ក្លឹបតោខៀវ Chelsea បានបណ្តេញគ្រូបង្វឹក Liam Rosenior បន្ទាប់ពីដឹកនាំក្លឹបតិចជាងបួនខែ។
Rosenior បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេលប្រាំឆ្នាំកន្លះនៅពេលមកដល់អង់គ្លេសក្រោយចេញពីក្លឹបបារាំង Strasbourg ដែលជាកម្មសិទ្ធិរបស់សហម្ចាស់ Chelsea ក្រោមលោក Todd Boehly និង ក្រុមហ៊ុន Clearlake Capital ផងដែរ។
ប៉ុន្តែគាត់បានឈ្នះត្រឹមតែ 11 ដងប៉ុណ្ណោះក្នុង 23 ប្រកួតនៅគ្រប់ការប្រកួតទាំងអស់ ហើយការចាញ់កាលពីថ្ងៃអង្គារ 3-0 នៅលើទឹកដីក្រុម Brighton គឺជាការបរាជ័យក្នុងលីគទី 5 ជាប់ៗគ្នារបស់ Chelsea ដោយមិនមានស៊ុតបញ្ចូលទី ដែលជាលទ្ធផលដ៏អាក្រក់បំផុតរបស់ក្លឹបចាប់តាំងពីឆ្នាំ 1912 ។
ការបរាជ័យនេះបានធ្វើឱ្យក្រុមតោខៀវធ្លាក់ទៅលេខ 7 ក្នុងក្របខណ្ឌអង់គ្លេស Premier League ដោយមាន 7 ពិន្ទុតាមពីក្រោយក្រុម Liverpool ដែលកាន់កាប់កន្លែងទី 5 និងជាលេខរៀងចុងក្រោយនៃការទទួលបានកៅអីក្របខណ្ឌ Champions League ។
ប្រភពបានប្រាប់ BBC Sport ថាអ្នកចាត់ការទូទៅរបស់ Bournemouth លោក Andoni Iraola គ្រូបង្វឹក Fulham លោក Marco Silva និងអតីតគ្រូបង្វឹក Dortmund លោក Edin Terzic កំពុងស្ថិតក្រោមការពិចារណាជាអ្នកជំនួស Rosenior ។
Iraola អាយុ 43 ឆ្នាំបានប្រកាសកាលពីសប្តាហ៍មុនថាគាត់នឹងចាកចេញពី Bournemouth នៅចុងបញ្ចប់នៃរដូវកាលនេះខណៈពេលដែលកិច្ចសន្យារបស់ Silva នៅគូប្រជែង Fulham នឹងត្រូវផុតកំណត់នៅក្នុងខែកក្កដា។ Terzic ស្ថិតក្រោមការពិចារណាដោយ Tottenham ដើម្បីជំនួស Thomas Frank នៅពេលដែល Frank ត្រូវបានបណ្តេញចេញនៅដើមរដូវកាលនេះ។
លោកCalum McFarlane នឹងចូលកាន់តំណែងជាអ្នកចាត់ការបណ្តោះអាសន្នរហូតដល់ចប់រដូវកាល។
McFarlane ដែលជាជំនួយការរបស់លោក Roseniorដែលបាន ទទួលបន្ទុកក្នុងលទ្ធផលស្មើ 1-1 ទល់នឹង Manchester City និងចាញ់ Fulham ក្នុងខែមករា បន្ទាប់ពីអ្នកចាត់ការមុនគឺលោក Enzo Maresca ត្រូវបានបណ្តេញចេញ។
ការប្រកួតដំបូងរបស់ McFarlane នឹងកើតឡើងនៅថ្ងៃអាទិត្យ នៅពេលដែល Chelsea ប៉ះ Leeds នៅកីឡដ្ឋាន Wembley សម្រាប់កក់កន្លែងមួយក្នុងវគ្គផ្តាច់ព្រ័ត្រ FA Cup៕










