ខេត្តស្វាយរៀង: កម្លាំងនគរបាលខេត្តស្វាយរៀង បានបើកប្រតិបត្តិការចុះទៅបង្ក្រាបបទល្មើស Online Scams ស្ថិតនៅសណ្ឋាគារ និកាស៊ីណូ «TITANKING» ក្នុងក្រុងបាវិត ដោយឃាត់ខ្លួនជនល្មើសចំនួន២៣នាក់ ព្រមទាំងដកហូតសម្ភារមួយចំនួនទៀត។
ប្រតិបត្តិការខាងលើនេះ បានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង និងលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត ក្រោមការសម្របសម្រួលពីតំណាង អយ្យការអមសាលាដំបូងខេត្ត កាលពីរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦។
យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានបញ្ជាក់ថា ក្រោយទទួលបានព័ត៌មាននៃបទល្មើសមួយនេះ កម្លាំងសមត្ថកិច្ច បានចុះសហការត្រួតពិនិត្យ និងឈានដល់បង្រ្កាបជាក់ស្តែងទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) រកឃើញមានពាក់ព័ន្ធបទល្មើសចំនួន២បន្ទប់ និងបានឃាត់ខ្លួនជនសង្ស័យ២៣នាក់ (ស្រី២នាក់)។
នៅក្នុងប្រតិបត្តិការនេះ កម្លាំងនគរបាល បានដកហូតវត្ថុតាង រួមមាន៖ កុំព្យូទ័រ, កំព្យូទ័រយួរដៃ, ទូរស័ព្ទដៃ និងសម្ភារមួយចំនួនទៀត។
សម្រាប់ជនសង្ស័យចំនួន២៣នាក់ខាងលើ រួមទាំងវត្ថុតាង ត្រូវបានបញ្ជូនមកការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីបន្តតាមច្បាប់៕
ដោយ៖ សុថាន










