ភ្នំពេញ:ទិដ្ឋភាពនៅក្នុងបរិវេណសួនសាធារណៈព្រលានយន្តហោះពោធិ៍ចិនតុង ដែលបានរៀបចំតុបតែង និងបើកដំណើរការសាកល្បងថ្ងៃដំបូង ឱ្យបងប្អូនប្រជាពលរដ្ឋចូលលេងកម្សាន្ត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
ថ្ងៃទី១ នៃការបើកដំណើរការសាកល្បងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ចាស់) ជាសួនសាធារណៈរយៈពេល ៩ ថ្ងៃ (១១-១៩ មេសា ២០២៦) មានបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករប្រមាណ ១ ម៉ឺន ៥ ពាន់នាក់ បានចូលទស្សនា កម្សាន្ត ថតរូប ហាត់ប្រាណ និងលេងកីឡាជុំវិញតំបន់ និងអគារជាច្រើន។
ក្នុងនោះរួមមាន អគារផ្លិត និងប៉មបញ្ជាហោះហើរ (Tower) ដែលត្រូវបានកសាងឡើងនៅអំឡុងទសវត្សរ៍ឆ្នាំ១៩៥០, តំបន់ជុំវិញបរិវេណអគារចេញ-ចូលអ្នកដំណើរវីអាយភី (VIP), ចំណតយន្តហោះស៊ីវិល និងតំបន់ផ្លូវរត់របស់យន្តហោះ (Runway) ជាដើម ដែលសុទ្ធសឹងតែជាតំបន់ និងទីតាំងប្រវត្តិសាស្ត្រនៃវិស័យអាកាសចរស៊ីវិលកម្ពុជា។
បន្ថែមលើនេះ បងប្អូនប្រជាពលរដ្ឋ ក៏បានទស្សនាការសម្ដែងរបាំត្រុដិ របាំឆៃយ៉ាំ ការលេងភ្លេងពិណពាទ្យ និងរបាំផ្សេងៗ ដើម្បីស្វែងយល់ពីគុណតម្លៃនៃរបាំប្រពៃណីវប្បធម៌ជាតិខ្មែរ ក្នុងបរិវេណព្រលានយន្តហោះនេះផងដែរ៕ជ្រោយពេជ្រ
ប្រភព :AKP










