ខេត្តកំពង់ចាម÷ ក្មេងវត្តម្នាក់មានជីវិតអភ័ព្វត្រូវបានឪពុកម្ដាយបោះបង់ចោលឱ្យមកនៅជាមួយព្រះសង្ឃក្នុងវត្តបឹងកុក ក្រុងកំពង់ចាម តាំងតែពីអាយុប្រមាណ៥ឆ្នាំ ដោយសារឪពុកពិការជើងសង្ខាងគ្មានលទ្ធភាពចិញ្ចឹម។ លុះដល់អាយុ១៦ឆ្នាំ បែរជាត្រូវជនសង្ស័យប្រើដាវកាប់ បណ្ដាលឱ្យដាច់ប្រអប់ដៃឆ្វេងម្ខាងធ្លាក់លើដី និងស្រាំលលាដ៏ក្បាល របួសជាទម្ងន់ឈាមហូរស្រោចពេញខ្លួន ប្រាណនៅចំណុចក្បែរទីតាំងស្ថានីយ៍បូមទឹករដ្ឋាករទឹកខេត្តមាត់ទន្លេ ក្រុងកំពង់ចាម។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រមាណ១យប់រំលងអធ្រាត្រឈានចូលព្រឹកថ្ងៃទី១២ មេសា ឆ្នាំ២០២៦ ។
ករណីនេះត្រូវបានលោកឧត្តមសេនីយ៍ស្នងការបញ្ជាឲ្យកម្លាំងជំនាញស្រាវជ្រាវចាប់បានក្រុមជនដៃដល់រហូតដល់ពីរនាក់។
យោងតាមសាក្សី១រូបប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ ជនម្នាក់បានពាក់មួកហើយប្រាប់ម្ចាស់ផ្ទះថាឈឺពោះសុំចូលបន្ទប់ទឹកបត់ជើងមួយភ្លែត ។ ពេលនោះម្ចាស់ផ្ទះបានឱ្យចូលទៅ,ពេលដែលចេញមកក្រៅវិញបានបន្តិចស្រាប់តែកើតហេតុដោយជនមិនស្គាល់អត្តសញ្ញាណនេះ បានកាប់ប្រហារលើយុវជនម្នាក់បណ្ដាលឲ្យដាច់ប្រអប់ដៃធ្លាក់លើដី ហើយឈាមហូរស្រោចពេញខ្លួន ប្រាណ រីឯជនបង្កបានរត់គេចខ្លួនបាត់។
សាក្សីបានឱ្យដឹងទៀតថា ពេលដែលយុវជនរងរបួសហើយបានប្រឹងរត់គេចទាំងរបួសបានប្រមាណមិនដល់១០ម៉ែត្រ ផងក៏៏ដួលទៅលើផ្លូវថ្នល់ ។ ពេលនោះមានបុរសម្នាក់ដែលជិះម៉ូតូមកទិញបារីជក់ឃើញអាណិតក៏បានជួយគ្រាហ៍លើកដាក់លើម៉ូតូ បន្ទាប់មកក៏មានប្រជាពលរដ្ឋម្នាក់ទៀតស្ម័គ្រចិត្តជួយទប់ពីក្រោយដឹកយកមកសង្គ្រោះនៅមន្ទីរពេទ្យខេត្តកំពង់ចាម។
ក្រោយហេតុការណ៍កាប់ប្រហារមួយសន្ទុះធំក៏បានឃើញកម្លាំងសមត្ថកិច្ចមកដល់សួរនាំរកហេតុផល តែមិនមានអ្នកណាម្នាក់បានដឹងពិតប្រាកដផ្ដើមចេញពីរឿងអ្វីនោះទេ។
ស្ត្រីឈ្មោះវួច ឆេង អាយុ៥៨ឆ្នាំរស់នៅភូមិបឹងកុកទី២ បានរៀបរាប់ឲ្យដឹងថា: គាត់បានមកលក់ដូរនៅវត្តបឹងកុកតាំងពីយូរមកហើយមានពេលមួយនោះបានឃើញបុរសម្នាក់ដែលមានជីវភាពខ្វះខាតដោយបានលែងលះជាមួយប្រពន្ធយកក្មេងប្រុសតូចអាយុ៥ ឆ្នាំ (អ្នករងគ្រោះខាងលើ) មកប្រគេនដល់ព្រះចៅអធិការវត្តព្រោះឪពុកពិការជើងសងខាងមិនមានលទ្ធភាពចិញ្ចឹមកូន។
ពេលខ្លះគាត់បានឃើញក្មេងតូចនោះបានដើរតាមព្រះ សង្ឃកាត់តាមភូមិដើម្បីដាក់បាតលោក លុះក្រោយមកក្មេងប្រុសរូបនេះបានបួសជាសង្ឃរៀនធម៌នៅវត្តបឹងកុក ដោយហៅតាអាចារ្យក្នុងវត្តជាឪពុក ការបួសរៀនធម៌បានច្រើនឆ្នាំក្រោយមកទើបតែសឹកបានប៉ុន្មានពីរឆ្នាំប៉ុណ្ណោះ រាល់ថ្ងៃសូម្បីទៅកង់និងម៉ូតូក៏មិនមានជិះទៀតផង។
