ខេត្តបន្ទាយមានជ័យៈ នគរបាលស្រុកស្វាយចេកបានឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទជួញដូរនិងប្រើប្រាស់គ្រឿងញៀននៅវេលាម៉ោង១១និង៣០ នាទីព្រឹកថ្ងៃទី 19 ខែមេសា ឆ្នាំ2026 នៅចំណុចផ្លូវលំខាងជើងវត្តតាផូ ស្ថិតក្នុងភូមិព្រេចកី ឃុំតាផូ ស្រុកស្វាយចេក។
លោកវរសេនីយ៍ទោ អុន កាថន អធិការនគរបាលស្រុកស្វាយចេកបានឲ្យដឹងថា អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រីសឿម សារិទ្ធស្នងការនគរបាលខេត្តនិងការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី ធិន ស៊ិនដេត ស្នងការរងទទួលផែនការងារប្រឆាំងបទល្មើសគ្រឿងញៀន នៅថ្ងៃទី ១៩ ខែមេសា ឆ្នាំ២០២៦ លោកបានចាត់តាំងឲ្យលោកវរសេនីយ៍ទោដា រតនៈ អធិការរងទទួលការងារប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំកម្លាំងជំនាញនិងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំតាផូនិងឃុំផ្គាំ ចុះល្បាតត្រួតពិនិត្យនៅចំណុចខាងជើងវត្តចម្ងាយប្រហែល 400 ម៉ែត្រ ស្ថិតក្នុងភូមិព្រេចកី ឃុំតាផូបានប្រទះឃើញមុខសញ្ញាសង្ស័យម្នាក់ឈ្មោះឈឿន ឈាន ភេទប្រុស អាយុ 42ឆ្នាំនៅភូមិតាផូ ឃុំតាផូ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
លោកអធិការបានបញ្ជាក់ថាៈ ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចបានត្រួតពិនិត្យឆែកឆេររកឃើញវត្ថុតាងម្សៅក្រាមពណ៌សថ្លា សង្ស័យសារធាតុញៀនចំនួន3ថង់តូច បំពង់កែវសម្រាប់ជក់1 ទូរស័ព្ទដៃ1គ្រឿង និងធ្វើតេស្តរកសារធាតុញៀន វិជ្ជមាន(+)។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តដើម្បីអនុវត្តនីតិវិធីបន្ត ៕
ដោយ៖ វណ្ណា










