ភ្នំពេញ៖ អ្នកនាំពាក្យនៃអយ្យការអមសាសាដំបូងខេត្តព្រះវិហារ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជន ឲ្យបានជ្រាបថា នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ អយ្យការអមសាលាដំបូងខេត្តព្រះវិហារ បានទទួលសំណុំរឿង ព្រហ្មទណ្ឌពីការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ពាក់ព័ន្ធនឹង ករណីគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយឈ្មោះ លេ សុខេត ភេទស្រី កើតឡើងនៅលើផ្លូវក្រាលគ្រួស ក្រហម ស្ថិតនៅក្នុងភូមិពើក ឃុំពុទ្រា ស្រុកជ័យសែន ខេត្តព្រះវិហារ។
កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង១៤:១៥នាទី ឈ្មោះ លេ សុខេត ភេទស្រី និង ឈ្មោះ ផន ផា ភេទប្រុស បានធ្វើដំណើរជាមួយគ្នាក្នុងទិសដៅពីភូមិពើក ទៅកាន់ផ្ទះរបស់ខ្លួនវិញដែលស្ថិត នៅក្នុងភូមិប្រមូលផ្តុំ បន្ទាប់ពីពួកគេបានចូលរួមក្នុងកម្មវិធីជួបជុំគ្នានៅក្នុងភូមិពើក។ ក្នុងអំឡុងពេលធ្វើ ដំណើរត្រលប់មកវិញឈ្មោះ លេ សុខេត ដែលជាអ្នកបើកបរម៉ូតូ បានធ្វើដំណើរក្នុងល្បឿនលឿន ហើយបាន ធ្លាក់ក្រឡុកតាមផ្លូវ បណ្តាលឱ្យដួលម៉ូតូ ហើយឈ្មោះ លេ សុខេត រងរបួសក្បាល និងមុខ ចំណែកឈ្មោះ ផន ផា ជាអ្នករួមដំណើរជាមួយបានទទួលរងរបួសចំក្បាល និងបានស្លាប់នៅពេលបញ្ជូនទៅដល់មណ្ឌលសុខភាពពើក។
ក្រោយពីបានធ្វើការសាកសួរ ពិនិត្យភស្តុតាង និងឯកសារពាក់ព័ន្ធរួចមក តំណាងអយ្យការបាន សម្រេចចោទប្រកាន់ជនសង្ស័យឈ្មោះ លេ សុខេត ទៅចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តព្រះវិហារ ពីបទ បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្នបណ្តាលឱ្យស្លាប់អ្នកដទៃ កើតឡើងនៅលើផ្លូវក្រាលគ្រួស ក្រហម ស្ថិតនៅក្នុងភូមិពើក ឃុំពុទ្រា ស្រុកជ័យសែន ខេត្តព្រះវិហារ កាលពីទី១៦ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ១៤:១៥នាទី បទល្មើសព្រហ្មទណ្ឌដែលមានចែង និងត្រូវផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៨៥ នៃច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក តាមរយៈដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរលេខ ៨២ ដ.ស.ស ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ ដើម្បីចាត់ការបន្តតាមនីតិវិធី៕ដោយ៖តារា










