ខេត្តកណ្ដាល៖ មានករណីគ្រោះថ្នាក់ចរាចរណ៍បុរសម្នាក់បើករថតន្តរ៉េចង្កូតបុករះផ្ទះ៤ខ្នង នៅស្រុកពញាឮបណ្ដាលឲ្យអ្នកបើកបររងរបួសធ្ងន់។
ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោងប្រហែល៦នឹង៥០នាទីយប់ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ នៅលើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ២៤-២៥ ស្ថិតក្នុងភូមិព្រែកក្ដី ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល បង្កឲ្យមានការភ័យខ្លាចក្នុងចំណោមប្រជាពលរដ្ឋនៅក្បែរតំបន់នោះ។
តាមព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា រថយន្តមួយគ្រឿងម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3F-9490 បើកបរដោយបុរសម្នាក់ឈ្មោះ លៀង ដែន អាយុ ៤៦ឆ្នាំ មានទីលំនៅក្នុងខេត្តកំពង់ធំ បានធ្វើដំណើរពីទិសត្បូងទៅជើង (ភ្នំពេញ ទៅព្រែកក្តាម)។ លុះមកដល់ចំណុចកើតហេតុ អ្នកបើកបរបានព្យាយាមគេចរថយន្តមួយគ្រឿងដែលកំពុងចេញពីផែ បណ្តាលឲ្យរេចង្កូតទៅខាងឆ្វេង ហើយបុកចូលផ្ទះប្រជាពលរដ្ឋជាប់ផ្លូវ។
ហេតុការណ៍នេះបណ្ដាលឲ្យអ្នកបើកបររងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យភ្នំពេញ។ ចំណែករថយន្តបានរងការខូចខាតស្រាល ខណៈផ្ទះប្រជាពលរដ្ឋមួយខ្នងរងការខូចខាតផ្នែកខាងមុខ ព្រមទាំងសំយ៉ាបសម្រាប់លក់ដូរចំនួន៣ និងសម្ភារលក់ដូរប្រចាំថ្ងៃជាច្រើនក៏រងការខូចខាតផងដែរ។
យោងតាមការបញ្ជាក់ ផ្ទះដែលរងផលប៉ះពាល់ស្ថិតក្រោមម្ចាស់ចំនួន ៤នាក់រួមមាន ឆយ ស្រីនៀត, ឆយ គន្ធា, ហង្ស បញ្ញា និងនុត វាសនា ដែលរស់នៅក្នុងភូមិកើតហេតុខាងលើ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំង ដើម្បីធ្វើការត្រួតពិនិត្យ និងរៀបចំសណ្តាប់ធ្នាប់ ខណៈរថយន្តត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីបន្តតាមនីតិវិធី៕
ដោយ៖ ជ្រោយពេជ្រ










