ខេត្តកណ្ដាល-សមុទ្រ ខេត្តកែប) ក្នុងនោះក៏មានការចូលរួមពីលោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។
សូមអានប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានដូចខាងក្រោម៖
– សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ គឺជាការឆ្លុះបញ្ចាំងអំពីការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍទិសនិរតី។ ផ្លូវទឹកមួយនេះ នឹងក្លាយជាសរសៃឈាមភ្ជាប់ទិសខាងជើង និងខាងត្បូង។
– សម្ដេចធិបតី ថ្លែងថា ផ្លូវទឹក (ព្រែកជីកហ្វូណនតេជោ) នឹងតភ្ជាប់មិនត្រឹមតែការដឹកជញ្ជូនក្នុងប្រទេសកម្ពុជាទេ តែគឺនឹងតភ្ជាប់ទៅកាន់តំបន់ និងពិភពលោកផងដែរ។ គម្រោងព្រែកជីកហ្វូណនតេជោ នឹងលើកកម្ពស់មុខមាត់កិត្តិយសប្រទេសកម្ពុជា និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
– សម្ដេចធិបតី ថ្លែងថា គម្រោងព្រែកជីកហ្វូណនតេជោ នឹងផ្ដល់ផល ដោយផ្ទាល់ដល់ខេត្តចំនួន៤ក្នុងនោះមានដូចជា កណ្ដាល, តាកែវ, កំពត និងកែបជាដើម។ ក្រៅពីខេត្ត ដែលទទួលផលដោយផ្ទាល់នោះ កំពង់ស្ពឺ, កំពង់ឆ្នាំង និងបណ្ដាខេត្តនៅជាប់បឹងទន្លេសាប និងទន្លេ មេគង្គទាំងនៅភាគខាងជើង រួមទាំងភាគខាងត្បូងក៏នឹងបានទទួលផលដោយប្រយោល ពីគម្រោង«ព្រែកជីកហ្វូណនតេជោ»នេះផងដែរ។
– សម្ដេចធិបតី ថ្លែងថា អំឡុងពិភាក្សាជាមួយថ្នាក់ដឹកនាំឡាវ សម្ដេចបានលើកឡើងពីការតភ្ជាប់ផ្លូវដឹកជញ្ជូនពីកម្ពុជាទៅចិន ដោយឆ្លងកាត់ប្រទេសឡាវ។ សម្ដេចបញ្ជាក់បន្ថែមជាមួយថ្នាក់ដឹកនាំឡាវថា នៅក្រោយគម្រោងព្រែកជីកហ្វូណនតេ ជោបញ្ចប់ការសាងសង់ ឡាវក៏អាចភ្ជាប់ការដឹកជញ្ជូនតាមផ្លូវទឹកពីសមុទ្រឆ្លងកាត់កម្ពុជាតាម «ព្រែកជីកហ្វូណនតេជោ» នេះទៅកាន់ប្រទេសឡាវបានដែរ។
– សម្តេចធិបតី ថ្លែងថា សព្វថ្ងៃនេះរដ្ឋបានខាតបង់ចំនួន៥០លានដុល្លារអាមេរិកក្នុងមួយខែ ដោយសារតែការបញ្ចុះពន្ធអាករ។
– សម្ដេចធិបតី ថ្លែងថា រយៈពេល៥ឆ្នាំកន្លងមកនេះ កម្ពុជាបានទទួលនូវវិញ្ញាសាស្មុគស្មាញ និងធំៗច្រើន ដូចជាបញ្ហាកូវីដ-១៩ បញ្ហាសង្គ្រាមអ៊ុយក្រែន ពន្ធបដិការ សង្គ្រាមឈ្លានពានរបស់ថៃ និងវិបត្តិថាមពល នាពេលបច្ចុប្បន្ន តែទោះវិញ្ញាសាលំបាក មិនប្រាកដប្រជាយ៉ាងណា តែកម្ពុជានៅអាចមានភាពម្ចាស់ការជម្នះឧបសគ្គដើរទៅមុខបានជានិច្ច។
