ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុបានបើកយុទ្ធនាការចុះត្រួតពិនិត្យ និងបង្ក្រាបទីតាំងសង្ស័យពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ជាបន្តបន្ទាប់ ក្នុងកិច្ចប្រតិបត្តិការរឹតបន្តឹងសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ។
យោងតាមរបាយការណ៍វឌ្ឍនភាពការងារអនុវត្តអនុក្រឹត្យលេខ០៣ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ អាជ្ញាធរបានរកឃើញ និងបង្ក្រាបបទល្មើស Online Scams នៅចំនួន ៣ទីតាំង ក្នុងចំណោមទីតាំងដែលបានត្រួតពិនិត្យសរុប ១៧កន្លែង។
កិច្ចប្រតិបត្តិការបង្ក្រាបតាមទីតាំងនីមួយៗរួមមាន: ទីតាំងទី១៖ នៅចំណុចផ្ទះជួលរបស់ឈ្មោះ យស់ សាវ៉ាត ស្ថិតក្នុងភូមិថ្មធំ សង្កាត់រាម ក្រុងកំពង់សោម។ ក្នុងនោះសមត្ថកិច្ចបានឃាត់ខ្លួនជនជាតិចិនចំនួន ៤នាក់ និងដកហូតកុំព្យូទ័រលើតុ ៤គ្រឿង កុំព្យូទ័រយួរដៃ ១គ្រឿង និងទូរសព្ទដៃ ៣៨គ្រឿង ។ ទីតាំងទី២៖ នៅចំណុចបឹងហ្គាឡូ ស្ថិតក្នុងភូមិរាម សង្កាត់រាម ក្រុងកំពង់សោម ឃាត់ខ្លួនជនបរទេសសរុបចំនួន ៣៦នាក់ រួមជាមួយសម្ភារៈសង្ស័យជាច្រើនរួមមាន កុំព្យូទ័រលើតុ ១៨គ្រឿង និងទូរសព្ទដៃ ៧២គ្រឿង។ និងទីតាំងទី៣៖ នៅផ្ទះវីឡាជួល ក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ឃាត់ខ្លួនជនជាតិចិនចំនួន ៥នាក់ និងដកហូតកុំព្យូទ័រលើតុ ១៣គ្រឿង ព្រមទាំងទូរសព្ទដៃ ៧គ្រឿង ។
សរុបមកក្នុងប្រតិបត្តិការទាំង៣ទីតាំង កម្លាំងជំនាញបានឃាត់ខ្លួនមនុស្សសរុបចំនួន ៤៥នាក់ និងវត្ថុតាងជាសម្ភារៈបច្ចេកវិទ្យាជាច្រើនគ្រឿង ត្រូវបានអាជ្ញាធរបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីសាកសួរ និងបន្តអនុវត្តនីតិវិធីតាមផ្លូវច្បាប់។
គិតត្រឹមថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ ចំនួនទីតាំងដែលត្រូវបានបង្ក្រាបពាក់ព័ន្ធនឹងបទល្មើសអនឡាញ (Online Scams) ក្នុងខេត្តព្រះសីហនុ បានកើនឡើងដល់ ៣២ទីតាំង។
សូមរម្លឹកថា ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានចូលជាធរមានកាលពីម៉ោង ១២និង០១នាទីយប់ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦ ក្រោយការចុះហត្ថលេខាដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦។
ច្បាប់នេះមាន៥ជំពូក និង២៤មាត្រា។ ជាមួយច្បាប់ នេះ បទល្មើសព្រហ្មទណ្ឌថ្មីចំនួន៥ ត្រូវបានបង្កើតឡើងដើម្បីធានាដល់ប្រសិទ្ធភាពក្នុងការអនុវត្ត រួមមានៈ ១- បទឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ២- បទរៀបចំ ឬដឹកនាំមជ្ឈមណ្ឌល ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ៣- បទជ្រើសរើស ឬបណ្តុះបណ្តាលអ្នកដទៃឱ្យចូលរួមប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ៤- បទប្រមូលក្នុងចេតនាទុច្ចរិតនូវឯកសារសម្គាល់អត្តសញ្ញាណ ឬឯកសារព័ត៌មានផ្ទាល់ខ្លួននានារបស់អ្នកដទៃ និង៥- ការបង្កើតទម្រង់ពិសេសនៃបទល្មើសសម្អាតប្រាក់។ បទល្មើសទាំងនេះបានកំណត់ដាក់ទោសជនល្មើស ត្រូវប្រឈមនឹងការជាប់ពន្ធនាគារខ្ពស់បំផុតរហូតដល់ ១ជីវិត និងពិន័យជាប្រាក់ដល់ទៅ ១ ០០០លានរៀល ថែមទាំងការរឹបអូសទ្រព្យសម្បត្តិរបស់ជនល្មើសផងដែរ៕ដោយ៖តារា
ប្រភព៖ (គ.ប.ឆ.ប.)













