កូនប្រុសញៀនថ្នាំកាន់ចបកាប់គំរាមសម្លាប់ឪពុកម្ដាយ ត្រូវនគរបាលស្រុកពញាឮឃាត់ខ្លួនក្រោយរត់គេច១៤ថ្ងៃ

ចែករំលែក៖

ខេត្តកណ្តាល÷ជនសង្ស័យជាកូនប្រុសដែលបែកថ្នាំកាន់ចបកាប់គំរាមកាប់សម្លាប់ឪពុកម្ដាយបង្កើតរបស់ខ្លួន ដោយសារតែសុំលុយមិនបាន ត្រូវបានកម្លាំងនគរបាលស្រុកពញាឮឃាត់ខ្លួនបានសម្រេច ក្រោយពីរត់គេចខ្លួនអស់រយៈពេល១៤ថ្ងៃ។ ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង ១៥និង៣០នាទី ថ្ងៃទី២១ មេសា ២០២៦ ស្ថិតនៅភូមិស្លែង ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្ដាល។

 

លោកវរសេនីយ៍ឯក ដួង តេង អធិការនគរបាលស្រុកពញាឮឲ្យដឹងថា ជនសង្ស័យឈ្មោះ ស៊ីត សី ភេទប្រុស អាយុ២៧ឆ្នាំ ជាកូនបង្កើត មានមុខរបរមិនពិត ប្រាកដ និងមានផ្ទុកសារធាតុញៀនក្នុងទឹកនោម។ ចំណែកជន រងគ្រោះទី១ ឈ្មោះ ស៊ីត សុន អាយុ៥៨ឆ្នាំ ត្រូវជាឪពុក និងទី២ ឈ្មោះ វ៉ន សារឿន អាយុ ៦១ឆ្នាំ ត្រូវជាម្ដាយ ដែលអ្នកទាំងបីមានទីលំនៅភូមិឃុំកើតហេតុខាងលើ។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងរួម មាន ចបកាប់ផ្លែដែកដងឫស្សីប្រវែង ១,២៥ម៉ែត្រ ចំនួន១។

 

លោកអធិការបានបន្តថា ដើមចមនៃហេតុការណ៍នេះគឺកាលពីថ្ងៃទី៧ មេសា ២០២៦ មានគណនីហ្វេសប៊ុកឈ្មោះ ប៊ុន ធឿន បានថតវីដេអូបង្ហោះចូលទំព័រហ្វេសប៊ុកស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បង្ហាញពីសកម្មភាពជនសង្ស័យកាន់ចបកាប់គំរាមកាប់សម្លាប់ឪពុកម្ដាយ ព្រោះតែសុំលុយមិនបាន។ ក្រោយទទួលបានព័ត៌មាននេះភ្លាម ដោយមានការបញ្ជាផ្ទាល់ពី លោកវរសេនីយ៍ឯក ដួង តេង កម្លាំងផ្នែកនគរបាលយុត្តិធម៌ និងប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រៃលាស់ បានចុះទៅដល់ចំណុចស្ពានចាម៉ូវភ្លាមៗ ប៉ុន្តែជនសង្ស័យបានរត់គេចខ្លួនចូលព្រៃបាត់។

 

លុះមកដល់ថ្ងៃទី២១ មេសា ២០២៦ ពេលកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រៃលាស់ចេញល្បាត ក៏ប្រទះឃើញជនសង្ស័យកំពុងនៅផ្ទះ ទើបធ្វើការឃាត់ខ្លួន រួមទាំងដកហូតវត្ថុតាងចបកាប់បញ្ជូនមកអធិការដ្ឋានតែម្ដង។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានកាន់ចបកាប់គំរាមសម្លាប់ឪពុកម្ដាយប្រាកដមែន ដោយសារខឹងសុំលុយមិនបានបូករួមទាំងខ្លួនកំពុងប្រើប្រាស់គ្រឿងញៀនផង។

 

បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកណ្ដាលចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print