ខេត្តតាកែវ៖ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦នេះ មន្ត្រីកាំកុងត្រូលខេត្តតាកែវ រួមនឹងអាជ្ញាធរស្រុកទ្រាំង បានចុះបិទទីតាំងផលិតនិងកែឆ្នៃប្រហុកមួយកន្លែងស្ថិតនៅភូមិព្រៃទូក ឃុំអង្កាញ់ ស្រុកទ្រាំង ខេត្តតាកែវ នឹងយកប្រហុកជាច្រើនរយគីឡូក្រាមទៅកប់ចោល បន្ទាប់ពីធ្វើការពិសោធន៍និងរកឃើញសារធាតុគីមីFormalin ដែលជាសារធាតុម្យ៉ាងរក្សាគុណភាពសាច់ប្រហុកកុំឲ្យស្អុយ។
បើតាមការឲ្យដឹងពីប្រជាពលរដ្ឋដែលរស់ក្បែរទីតាំងផលិតប្រហុកខាងលើបានឲ្យដឹងថា កន្លែងផលិតនិងកែឆ្នៃប្រហុកនេះបានដំណើការជាច្រើនខែមកហើយ ដោយមិនមានអាជ្ញាធរណាមកអើតមើលនោះទេ ដល់តែបែកធ្លាយព័ត៌មានតាមរយៈកាសែតនិងទូរទស្សន៍មួយចំនួន ទើបឃើញអាជ្ញាធរនិងមន្ត្រីជំនាញខ្វែងដៃខ្វែងជើងមកពិសោធន៍រកសារធាតុគីមីដែលបង្កគ្រោះថ្នាក់ដល់សុខភាព។
ប្រភពពីពលរដ្ឋដដែលបន្ថែមទៀតថា ទីតាំងផលិតនិងកែឆ្នៃប្រហុកនេះ មិនមែនមានតែ១កន្លែងដែលមន្ត្រីជំនាញចុះមកបិទនោះទេ គឺតាមផ្ទះប្រជាពលរដ្ឋមួយចំនួនក្នុងឃុំអង្កាញ់ ក៏ទទួលយកប្រហុកមកកែឆ្នៃដែរ ដោយក្រុមឈ្មួញដឹកយកមកពីប្រទេសវៀតណាមជាច្រើនតោនក្នុងមួយថ្ងៃៗ ជាប្រភេទប្រហុកត្រីរ៉ស់ត្រីឆ្តោធំៗ យកមកចែកចាយឲ្យពលរដ្ឋនៅតាមភូមិកាប់ចិញ្ច្រាំឲ្យតូចៗ មុននិងយកទៅលក់នៅតំបន់ផ្សេងៗទៀត៕
...
ដោយ៖ ជីសូរិកា