Update៖ សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោក វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម 

ចែករំលែក៖

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសដែលឯកឧត្តមអញ្ជើញចូលរួមក្នុងកិច្ចប្រជុំសន្ទនាយុទ្ធសាស្ត្រ ២បូក២ រដ្ឋមន្ត្រីការបរទេស រដ្ឋមន្ត្រីការពារជាតិ កម្ពុជា-ចិន ដែលធ្វើឡើងនៅក្នុងប្រទេសកម្ពុជា នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នាព្រឹកថ្ងៃពុធ ៧កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦។

 

លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍ និងរីករាយដែលជួបលោក វ៉ាង យី សាជាថ្មី។ សម្ដេចតេជោបានចាត់ទុកលោកជាមិត្តចាស់របស់កម្ពុជាដែលបានធ្វើការជាមួយគ្នាជាយូរឆ្នាំមកហើយ។ សម្ដេចបានលើកឡើងអំពីដំណើររបស់រដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិរបស់ចិនមកកាន់ប្រទេសកម្ពុជានៅពេលនេះក្នុងការចូលរួមនៅក្នុងកិច្ចប្រជុំកិច្ចសន្ទនាយុទ្ធសាស្ត្រ ២បូក២ រវាងរដ្ឋមន្ត្រីការបរទេស រដ្ឋមន្ត្រីការពារជាតិ កម្ពុជា-ចិន គឺបង្ហាញយ៉ាងច្បាស់អំពីមិត្តភាពដ៏រឹងមាំរវាងកម្ពុជា និងចិន។សម្ដេចបានសង្កត់ធ្ងន់ថាទោះបីជាពិភពលោកនៅពេលបច្ចុប្បន្នមានការប្រែប្រួលយ៉ាងណាក្តី ប៉ុន្តែទំនាក់ទំនងមិត្តភាពរវាងកម្ពុជា និងចិន មិនមានការប្រែប្រួលឡើយ។

 

លោក វ៉ាង យី បានសម្ដែងនូវការអរគុណដែលសម្ដេចបានអនុញ្ញាតឱ្យឯកឧត្តមនិងសហការីបានចូលជួបសម្ដែងការគួរនៅពេលនេះ។ លោកពិតជារីករាយដែលបានជួបសម្ដេចតេជោជាថ្មីម្ដងទៀត ដែលជាមិត្តចាស់របស់ចិន។ លោកក៏នាំមកជាមួយនូវការសួរសុខទុក្ខពីលោកប្រធានាធិបតីចិន ស៊ី ជិនពីង ចំពោះសម្ដេចតេជោផងដែរ។ ឯកបានលើកឡើងថា លោកប្រធានាធិបតីក៏បានដឹងថា សម្ដេចតេជោ ថ្មីៗនេះបានទៅកាន់ប្រទេសចិនក្នុងការតាមដានអំពីព្រះរាជសុខភាពរបស់ព្រះព្រះមហាក្សត្រកម្ពុជា។ លោក វ៉ាង យី បានបញ្ជាក់ថា រដ្ឋាភិបាលចិនបានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការថែព្រះរាជសុខភាពរបស់ព្រះមហាក្សត្រកម្ពុជា។

 

ជាមួយគ្នានេះ លោកក៏បានលើកឡើងថា សម្ដេចតេជោគឺជាតួអង្គដ៏សំខាន់ក្នុងការពង្រឹងនូវចំណងមិត្តភាពរវាងកម្ពុជា និងចិន។ លោកក៏បានសង្កត់នូវពាក្យថាមិត្តភាពដែកថែបរវាងកម្ពុជានិងចិន គឺអាចកើតមានឡើងគឺដោយសារសម្ដេចតេជោដែលលោកបានខិតខំប្រឹងប្រែងនៅក្នុងការពង្រឹងចំណងមិត្តភាពកន្លងមក ហើយបន្តនៃចំណងមិត្តភាពដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត។ លោកបានលើកឡើងថា មិត្តភាពដែកថែបនេះ លោក ស៊ី ជីនពីង ធ្លាប់បានបញ្ជាក់ហើយថា មិនមែនមិត្តភាពដែកថែបមានតែឈ្មោះទេ ប៉ុន្តែគឺជាមិត្តភាពដែកថែបដែលបានអនុវត្តជាក់ស្ដែងជាមួយគ្នា។

 

