ប្រច័ណ្ឌអតីតសង្សារ កាន់កាំបិតប៉័ងតោគំរាមសម្លាប់មួយគ្រួសារ ត្រូវនគរបាលក្រុងអរិយក្សត្រឃាត់ខ្លួន

ចែករំលែក៖

ខេត្តកណ្តាល÷កម្លាំងនគរបាលក្រុងអរិយក្សត្រ បានចុះឃាត់ខ្លួនជនសង្ស័យម្នាក់ដែលធ្លាប់មានប្រវត្តិជាប់ពន្ធនាគារ និងមានផ្ទុកសារធាតុញៀន ក្រោយពីរូបគេបានកាន់កាំបិតប៉័ងតោដេញកាប់គេឯង និងគំរាមសម្លាប់អតីតសង្សារមួយគ្រួសារដោយសារតែភ្លើងប្រច័ណ្ឌ។

ហេតុការណ៍ឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃទី២២ មេសា ២០២៦ នៅចំណុចតូបលក់ដូររបស់ជនរងគ្រោះក្នុងតំបន់ 7NG ស្ថិតក្នុងភូមិព្រែកលួង សង្កាត់ព្រែកលួង ក្រុងអរិយក្សត្រ ខេត្តកណ្ដាល។

លោកវរសេនីយ៍ទោ រស់ បាលីន អធិការនគរបាលក្រុងអរិយក្សត្រឲ្យដឹងថា ដើមបណ្ដឹងក្នុងករណីនេះមាន ឈ្មោះ ឡោះ សាមណេ ភេទស្រី អាយុ៤៧ឆ្នាំ មុខ របរលក់ដូរ។ ចំណែកជនរងគ្រោះឈ្មោះ គយ ម៉េងជូ ភេទស្រី អាយុ១៥ឆ្នាំ ត្រូវជាកូនស្រីដើមបណ្ដឹង រួមទាំងយុវជនម្នាក់ទៀតឈ្មោះ សល់ តុងហៅ ១៨ឆ្នាំ។ ដោយ ឡែកជនសង្ស័យឈ្មោះតុក នន់ ភេទប្រុស អាយុ២៤ឆ្នាំ  ជាបុគ្គលិកអាហារដ្ឋានយីហោ «ចងចាំ» មានផ្ទុកសារធាតុញៀន និងធ្លាប់ជាប់ពន្ធនាគារខេត្តត្បូងឃ្មុំរយៈពេល១ឆ្នាំពីបទហិង្សាដោយចេតនា។ វត្ថុតាងដែលសមត្ថកិច្ចដកហូតបានមាន កាំបិតប៉័ងតោផ្លែដែកដងឈើប្រវែង ២តឹក៨ហ៊ុន ចំនួន១។

លោកអធិការបានបន្តថា កន្លងមកជនសង្ស័យ និងយុវតីរងគ្រោះឈ្មោះ គយ ម៉េងជូ ធ្លាប់ធ្វើការជាមួយគ្នា និងស្រឡាញ់គ្នាបានមួយរយៈ ក៏ចែកផ្លូវគ្នាវិញ ហើយយុវតីរងគ្រោះបានឈប់ធ្វើការមកជួយលក់ដូរឪពុក ម្ដាយនៅចំណុចកើតហេតុ។ លុះដល់ថ្ងៃទី១៤ មេសា ២០២៦ យុវជនឈ្មោះ សល់ តុងហៅ បានជិះម៉ូតូមកទិញបារីនៅតូបជនរងគ្រោះ។ ពេលនោះជនសង្ស័យក៏កើតក្ដីប្រច័ណ្ឌ បានទាញកាំបិតប៉័ងតោជិះកង់អាគុយទៅសួរនាំថា «ពួកហ្ហែងញ៉ែសង្សារអញមែន?» រួចក៏ដេញកាប់ ធ្វើឲ្យយុវជនរូបនោះភ័យផ្ដួលម៉ូតូរត់ឲ្យគេជួយ និងទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាល។

លុះមកដល់វេលាម៉ោង ១០និង០០នាទីព្រឹក ថ្ងៃទី២២ មេសា ២០២៦ ពេលមានបុរស២នាក់យកម៉ូតូមកឲ្យឪពុកយុវតីរងគ្រោះប៉ះកង់ ជនសង្ស័យក៏កើតក្ដីប្រច័ណ្ឌម្ដងទៀត ហើយបានស្រែកគំរាមបុរសទាំងនោះ។ មិនតែប៉ុណ្ណោះ ជនសង្ស័យបានគំរាមទៅក្រុមគ្រួសារយុវតីរងគ្រោះទៀតថា «បើពួកហ្ហែងចង់សុខ ឆាប់រើឥវ៉ាន់ចេញពីទីនេះទៅ ចាំមើលយប់ហ្នឹង អញនឹងសម្លាប់ពួកហ្ហែងចោលមួយគ្រួសារតែម្ដង!»។ ពេលឮដូច្នេះ ជនរង គ្រោះមានការភិតភ័យយ៉ាងខ្លាំង ក៏ទូរស័ព្ទប្ដឹងសមត្ថកិច្ចឲ្យចុះមកអន្តរាគមន៍ឃាត់ខ្លួនតែម្ដង។

...

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានគំរាមកំហែងថានឹងសម្លាប់ក្រុមគ្រួសារនារីរងគ្រោះ និងជនរងគ្រោះផ្សេងទៀតពិតប្រាកដមែន។ បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបាននាំមកកាន់អធិការដ្ឋាននគរបាលក្រុងអរិយក្សត្រ ដើម្បីបន្តអនុវត្តតាមនីតិវិធីច្បាប់ ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print