កូរ៉េខាងជើង៖ បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍នៅថ្ងៃចន្ទ ទី២០ ខែមេសា ឆ្នាំ២០២៦នេះថា មេដឹកនាំប្រទេសកូរ៉េខាងជើង គីម ជុងអ៊ុន បានពិនិត្យការបាញ់សាកល្បងមីស៊ីលបាលីស្ទិកកាលពីថ្ងៃអាទិត្យម្សិលមិញនេះ ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីវាយតម្លៃប្រសិទ្ធភាពនៃក្បាលគ្រាប់ផ្ទុកគ្រាប់បែកចង្កោម និងប្រភេទគ្រាប់មីនសាចអំបែង។
ការធ្វើតេស្តទាំងនេះ បង្ហាញពីការបាញ់មីស៊ីលបាលីស្ទិកលើកទីបួនក្នុងខែនេះ និងជាលើកទី៧នៅឆ្នាំនេះ ខណៈកូរ៉េខាងជើងកំពុងស្វែងរកការកសាងសមត្ថភាពមីស៊ីល និងនុយក្លេអ៊ែររបស់ខ្លួន ក្នុងការផ្គើនទៅនឹងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ប្រព័ន្ធផ្សព្វផ្សាយ KCNA បាននិយាយថា ការធ្វើតេស្តទាំងនេះពាក់ព័ន្ធនឹងការបាញ់មីស៊ីលបាលីស្ទិកយុទ្ធសាស្ត្ររយៈចម្ងាយជិត Hwasong-11 Ra ចំនួនប្រាំលើកដែលបានធ្វើឱ្យប្រសើរឡើងក្នុងការវាយតម្លៃថាមពល និងប្រសិទ្ធភាពនៃក្បាលគ្រាប់ថ្មី។
កូរ៉េខាងជើង បានបាញ់មីស៊ីលទៅកាន់តំបន់គោលដៅកោះមួយចម្ងាយប្រហែល១៣៦គីឡូម៉ែត្រ ដោយវាយប្រហារតំបន់មួយមានទំហំប្រហែល ១២,៥ ទៅ១៣ហិកតា។ កាលពីថ្ងៃអាទិត្យ កូរ៉េខាងត្បូង បាននិយាយថា កូរ៉េខាងជើងបានបាញ់មីស៊ីលចេញពីជិតទីក្រុង Sinpo នៅឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួនឆ្ពោះទៅសមុទ្រនៅម៉ោងប្រហែល ៦:១០ ព្រឹក ដោយវិមានប្រធានាធិបតី បានជំរុញឱ្យទីក្រុងព្យុងយ៉ាងបញ្ឈប់ «ការបង្ករឿង» បែបនេះ។
ប្រព័ន្ធផ្សព្វផ្សាយ KCNA បាននិយាយថា លោក គីម បានបង្ហាញការពេញចិត្តជាមួយនឹងលទ្ធផលនៃការធ្វើតេស្ត ដោយចាត់ទុកវាថាជាភស្តុតាងដែលថាការងារជាច្រើនឆ្នាំមកនេះរបស់ក្រុមស្រាវជ្រាវជំនាញក្បាលគ្រាប់មីស៊ីល មិនឥតប្រយោជន៍នោះទេ ហើយបានជំរុញឱ្យអ្នកវិទ្យាសាស្ត្រផ្នែកការពារជាតិ បន្តជំរុញបច្ចេកវិទ្យាដែលត្រូវការដើម្បីពង្រឹងការត្រៀមខ្លួនប្រយុទ្ធរបស់យោធា។
រូបភាពដែលចេញផ្សាយដោយ KCNA បានបង្ហាញ លោកគីម និងកូនស្រីរបស់លោក ឈ្មោះ Ju Ae បានពិនិត្យមើលការបាញ់បង្ហោះដែលហ៊ុព័ទ្ធដោយមន្ត្រីយោធាជាច្រើននាក់។ នេះជាឱកាសចុងក្រោយដែល Ju Ae បានចូលរួមជាមួយឪពុករបស់នាងដើម្បីធ្វើជាសាក្សីនៃការធ្វើតេស្តអាវុធ ដែលបង្កើនការរំពឹងទុកថា នាងកំពុងត្រូវបានតែងតាំងជាអ្នកបន្តតំណែងរបស់ លោក គីម៕
ដោយ៖តារា










