UPDATE: រដ្ឋបាលខេត្តស្វាយរៀង បង្ក្រាបសំបុកឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ក្នុងកាស៊ីណូ ថាយថិនឃីង ក្រុងបាវិត ឃាត់ខ្លួនជនសង្ស័យ ២៣នាក់

ចែករំលែក៖

ខេត្តស្វាយរៀង:រដ្ឋបាលខេត្តស្វាយរៀង បង្ក្រាបសំបុកឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ក្នុងកាស៊ីណូ ថាយថិនឃីង ក្រុងបាវិត ឃាត់ខ្លួនជនសង្ស័យ ២៣នាក់។

ក្នុងយុទ្ធនាការរឹតបន្តឹងសន្តិសុខតាមទីតាំងស្នាក់នៅប្រមូលផ្តុំ ស្របតាមស្មារតីនៃ អនុក្រឹត្យលេខ ០៣ របស់រាជរដ្ឋាភិបាល កម្លាំងសមត្ថកិច្ចចម្រុះនៃខេត្តស្វាយរៀង បានបើកប្រតិបត្តិការបង្ក្រាបជាក់ស្តែងលើទីតាំងលួចលាក់ប្រព្រឹត្តបទល្មើសបច្ចេកវិទ្យា (Online Scam) នៅក្នុងក្រុងបាវិត សម្រេចបានលទ្ធផលយ៉ាងជោគជ័យ។

ប្រតិបត្តិការនេះបានធ្វើឡើងនៅរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ ក្រោយពីទទួលបានសេចក្តីរាយការណ៍ និងកិច្ចសហការយ៉ាងសកម្មពីអ្នកគ្រប់គ្រងទីតាំងសណ្ឋាគារ និងកាស៊ីណូ ថាយថិនឃីង (Titan King) ។ ភ្លាមៗនោះ លោក ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង បានដាក់បទបញ្ជាឱ្យកម្លាំងជំនាញ ចុះសហការត្រួតពិនិត្យ និងឈានដល់ការបង្ក្រាបជាក់ស្តែងលើទីតាំងសង្ស័យតែម្តង។

ជាលទ្ធផល កម្លាំងសមត្ថកិច្ចបានរកឃើញសកម្មភាពពាក់ព័ន្ធនឹងបទល្មើសនៅក្នុងបន្ទប់ចំនួន ០២បន្ទប់ និងបានសម្រេចឃាត់ខ្លួនជនសង្ស័យសរុបចំនួន ២៣នាក់ ស្រី ០២នាក់។ ជាមួយគ្នានោះ កម្លាំងជំនាញបានដកហូតសម្ភារបច្ចេកទេសបម្រើឱ្យសកម្មភាពឆបោកមួយចំនួនធំ រួមមាន៖

 -កុំព្យូទ័រលើតុ (Desktop) និងកុំព្យូទ័រយួរដៃ (Laptop)

 -ទូរស័ព្ទដៃជាច្រើនគ្រឿង

 -ព្រមទាំងសម្ភារបច្ចេកទេសពាក់ព័ន្ធផ្សេងៗទៀត។

ប្រតិបត្តិការដ៏ជោគជ័យនេះ គឺជាសក្ខីភាពនៃការអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវ អនុក្រឹត្យលេខ ០៣ អនក្រ.បក ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦។ នេះក៏ជាការបង្ហាញពីស្មារតីទទួលខុសត្រូវខ្ពស់របស់វិស័យឯកជន ក្នុងនាមជាម្ចាស់ទីតាំងស្នាក់នៅ ដែលបានសហការយ៉ាងល្អជាមួយអាជ្ញាធរ ដើម្បីបោសសម្អាតរាល់សកម្មភាពល្មើសច្បាប់ និងបង្កើនភាពជឿជាក់លើវិស័យសន្តិសុខក្នុងភូមិសាស្ត្រខេត្តស្វាយរៀង។

បច្ចុប្បន្ន ជនសង្ស័យទាំង ២៣នាក់ រួមជាមួយវត្ថុតាងទាំងអស់ ត្រូវបានបញ្ជូនទៅកាន់ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ជាធរមាន។

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print