សម្តេចធិបតី លោក វ៉ាង យី និងលោកនាយឧត្តមនាវី តុង ជុន បានបន្តផ្លាស់ប្តូរយោបល់អំពីការជំរុញកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរឱ្យកាន់ជិតស្និទ្ធ ក្នុងក្របខណ្ឌតំបន់ និងអន្តរជាតិ

ចែករំលែក៖

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតជូន លោក វ៉ាង យី (WANG Yi) រដ្ឋមន្ត្រី ក្រសួងការបរទេស និងលោកនាយឧត្តមនាវី តុង ជុន (DONG Jun) រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃសាធារណរដ្ឋ ប្រជាមានិតចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព កាលពីរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ក្នុងឱកាសដែលរដ្ឋមន្ត្រីទាំងពីរអញ្ជើញចូលរួមធ្វើ ជាសហប្រធាននៃកិច្ចប្រជុំលើកទី១ នៃយន្តការកិច្ចសន្ទនាយុទ្ធសាស្ត្រ “២+២” រវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រី ការពារជាតិកម្ពុជា-ចិន ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ។

 

លោក វ៉ាង យី (Wang Yi) និងលោកនាយឧត្តមនាវី តុង ជុន (Dong Jun) បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅរបស់កម្ពុជា ព្រមទាំងបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ លោក ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតី និង លោក លី ឈាង (Li Qiang) នាយករដ្ឋ មន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន ជូនចំពោះ សម្តេចធិបតី។

 

លោក វ៉ាង យី បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយថាមវន្តរបស់កម្ពុជា។ ឯកឧត្តមក៏បានអបអរសាទរ សម្តេចធិបតី ដែលបានដឹកនាំប្រទេសឱ្យសម្រេចបាននូវសន្ទុះអភិវឌ្ឍន៍លើគ្រប់ វិស័យ។ ជាមួយគ្នានេះ លោកបានគូសបញ្ជាក់ពីទំនាក់ទំនងមិត្តភាពដ៏រឹងមាំ និងយូរអង្វែង ដែលបានឈានដល់ កម្រិតនៃការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី។ លោក វ៉ាង យី បាន គូសបញ្ជាក់ថា ការអញ្ជើញចូលរួមរបស់ លោក និងលោកនាយឧត្តមនាវី តុង ជុន ក្នុងយន្តការកិច្ចសន្ទនា យុទ្ធសាស្ត្រ ២+២ នាពេលនេះ គឺជាការអនុវត្តតាមស្មារតីកុងសង់ស៊ីសរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ដើម្បី ជំរុញការអភិវឌ្ឍ ការលើកកម្ពស់ជីវភាពប្រជាជន និងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែស៊ីជម្រៅ បន្ថែមទៀត។

 

សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក វ៉ាង យី ឯកឧត្តមនាយឧត្តមនាវី តុង ជុន និងគណៈប្រតិភូ ដែលបានអញ្ជើញបំពេញទស្សនកិច្ចនៅកម្ពុជា នាឱកាសនេះ។ សម្តេចធិបតី ក៏បាន ផ្តាំផ្ញើនូវការសាកសួរសុខទុក្ខជូនចំពោះលោកប្រធានាធិបតី ស៊ី ជីនពីង និងលោកនាយករដ្ឋមន្ត្រី លី ឈាង។ សម្តេចធិបតី បានអបអរសាទរសមិទ្ធផលដ៏អស្ចារ្យដែលប្រទេសចិនសម្រេចបាន ព្រមទាំងបានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះមិត្តចិន ដែលតែងតែយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងការថែទាំ ព្យាបាលព្រះរោគ និងផ្តល់បដិ- សណ្ឋារកិច្ចកក់ក្តៅថ្វាយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ។

 

ជាមួយគ្នានេះ សម្តេចធិបតី ក៏បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃទំនាក់ទំនងទ្វេភាគី ដែលជាដៃគូយុទ្ធសាស្ត្រគ្រប់ ជ្រុងជ្រោយ និងជាមិត្តដែកថែប ព្រមទាំងបាននិងកំពុងខិតខំកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី។ សម្តេចធិបតី បានគូសរំលេចជាថ្មីនូវការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការបន្តពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យ ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។ សម្តេចធិបតី ក៏បាន បញ្ជាក់ជាថ្មីនូវការប្រកាន់ខ្ជាប់ឥតងាករេរបស់កម្ពុជានូវគោលការណ៍ចិនមួយ និងបានថ្លែងអំណរគុណចំពោះរដ្ឋា- ភិបាលនិងប្រជាជនចិន ដែលបានរួមចំណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា និងការលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាជនកម្ពុជា។

 

សម្តេចធិបតី និងលោក វ៉ាង យី រួមជាមួយលោកនាយឧត្តមនាវី តុង ជុន បានពិភាក្សាអំពីការជំរុញ កិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួមមាន៖ នយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្មនិងការវិនិយោគ ការពារជាតិ និងសន្តិសុខ ថាមពលស្អាត ការកសាងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងកសិកម្ម ជាដើម។ សម្តេចធិបតី លោក វ៉ាង យី និងលោកនាយឧត្តមនាវី តុង ជុន ក៏បានបន្តផ្លាស់ប្តូរយោបល់អំពីការជំរុញកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរឱ្យកាន់ជិតស្និទ្ធ ក្នុងក្របខណ្ឌតំបន់ និងអន្តរជាតិ។

...

 

សម្តេចធិបតី ក៏បានជម្រាបជូន លោក វ៉ាង យី លោកនាយឧត្តមនាវី តុង ជុន និងគណៈប្រតិភូ អំពីការវិវត្តថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ និងបានបញ្ជាក់សាជាថ្មីនូវជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហា ព្រំដែនដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ និងអនុលោមតាមអនុសញ្ញា សន្ធិសញ្ញា និង កិច្ចព្រមព្រៀងទ្វេភាគី ដែលមានស្រាប់រវាងកម្ពុជា-ថៃ៕ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print