ខេត្តបាត់ដំបង÷ បុរសម្នាក់រងរបួសធ្ងន់(បែកមុខ)ក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងរថយន្តនៅវេលាម៉ោង ១៥និង៣៨នាទី ថ្ងៃទី១២ ខែ មេសា ឆ្នាំ២០២៦ នៅចំណុចផ្លូវប្រសព្វខាងមុខផ្ទះសំណាក់លុច្ស ស្ថិតក្នុងភូមិ២០ឧសភា សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។
ប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា ករណីគ្រោះ ថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងរវាងរថយន្តម៉ាក HYUNDAI ពណ៌ស០១គ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ2X-4442 បើកបរដោយបុរសម្នាក់ទិសដៅពីជើងទៅត្បូង ។ ចំណែករថយន្ត០១គ្រឿងទៀតម៉ាក PEUGEOT 3008 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2CA-8055 បើកបរដោយបុរសម្នាក់ ទិសដៅពីកើតទៅលិច។ លុះមកដល់ចំណុចកើតហេតុខាងលើ បានជ្រុលចង្កូតទៅបុករថយន្តកូរ៉េបណ្តាលឱ្យវិលក្បាលត្រឡប់ក្រោយក្រឡាប់ផ្ងាជើង រងរបួសបែកមុខអ្នករួមដំណើរ០ ១នាក់ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងចុះមកវាស់វែងធ្វើកំណត់ហេតុដើម្បីចាត់ការតាមផ្លូវច្បាប់ ចំណែកជនរងគ្រោះត្រូវបានក្រុមការងារដឹកបញ្ជូនទៅពិនិត្យព្យាបាលនៅមន្ទីរភ្លាមៗផងដែរ ៕
ដោយ៖ សុរិយា










