ភ្នំពេញ ៖ សៀវភៅដែលមានចំណងជើងថា «The Father Who Shielded and Never Left» សរសេរពីដំណើរដឹកនាំកម្ពុជារបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា តាំងពីដំណាក់កាលដំបូង រហូតទទួលបានសន្ដិភាពពេញលេញ កំពុងផ្ទុះការចាប់អារម្មណ៍បណ្ដាញសារព័ត៌មានល្បីៗលំដាប់ពិភពលោកជាច្រើន។
បណ្ដាញសារព័ត៌មានធំៗទាំងនោះ បានចុះផ្សាយយ៉ាងព្រោងព្រាត និងធ្វើការវិភាគយ៉ាងស៊ីជម្រៅពីយុទ្ធសាស្ត្រដឹកនាំរបស់កម្ពុជា ក្រោយសៀវភៅត្រូវបានដាក់លក់ និងចែកចាយនៅលើទីផ្សារអន្តរជាតិ។
អ្វីដែលធ្វើឱ្យមហាជន និងអ្នកវិភាគបរទេសមានការភ្ញាក់ផ្អើលខ្លាំងបំផុតនោះ គឺការដែលពួកគេបានដឹងពីការពិតនៃ «គ្រឺះសន្តិភាព» របស់កម្ពុជា។ ក្នុងខណៈដែលពិភពលោកបច្ចុប្បន្នកំពុងឆេះឆួលដោយភ្លើងសង្គ្រាមនៅតំបន់អឺរ៉ុប និងមជ្ឈិមបូព៌ា សារព័ត៌មានអន្តរជាតិបានដកស្រង់ខ្លឹមសារនៃសៀវភៅនេះមកបង្ហាញថា «មេរៀនពីកម្ពុជា គឺជាអ្វីដែលពិភពលោកកំពុងត្រូវការបំផុតនៅពេលនេះ»។ នោះគឺយុទ្ធសាស្ត្របញ្ចប់សង្គ្រាមដោយសន្តិវិធី និងការដឹកនាំបែប «ខែលការពារ» (The Shield) ដែលមេដឹកនាំម្នាក់ហ៊ានលះបង់គ្រប់យ៉ាងដើម្បីការពារប្រជាជន។
វាជាមោទនភាពដ៏ធំធេងដែលកម្រនឹងកើតមានណាស់ ដែលស្នាដៃនិពន្ធមួយនេះ ត្រូវបានគេយកទៅចុះផ្សាយក្នុងទម្រង់ជា «មេរៀនដឹកនាំសម្រាប់កម្រិតសកល»។ អត្ថបទបរទេសទាំងនោះបានលើកឡើងថា សម្ដេចតេជោ ហ៊ុន សែន មិនមែនគ្រាន់តែជាមេដឹកនាំប្រទេសមួយនៅអាស៊ីប៉ុណ្ណោះទេ ប៉ុន្តែគឺជា «ស្ថាបត្យករសន្តិភាព» ដែលបានបង្ហាញពិភពលោកថា «សន្តិភាព និងស្ថិរភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតរបស់ជាតិ»។
បន្ទាប់ពីឃើញការចុះផ្សាយដ៏ច្រើនពីសំណាក់សារព័ត៌មានក្រៅស្រុក បងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស បានបង្ហាញនូវមោទនភាពជាខ្លាំង និងមានការភ្ញាក់ផ្អើលដែលឃើញមេរៀនដឹកនាំរបស់ថ្នាក់ដឹកនាំកម្ពុជា ត្រូវបានពិភពលោកឱ្យតម្លៃខ្ពស់ដល់ថ្នាក់នេះ។ នេះជាសក្ខីភាពបញ្ជាក់ថា តម្លៃនៃ «សន្តិភាព» ដែលយើងមានសព្វថ្ងៃ គឺជាអ្វីដែលពិភពលោកទាំងមូលកំពុងចង់បាន។
បច្ចុប្បន្ន សៀវភៅ «The Father Who Shielded and Never Left» កំពុងក្លាយជាចំណាប់អារម្មណ៍ថ្មីមួយដែលបង្ហាញពី «Soft Power» ដ៏ខ្លាំងក្លារបស់កម្ពុជា លើឆាកអន្តរជាតិ៕
ប្រភព ៖ ដកស្រង់ពី សៀវភៅ «The Father Who Shielded and Never Left»