– សម្តេចធិបតី ថ្លែងថា គម្រោង«ព្រែកជីកហ្វូណនតេជោ» នឹងបន្តធ្វើជានិច្ចមិនជាប់គាំងដូចការលើកឡើងរបស់ជនអគតិមួយចំនួនតូចនោះឡើយ ខណៈ គម្រោងជាប្រវត្តិសាស្រ្តនេះនឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនសន្ធឹកសន្ធាប់ សម្រាប់ប្រជាជនកម្ពុជា។
– សម្ដេចធិបតី ថ្លែងថា គ្រោងនឹងធ្វើដំណើរតាមផ្លូវទឹកនៃគម្រោង «ព្រែកជីកហ្វូណនតេជោ» ដែលកំពុងដំណើរការសាងសង់ដោយមិនឱ្យអាជ្ញាធរតាមបណ្ដាខេត្តនៃផ្លូវទឹករបស់ គម្រោងដឹងនោះឡើយ ដើម្បីស្វែងយល់ពីស្ថានភាពជាក់ស្ដែងរបស់ពលរដ្ឋនៅអំឡុងពេលសាងសង់ និងក្រោយពេលសាងសង់រួច។
– សម្ដេចធិបតី ថ្លែងរំលឹកគុណដល់វីរកងទ័ពទាំងអស់ ដែលបានធ្វើពលិកម្មគ្រប់បែបយ៉ាង ខិតខំជម្នះគ្រប់ឧបសគ្គ ឈរជើងយ៉ាងរឹងមាំក្នុងការការពារអធិបតេយ្យភាព បូរណភាពទឹកកម្ពុជា ពីការឈ្លានពានរបស់ទាហានសៀម។
– សម្ដេចធិបតី ថ្លែងបញ្ជាក់អំពីវិធានការរបស់រាជរដ្ឋាភិបាល ក្នុងការជួយសម្រួលការរស់នៅរបស់ជនភៀសសឹកដែលមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន ដោយការធ្វើផ្ទះស្នាក់នៅសមរម្យជាបណ្ដោះអាសន្ន បើទោះផ្ទះថ្មី មិនដូចផ្ទះចាស់ ដែលបានកសាងមកអស់២០-៣០ឆ្នាំ ដោយកម្លាំងញើសឈាមនោះក៏ដោយ។ រាជរដ្ឋាភិបាល បាននឹងកំពុងខិតខំដោះស្រាយជាជំហានៗ។
– សម្ដេចធិបតី ថ្លែងថា ការដោះស្រាយបញ្ហាព្រំដែន គឺសម្ដេចជ្រើស យកយន្តការមិនបង្ហូរឈាម ដើម្បីកុំឱ្យមានពលរដ្ឋកម្ពុជា រួមទាំងកងកម្លាំងមិនមានការបាត់បង់ជីវិត។
– សម្ដេចធិបតី ថ្លែងបញ្ជាក់បន្ថែមថា សង្គ្រាមសងទៅសងមក មិនងាយបញ្ចប់នោះទេ ប៉ុន្តែបើដោះស្រាយតាមយន្តការច្បាប់ យន្តការអន្តរជាតិ និងការទូត គឺជាយន្តការដែលអាចបញ្ចប់បញ្ហាព្រំដែនបានយូរអង្វែង និង មិនមានការបាត់បង់ជីវិត។ ប៉ុន្តែយន្តការនេះត្រូវការពេលបន្តិចដែលទាមទារឱ្យយើងត្រូវអត់ធ្មត់ ដើម្បី សម្រេចជោគជ័យ។
– សម្ដេចធិបតី ថ្លែងថា ការប្រើសង្គ្រាមដើម្បីដោះស្រាយបញ្ហាព្រំដែន គឺមិនងាយបញ្ចប់នោះទេ គឺមានតែការចរចាប៉ុណ្ណោះ ទើបអាចដោះស្រាយបញ្ចប់បាន ជាពិសេសការចរចាទ្វេភាគី ដោយការស្មោះត្រង់ជាមួយគ្នា។
– សម្ដេចធិបតី ថ្លែងបញ្ជាក់បន្ថែមថា ករណីដូចជាសង្គ្រាមនៅអ៊ុយក្រែន និងនៅតំបន់នានាជាច្រើនបានបង្ហាញឱ្យឃើញថា ដើម្បីបញ្ចប់បញ្ហាបាន គឺមានតែការចរចា ដោះស្រាយប៉ុណ្ណោះ។