លោកក៏បានរាយការណ៍ជូនសម្ដេចតេជោអំពីលទ្ធផលនៃកិច្ចសន្ទនាយុទ្ធសាស្ត្រ ២បូក២ រដ្ឋមន្ត្រីការបរទេស រដ្ឋមន្ត្រីការពារជាតិ កម្ពុជា-ចិន ដែលបានប្រជុំជជែកពិភាក្សាគ្នា និងបានសម្រេចបានលទ្ធផលល្អៗជាច្រើនក្នុងការពង្រឹងទៅលើទំនាក់ទំនងទ្វេភាគីរវាងកម្ពុជានិងចិនឱ្យកាន់តែរឹងមាំបន្ថែមទៀត។

 

សម្ដេចតេជោបានសម្ដែងនូវការពេញចិត្តយ៉ាងខ្លាំងចំពោះការលើកឡើងរបស់លោក វ៉ាង យី។ សម្ដេចក៏បានផ្ដាំតាមរយៈឯកឧត្តម វ៉ាង យី ក្នុងការសួរសុខទុក្ខទៅកាន់ឯកឧត្តមប្រធានាធិបតីចិន ស៊ី ជិនពីង ផងដែរ។ សម្ដេចតេជោក៏បានអរគុណចំពោះលោកប្រធានាធិបតីផងដែរ ដែលបានសួរសុខទុក្ខដល់សម្ដេច។

សម្ដេចតេជោរីករាយចំពោះលទ្ធផលនៃកិច្ចសន្ទនាយុទ្ធសាស្ត្រ ២បូក២ រដ្ឋមន្ត្រីការបរទេស រដ្ឋមន្ត្រីការពារជាតិ កម្ពុជា-ចិន ដែលបានធ្វើនៅក្នុងប្រទេសកម្ពុជានេះ ហើយសង្ឃឹមថា ទំនាក់ទំនងរវាងកម្ពុជា និងចិនកាន់តែរឹងមាំបន្ថែមទៀត ហើយឆ្លងកាត់តាមរយៈកិច្ចសន្ទនាយុទ្ធសាស្ត្រនេះ អ្វីដែលជាការកត់សម្គាល់សម្ដេចតេជោបានជំរុញទៅកាន់ភាគីចិន គឺស្នើឱ្យភាគីចិនបន្តនូវការគាំទ្រដល់រដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍសេដ្ឋកិច្ច។ សម្ដេចបានសង្កត់ធ្ងន់ទៅលើចំណុចស្នូលនៃទំនាក់ទំនង គឺទៅលើសេដ្ឋកិច្ចដែលកម្ពុជាចង់ពង្រឹងនូវភាពធន់ផ្នែកសេដ្ឋកិច្ចនេះឱ្យបានកាន់តែរឹងមាំ។ សម្ដេចតេជោក៏បានអរគុណចំពោះមិត្តចិនដែលបានគាំទ្រ និងជួយជ្រោមជ្រែងដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជាកន្លងមកជាពិសេសគឺការផ្ដល់ជំនួយក្នុងការកសាងនូវហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជា ដែលការជួយរបស់ចិនបានចូលរួមចំណែកនៅក្នុងការពង្រឹងនូវសេដ្ឋកិច្ចរបស់កម្ពុជាឱ្យបានរឹងមាំ។

 

លោក វ៉ាង យី ក៏បានលើកឡើងដោយសរសើរចំពោះភាពរីកចម្រើននៅក្នុងប្រទេសកម្ពុជា។ លោកបានសរសើរពីភាពរីកចម្រើនផ្នែកសេដ្ឋកិច្ច្ច ក៏ដូចជាវិស័យផ្សេងៗទៀត ជាពិសេសគឺមានអគារខ្ពស់ៗ អគារធំៗជាច្រើនដែលកើតមានឡើង ហើយរដ្ឋាភិបាលចិននៅតែបន្តគាំទ្រចំពោះការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជា ដែលស្របទៅនឹងសហគមន៍ជោគវាសនារួមដែលប្រទេសទាំងពីរបានធ្វើជាមួយគ្នា ហើយក៏ស្របទៅនឹងផលប្រយោជន៍រវាងប្រជាជនកម្ពុជា និងប្រជាជនចិនផងដែរ

...

 

ជាចុងក្រោយ សម្ដេចតេជោ ហ៊ុន សែន បានជូនពរឲ្យលោក វ៉ាង យី បំពេញបេសកកម្មនៅក្នុងប្រទេសកម្ពុជាទទួលបាននូវភាពជោគជ័យ៕ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print