ខេត្តស្វាយរៀង: សមត្ថកិច្ចនគរបាលខេត្តបានបញ្ជូនជនសង្ស័យទៅតុលាការខេត្តស្វាយរៀងពាក់ព័ន្ធករណីប៉ុនប៉ងលួច ( ម៉ូតូ) ខាងក្រោយកាសុីណូ ញ៉ូវើទៀន ក្រុងបាវិត។
សមត្ថកិច្ចនគរបាលខេត្តបានអោយដឹងថា ជនសង្ស័យឈ្មោះ វ៉ាង ហាយ
ថាន់ អាយុ៣៦ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ មានស្រុកកំណើត ភូមិតូហៀវ ខេត្តហាយ
ហ្វុង ប្រទេសវៀតណាម។
ប្រភពដដែលបន្តថា កាលពីវេលាម៉ោង ៤ និង៦នាទី ឈានចូលថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ សមត្ថកិច្ចនគរបាលបានទទួលព័ត៌មានពីប្រជាពលរដ្ឋថា នៅចំណុចផ្លូវបេតុងក្រោយកាសុីណូ ញ៉ូវើទៀន ( កាសុីណូកញ្ចក់)ស្ថិតក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត មានករណីបុរសម្នាក់ប៉ុនប៉ងលួចម៉ូតូរបស់ប្រជាពលរដ្ឋ។
ពេលទទួលបានពត៌មាននេះភ្លាម សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលបាវិត បានចុះទៅដល់កន្លែងកើតហេតុនិងនាំជនសង្ស័យ រួមនឹងសម្ភារៈវត្ថុតាង មកកាន់អធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីយកមកសាកសួរ ។
ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានយកកូនសោរបស់ខ្លួនទៅលួចចាក់ម៉ូតូអគ្គិសនីដែលទុកនៅផ្លូវបេតុងក្រោយកាសុីណូ ញ៉ូវើទៀន ( កាសុីណូកញ្ចក់) ស្ថិតក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ពិតប្រាកដមែន ។
បន្ទាប់មកសមត្ថកិច្ចបានសហការជាមួយផ្នែកគ្រឿងញៀនបានធ្វើតេស្តសារធាតុញៀនជាលទ្ធផល វិជ្ជមាន(+) ព្រមទាំងដកយកសម្ភារៈវត្តុតាងកូនសោផ្ទះចំនួន១០គ្រាប់,សោម៉ូតូចំនួន៤គ្រាប់កូនកន្រ្ទៃចំនួន០១ ដែកអក្សរL ចំនួន៣ ដើម៕
ដោយ៖ សុថាន










