អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ចាត់ទុកការផ្សាយ WSJ ប្រើពាក្យ “Scambodia” គឺមានលក្ខណៈរើសអើង និង ខ្វះវិជ្ជាជីវៈ

ចែករំលែក៖

ភ្នំពេញ៖ លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មានកម្ពុជា នៅថ្ងៃទី ២១ ខែមេសា ឆ្នាំ២០២៦នេះ បានចេញសារសម្តែងការសោកស្តាយយ៉ាងខ្លាំងចំពោះសារព័ត៌មានដែលមានឈ្មោះបោះសំឡេងដូចជា Wall Street Journal តែបែរជាផ្សាយព័ត៌មានដោយប្រើប្រាស់ពាក្យមានខ្លឹមសារម៉ាក់ងាយមកលើកម្ពុជា ក្នុងអត្ថបទរបស់ខ្លួន។ ទង្វើលនេះ គឺបានបង្ហាញពីការធ្លាក់ចុះនៃគុណភាពការងារវិជ្ជាជីវៈ និង ការបោះបង់ចោលនូវអព្យាក្រឹតភាពរបស់ Wall Street Journal និងជាទង្វើខ្វះការទទួលខុសត្រូវ មិនសាកសមជាសារព័ត៌មានស្តង់ដាអន្តរជាតិ ហើយក្រសួងព័ត៌មានបានរៀបចំផ្ញើលិខិតដាក់ទៅ «និពន្ធនាយក និងអ្នកគ្រប់គ្រង» Wall Street Journal ដើម្បីពិនិត្យឡើងវិញនូវខ្លឹមសារនិង ធ្វើការកែតម្រូវ។

 

លោក ទេព អស្នារិទ្ធ បានគូសបញ្ជាក់ថា ការយកឈ្មោះប្រទេសដែលមានអធិបតេយ្យភាព ដោយភ្ជាប់ជាមួយបញ្ហាឧក្រិដ្ឋកម្មរបស់សកលលោក គឺមានចេតនាធ្វើឱ្យមានការរើសអើងចំពោះប្រទេសនោះ។ ឈ្មោះប្រទេស គឺជាអត្តសញ្ញាណ និង ជាមោទនភាពរបស់ប្រជាជាតិ ហើយការប្រើប្រាស់សំណេរបែបនេះជាការប្រមាថដល់កិត្តិយសជាតិរបស់ប្រជាជនកម្ពុជា និងធ្វើឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋកម្ពុជានៅលើឆាកអន្តរជាតិ។

 

អ្នកនាំពាក្យក្រសួងព័ត៌មាន បានបញ្ជាក់បន្ថែមថា ឈ្មោះប្រទេស ឬពលរដ្ឋនៃប្រទេសមួយមិនត្រូវក្លាយជាកម្មវត្ថុនៃភាពរងគ្រោះដោយសារអំពើឧក្រិដ្ឋកម្មដែលជាបញ្ហាសកលលោកឡើយ និង រឹតតែមិនត្រូវក្លាយជាកម្មវត្ថុនៃសំណេរសារព័ត៌មានដែលខ្វះភាពចាស់ទុំឡើយ ពោលគឺការសរសេរដែលប្រើអារម្មណ៍ ជាមួយការប្រើពាក្យបង្អាប់ ដើម្បីទាក់ទាញចំណាប់អារម្មណ៍ជាជាងការវិភាគដល់ឫសគល់នៃបញ្ហា ដែលវាជាទង្វើខ្វះវិជ្ជាជីវៈ។ សម្រាប់លោក អស្នារិទ្ធ ពាក្យ Wall Street Journal ប្រើនេះ គឺមានប្រភពចេញពីក្រុមជ្រុលនិយម និងប្រព័ន្ធផ្សព្វផ្សាយដែលមាននិន្នាការអគតិ ដើម្បីបម្រើឱ្យសង្រ្គាមចិត្តសាស្ត្រ និង ការបង្កើតគំនិតរើសអើងជាតិសាសន៍។ ការប្រើភាសាដែលត្រូវបានបង្កើតឡើងក្រុមជ្រុលនិយមនេះ គឺស្មើនឹងការមានចេតនាគាំទ្រដល់គំនិត ចលនាជ្រុលនិយមនោះ។

