ខេត្តកណ្តាល÷ កម្លាំងនគរបាលស្រុកស្អាង ខេត្តកណ្ដាល បានបើកប្រតិបត្តិការស្រាវជ្រាវ និងចុះអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់សាលាដំបូងខេត្តកណ្ដាល ដោយឃាត់ខ្លួនជនត្រូវចោទបានចំនួន ៣នាក់ ជាបន្តបន្ទាប់គ្នាក្នុងករណី ២ផ្សេងគ្នា កាលពីថ្ងៃទី១៦ និងថ្ងៃទី១៧ មេសា ២០២៦។
ករណីទី១ កាលពីវេលាម៉ោង ១១និង៥០នាទី ថ្ងៃទី១៦ មេសា ២០២៦ កម្លាំងផ្នែកនគរបាលយុត្តិធម៌ស្រុក សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអំបិល បានចុះឃាត់ខ្លួនជនត្រូវចោទ ២នាក់ នៅចំណុចភូមិកូនជ្រែ ឃុំព្រែកអំបិល ស្រុកស្អាង។ ជនត្រូវចោទមានឈ្មោះ មឿន រ៉ាម៉ូ (ប្រុស, ២២ឆ្នាំ) និងឈ្មោះ ពៅ រ៉ន (ប្រុស, ១៩ឆ្នាំ) ដែលមានទីលំនៅភូមិឃុំកើតហេតុខាងលើ និងអវិជ្ជមានសារធាតុញៀន។ ការឃាត់ខ្លួននេះធ្វើឡើងតាមដីកាលេខ ៩៧៩ ចខ/ឋ ចុះថ្ងៃទី២៦ កញ្ញា ២០២៥ ចេញដោយលោក ស៊ូ បញ្ញា ចៅក្រមស៊ើបសួរ ពីបទលួចមានស្ថានទម្ងន់ទោស ដែលបានប្រព្រឹត្តកាលពីថ្ងៃទី១៥ មេសា ២០២៥។
ករណីទី២ នៅវេលាម៉ោង ១១និង៣០នាទី ថ្ងៃទី១៧ មេសា ២០២៦ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុក សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយប្រទាល បានចុះអនុវត្តដីកាចាប់ខ្លួនជនត្រូវចោទម្នាក់ឈ្មោះ ផ្លា ខ្នាង (ប្រុស, ៣៥ឆ្នាំ) មានទីលំនៅបច្ចុប្បន្នភូមិព្រែកតាតិន ឃុំស្វាយប្រទាល ស្រុកស្អាង។ ការឃាត់ខ្លួននៅចំណុចភូមិខាងលើនេះ គឺអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ០២៧ ចខ/ឆ ចុះថ្ងៃទី១០ មករា ២០២៥ ចេញដោយលោក ស្វាយ តុញ ចៅក្រមស៊ើបសួរ ពាក់ព័ន្ធនឹងបទល្មើសដែលបានប្រព្រឹត្តកាលពីថ្ងៃទី៣ ធ្នូ ២០២៤ នៅភូមិឫស្សីជ្រោយ ឃុំស្វាយប្រទាល។
បច្ចុប្បន្ន ជនត្រូវចោទទាំង ៣នាក់ ត្រូវបានបញ្ជូនមកឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនទៅសាលា ដំបូងខេត្តកណ្ដាលចាត់ការបន្តតាមនីតិវិធីច្បាប់៕
ដោយ៖ សុរិយា










