ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចចាប់ដាក់ខ្នោះបន្ទាប់ពីរូបគេបានធ្វើសកម្មភាពឆបោកម៉ូតូពីមិត្តភក្ដិយកទៅបញ្ចាំរួចគេចខ្លួនបានពេល៦ថ្ងៃបានត្រឡប់មកផ្ទះវិញ។
ការឃាត់ខ្លួននេះនៅវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃ១៨ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចបន្ទប់ផ្ទះជួល ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ជនសង្ស័យមានឈ្មោះ ផេង លីឡូ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ផ្ទះជួល ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងមានស្រុកកំណើតភូមិព្រែកសំរោង ឃុំខ្សាច់អណ្តែត ស្រុកឆ្លូង ខេត្តក្រចេះ។
ចំណែកដើមបណ្តឹងមានឈ្មោះ ហ៑ួន សុខហៀង ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរគ្រូបង្រៀន ស្នាក់នៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ និងមានស្រុកកំណើតភូមិខ្វាវ ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ ។
ប្រភពពីដើមបណ្តឹងឲ្យដឹងថា កាលពីរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ ជនសង្ស័យបានខ្ចីម៉ូតូខ្លួន១គ្រឿងម៉ាក ឌ្រីមសេ១២៥ ពណ៌ខ្មៅ សេរី២០១៥ ពាក់ស្លាកលេខ ភ្នំពេញ 1FG-9504 ពីប្អូនប្រុសរបស់គាត់ឈ្មោះ ហ៑ួន សុធា ដែលជាមិត្តភក្ដិជាមួយជនសង្ស័យដោយប្រាប់ថា ទៅសម្ភាសការងារក្រោយពីបានម៉ូតូដល់ដៃហើយជនសង្ស័យបានយកម៉ូតូនោះទៅបញ្ចាំនៅម្តុំឃ្លាំងរំសេង បានលុយចំនួន ៤៥០ដុល្លារហើយកេចខ្លួនរហូត។ លុះដល់រសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៦ ជនរងគ្រោះបានប្រទេះឃើញជនសង្ស័យនៅផ្ទះជួលក៏ប្តឹងសមត្ថកិច្ចមូលដ្ឋានចុះឃាត់ខ្លួនយកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លាតែម្តង។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យខាងលើបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពឆបោកយកម៉ូតូរបស់មិត្តភក្ដិពិតប្រាកដមែន ដោយខ្លួនបានយកទៅបញ្ចាំនៅម្តុំឃ្លាំងរំសេងបានលុយចំនួន ៤៥០ដុល្លារ ក្រោយពីបានលុយហើយខ្លួនបានយកទៅចាក់ភ្នាល់បាល់នៅណេត២៤ម៉ោងម្តុំផ្លូវទេពផន និងចាញ់អស់ហើយ។
បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីកសាងសុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕
ដោយ៖ តុង សីហា