– សម្ដេចធិបតី បង្ហាញក្ដីសង្ឃឹមថា បញ្ហាព្រំដែនកម្ពុជា-ថៃ នឹងអាចដោះស្រាយបានឆាប់ចប់ដោយសារតែកម្ពុជានៅតែបន្តរក្សាជំហរដដែលក្នុងនោះមានដូចជា ដោះស្រាយតាមសន្តិវិធី ដោយផ្អែកលើសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងនានា ដែលភាគីទាំង ពីរបានឯកភាពចុះហត្ថលេខាជាមួយគ្នា រួមទាំងយន្តការអន្តរជាតិផងដែរ។
– សម្ដេចធិបតី ថ្លែងបញ្ជាក់បន្ថែមថា យន្តការទាំងនេះរដ្ឋាភិបាលថៃ ក៏បានលើកឡើងដើម្បីដោះស្រាយបញ្ហាព្រំដែនជាមួយកម្ពុជាផងដែរ ហើយរដ្ឋាភិបាលថៃ ក៏មិនបានប្រកាសទាត់ចោលកិច្ចព្រមព្រៀងណាមួយជាមួយកម្ពុជានៅឡើយនោះដែរ។
– សម្ដេចធិបតី រំពឹងថា រដ្ឋាភិបាលថៃ នឹងបង្កើតក្បាលម៉ាស៊ីន JBC ឱ្យបានត្រឹមត្រូវដើម្បីដោះស្រាយបញ្ហាជម្លោះព្រំដែនជាមួយប្រទេសកម្ពុជា ស្របទៅតាមកិច្ចព្រមព្រៀងទ្វេភាគី ដែលបានធ្វើកន្លងមក។
– សម្ដេចធិបតី ថ្លែងថា អំឡុងជួបជាមួយឯកឧត្ដមប្រធានាធិបតីបារាំង សម្ដេចបានស្នើដល់ប្រធានាធិបតីបារាំងជំរុញទៅថៃ ឱ្យចូលរួមដោះស្រាយបញ្ហាព្រំដែនជាមួយកម្ពុជា ដោយផ្អែកលើយន្តការអន្តរជាតិ និងច្បាប់អន្តរជាតិ។
– សម្ដេចធិបតី ថ្លែងបញ្ជាក់បន្ថែមថា អំឡុងជួបជាមួយ ប្រធានាធិបតីបារាំងនោះ សម្ដេចបានជម្រាបជូនប្រធានាធិបតីបារាំង អំពីស្ថានភាពនៅតំបន់ព្រំដែនកម្ពុជា-ថៃ ពិសេសការចូលកាន់កាប់ និងសាងសង់សំណង់នានារបស់ភាគីថៃ លើដែនអធិបតេយ្យកម្ពុជា។
– សម្ដេចធិបតី ថ្លែងគូសបញ្ជាក់ច្បាស់ៗថា អ្វីដែលសម្ដេចជម្រាបជូនទៅប្រធានាធិបតីបារាំង គឺដើម្បីឱ្យបារាំងជួយដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយឈរលើភាពយុត្តិធម៌ និងស្របតាមច្បាប់អន្តរជាតិ ដែលគ្រប់ភាគីទទួលយកបានមិនមែនឱ្យបារាំងកាន់ជើងកម្ពុជានោះទេ។
– សម្តេចធិបតី ថ្លែងថា យន្តការទ្វេភាគីជាជម្រើសសមស្របបំផុតក្នុងពេលនេះ ព្រោះចៀសផុតពីការបង្ហូរឈាម និងជាវិធានការលឿនបំផុត បើយន្តការអន្តរជាតិត្រូវការពេលរាប់ឆ្នាំ ហើយប្រទេសទាំងពីរក៏មានចំណុចរួមមួយចំនួនដូចជា ជំហរនៃការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីផ្អែកលើគោលការណ៍ច្បាប់ និងយន្តការទ្វេភាគីដែលមានស្រាប់ និងការបន្តគោរពសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥»៕
ដោយ៖តារា