 

លោក ទេព អស្នារិទ្ធ បានចាត់ទុកការចុះផ្សាយរបស់ Wall Street Journal គឺជាសំណេរបែបបន្តុះបង្អាប់ និងប្រើការសន្មត់ជាជាងការផ្តល់អង្គហេតុពិតនេះ បង្ហាញពីការធ្លាក់ចុះនៃគុណភាពការងារវិជ្ជាជីវៈ និង ការបោះបង់ចោលនូវអព្យាក្រឹតភាពរបស់កាសែតនោះ ដែលជាទង្វើខ្វះការទទួលខុសត្រូវ មិនសាកសមជាសារព័ត៌មានស្តង់ដាអន្តរជាតិ។លោកថា សារព័ត៌មានត្រូវរក្សាគុណតម្លៃនៃក្រមសីលធម៌ និងវិជ្ជាជីវៈ ដោយតម្លាភាព និងអព្យាក្រឹតភាព។ ក្រមសីលធម៌សារព័ត៌មានហាមដាច់ខាតការប្រើប្រាស់ភាសាដែលញុះញង់ឱ្យមានការរើសអើងជាតិសាសន៍ ឬការបង្ខូចកេរ្តិ៍ឈ្មោះប្រទេស ឬបុគ្គល។

 

មន្ត្រីអ្នកនាំពាក្យរូបនេះ បានពន្យល់ទៀតថា ភារកិច្ចរបស់សារព័ត៌មាន គឺផ្តល់ព័ត៌មាន បង្ហាញការពិត ដើម្បីស្ថាបនា ឬចូលរួមរកដំណោះស្រាយចំពោះបញ្ហា មិនមែន ដើម្បីបំផ្លាញសេចក្តីថ្លៃថ្នូររបស់ប្រជាជាតិ ប្រទេសណាមួយឡើយ។ ការដោះស្រាយបញ្ហាឧក្រិដ្ឋកម្មអនឡាញសកល ត្រូវតែធ្វើឡើងតាមរយៈការបង្ហាញអង្គហេតុ អំណះអំណាង និង តួលេខ មិនមែនតាមរយៈការដាក់ឈ្មោះបង្អាប់បង្ខូចប៉ះពាល់ដល់ប្រទេសណាមួយឡើយ។

 

ទាក់ទង Online Scams វិញ លោក ទេព អស្នារិទ្ធ បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ រាជរដ្ឋាភិបាលកម្ពុជាក្នុងការបោសសម្អាតរាល់ទម្រង់នៃបទល្មើសទាំងអស់។ជាក់ស្តែង ចាប់ពីខែកក្កដា ឆ្នាំ២០២៥ ដល់ខែពាក់កណ្តាលខែមេសា ឆ្នាំ២០២៦នេះ រយៈពេលជាង៩ខែ ចុងក្រោយ សមត្ថកិច្ចកម្ពុជាបង្ក្រាប Online Scams ចំនួនជាង ២៥០ ករណី ក្នុងនោះរាប់បញ្ចូលការបង្រ្កាបទីតាំងកាស៊ីណូចំនួន ៩១ ទីតាំង ព្រមទាំងកសាងសំណុំរឿង ដើម្បីបញ្ចូនទៅតុលាការចំនួន ១១២ករណី ពាក់ព័ន្ធនឹងជនសង្ស័យ (ជនត្រូវចោទ) ចំនួនប្រមាណ ១ ០៨៩ នាក់ មានជនជាតិចិន ថៃ វៀតណាម ជប៉ុន កូរ៉េខាងត្បូង សិង្ហបុរី និងខ្មែរ។

...

 

បើគិតចាប់ពីខែមករា ឆ្នាំ២០២៥ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ នេះ សមត្ថកិច្ចកម្ពុជា បានអនុវត្តនីតិវិធីបណ្តេញជនបរទេសពាក់ព័ន្ធនឹងការប្រព្រឹត្តការឆបោកអនឡាញ សរុបចំនួន ១៣ ០៣៩នាក់ ក្នុងនោះមានស្ត្រីចំនួន ១ ៥០៩នាក់ មាន ៣៣ សញ្ជាតិ៕ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print