ជីតាជាអាចារ្យវត្តបាត់ចៅប្រុសខំដើររក ស្រាប់តែឃើញស្បែកជើងមាត់ស្រះទឹក ចុះរាវរកទើបដឹងថាចៅលង់ទឹកស្លាប់

ចែករំលែក៖

ខេត្តកណ្តាល÷ក្មេងប្រុសអាយុ៥ឆ្នាំម្នាក់លង់ទឹកស្លាប់យ៉ាងអាណោចអាធ័មនៅក្នុងស្រះទឹកក្នុងវត្ត បន្ទាប់ពីជីតាបាត់ចៅដើររកមិនឃើញ។ លុះមកមាត់ស្រះឃើញស្បែកជើង ក៏សង្ស័យចុះរាវទើបប្រទះឃើញសពចៅ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១២ និង៣០នាទី ថ្ងៃទី២២ មេសា ២០២៦ នៅចំណុចស្រះ ទឹកក្នុងវត្តសុវណ្ណសាគរ ស្ថិតក្នុងភូមិអរិយក្សត្រ សង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្តាល។

លោកវរសេនីយ៍ត្រី អាន សំអុល នាយប៉ុស្តិ៍នគរបាលរដ្ឋបាលអរិយក្សត្រ បានឲ្យដឹងថា កុមាររងគ្រោះមាន ឈ្មោះ ហេង លីហួរ ៥ឆ្នាំ រស់នៅក្នុងបន្ទុកជាមួយជីតាឈ្មោះ ស្រូយ លាង អាយុ៨០ឆ្នាំ ជាគណៈកម្មការវត្តសុវណ្ណសាគរ និងមានទីលំនៅស្នាក់នៅក្នុងវត្តកើតហេតុខាងលើ។

តាមការបំភ្លឺរបស់លោកតាប្រាប់សមត្ថកិច្ចថា សព្វថ្ងៃគាត់ទាំងពីរនាក់តាយាយបានមកស្នាក់នៅក្នុងវត្តជា មួយចៅ ហើយរាល់ព្រឹកចៅតែងរត់លេងក្នុងវត្តដូចសព្វ មួយដង។ លុះមុនពេលកើតហេតុ យាយបានហៅរកចៅតែមិនឃើញ ក៏ស្រែកប្រាប់គាត់ឲ្យជួយរក។ ពេលនោះគាត់បានជិះកង់ដើរសួរគេឯង តែនៅតែរកមិនឃើញ។ ក្រោយមក លុះត្រឡប់មកក្នុងវត្តវិញដើរមើលតាមស្រះ ទឹក ស្រាប់តែឃើញស្បែកជើងចៅម្ខាងនៅលើគោក និងម្ខាងទៀតនៅក្នុងទឹក។ ដោយមានការសង្ស័យ គាត់ក៏ បានចុះរាវរកមួយសន្ទុះ ទើបរាវប៉ះដៃចៅ និងទាញយកមកលើគោក ប៉ុន្តែចៅបានស្លាប់បាត់បង់ជីវិតទៅហើយ ទើបរាយការណ៍ប្រាប់សមត្ថកិច្ចឲ្យចុះមកពិនិត្យ។

ក្រោយពេលសមត្ថកិច្ចជំនាញចុះមកពិនិត្យកន្លែងកើតហេតុ និងពិនិត្យលើដងខ្លួនអវយវៈសព ដោយមានការចូលរួមពីគ្រូពេទ្យផងនោះ គឺពុំឃើញមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ ដោយសន្និដ្ឋានថាកុមាររងគ្រោះពិតជាស្លាប់ដោយសារការលង់ទឹកប្រាកដមែន។ បច្ចុប្បន្ន សពត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារដើម្បីយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print