ជាក់ស្ដែងនៅវេលាម៉ោង១០យប់ថ្ងៃទី ១១មេសា ឆ្នាំ២០២៦ យុវជនរងគ្រោះឈ្មោះខាក់មៈ បានឆុងមីនៅកន្លែងគាត់ហូបក្នុងបរិវេណវត្ត រហូតដល់ព្រឹកឡើងថ្ងៃទី១២មេសា ស្រាប់តែទទួលដំណឹងថាយុវជននេះត្រូវបានគេកាប់ដាច់ដៃ ដោយទឹកចិត្តអាណិតអាសូរក្មេងគ្មានឪពុកម្ដាយគាត់សុខចិត្តចោលកន្លែងលក់ដូរមកជួយដេកមើលកំដរដូចជាកូនប្រុសរបស់ខ្លួន ក្រោយពីសឹកហើយយុវជននេះមិនបានចេញទៅណាទេគឺបានស្នាក់អាស្រ័យនៅវត្តតែម្ដង។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងនៅថ្ងៃទី ១៤មេសាថា ដោយទទួលបានព័ត៍មាន ថាមានករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (កាប់នឹងកាំបិត) នៅចំណុចមុខផ្ទះឈ្មោះ សេន សុខឃីម ស្ថិតនៅភូមិជ្រោយថ្ម សង្កាត់បឹងកុក ក្រុងកំពង់ចាម វេលាម៉ោង១និង២០នាទី រំលងអធ្រាត្រ ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ បង្កឡើងដោយជនមិនស្គាល់អត្តសញ្ញាណ បានយកកាំបិត កាប់ទៅលើឈ្មោះ ខាន់ ខាត់ម: ភេទប្រុស អាយុ១៦ឆ្នាំ ស្នាក់នៅវត្តបឹងកុក សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម បណ្តាលឲ្យ រងរបួសដាច់កដៃខាងឆ្វេង របួសដៃខាងស្តាំ របួសក្បាលស្រាំលលាដ៏ កំពុងសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យខេត្ត។
លោកវរសេនីយ៍ឯក អ៉ឹង ប៊ុន អធិការនគរបាលក្រុងកំពង់ចាម បានដឹកនាំ និងចាត់បញ្ជាឲ្យ ផ្នែកនគរបាលយុត្តិធម៌ សហការជាមួយ កម្លាំងប៉ុស្តិ៍ និងកម្លាំងព្រហ្ម ទណ្ឌខេត្តចុះដល់កន្លែងកើតហេតុស្រាវជ្រាវនិង កំណត់ មុខសញ្ញាជនសង្ស័យ។ សមត្ថកិច្ចនៃនគរបាលក្រុងកំពង់ចាម ក្រោមការចង្អុលបង្ហាញ ពីលោកឧត្តមសេនីយ៍ទោ ស្នងការ យើងបន្តសហការជាមួយកម្លាំងជំនាញខេត្ត និងកម្លាំជំនាញជំនាញរបស់នាយកដ្ឋាន សាវជ្រាវរហូតដល់ ថ្ងៃទី ១២ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ១៦និង៣០នាទី កំណត់មុខសញ្ញាជនដៃដល់ ឈ្មោះ ផាន់ គឹមសួរ ភេទប្រុស
អាយុ ១៩ឆ្នាំ ជាតិខ្មែរមុខរបរ មិនពិតប្រាកដ នៅភូមិអណ្ដូងស្វាយ ឃុំវិហារធំ ស្រុកកំពង់សៀម ខេត្តកំពង់ចាម និងបក្ខពួក ម្នាក់ទៀតឈ្មោះ ប៉ោ ណូគា ភេទប្រុស អាយុ ១៩ ឆ្នាំ មុខរបរមិនពិត នៅភូមិត្រកួន ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
រហូតដល់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ៧ព្រឹក ជនទីមួយឈ្មោះគីមសួរ ត្រូវបានកម្លាំងជំនាញព្រហ្មទណ្ឌក្រុងកំពង់ចាមសហការជាមួយអធិការដ្ឋាននគរបាលស្រុកកោះធំខេត្តកណ្ដាលចាប់បានដល់លំនៅដ្ឋានទីនោះតែម្ដង។ចំណែកជនទី២វិញដោយមានសាក្សីដែលបានស្គាល់ក៏ហៅមកសួរនាំនៅអធិការដ្ឋាននគរបាលក្រុងកំពង់ចាមក៏ធ្វើការឃាត់ខ្លួន។
បន្ទាប់ពីសាកសួរ ជនសង្ស័យឈ្មោះ ផាន់ គឹមសួរ និង ឈ្មោះ ប៉ោ ណូគា បានឆ្លើយសារភាពថា ចំពោះអង្គ ហេតុដែលកើតឡើងនេះដោយសារតែក្រុមជនរងគ្រោះមានគ្នាបួននាក់ជិះម៉ូតូពីរគ្រឿងនៅយប់ថ្ងៃកើតខេត្តបានមកឈប់នៅកន្លែងផ្ទះលក់ដូងមាត់ទន្លេ ព្រមទាំងបានថតសែលហ្វីនៅម៉ូតូស្រីស្នេហ៍របស់ពួកគេ ហើយបាននិយាយឌឺមកលើក្រុមជនដៃដល់…បើពួកឯងចេញមកនឹងស្លាប់ហើយវើយ។ ស្របពេលនោះឈ្មោះគឹមសួរ ខឹងបានយកកាំបិតកាប់ដូងមកដេញកាប់លើក្រុមរងគ្រោះទាំងបួននាក់។ដោយឡែកបីនាក់ទៀតរត់គេចផុតហើយខាត់មៈ រត់គេចបន្ទាន់ត្រូវមួយកាំបិតដាច់កដៃឆ្វេង ធ្វើឲ្យឈាមហូរស្រោចពេញខ្លួនប្រាណ។
ក្រុមជនដៃដល់បានជិះម៉ូតូគេចខ្លួនតាមរយៈការស្រាវ ជ្រាវរបស់សមត្ថកិច្ចទើបឈានចាប់បានបន្តបន្ទាប់ទាំងពីរនាក់តែម្ដង៕
ដោយ៖ សុរិយា










