ខេត្តមណ្ឌលគិរី ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងនៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ នេះ នៅលើផ្លូវជាតិលេខ៧៦ ត្រង់ចំណុចភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ដែលបានឆក់យកជីវិតយុវជន ២នាក់ភ្លាមៗនៅនឹងកន្លែង។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង ៧:១២នាទីព្រឹក រវាងរថយន្ត FORD RANGER (ស្លាកលេខ មណ្ឌលគិរី 2A-2222) និងម៉ូតូ Exciter ពណ៌ខ្មៅ (គ្មានស្លាកលេខ)។ជនរងគ្រោះយុវជនឈ្មោះ ចិត្ត សុចាន់ អាយុ ១៧ឆ្នាំនិង ខន ធៀវ អាយុ ១៦ឆ្នាំបានស្លាប់បាត់បង់ ជីវិតទាំងពីរនាក់ ខណៈជិះម៉ូតូបុកជាមួយរថយន្ត។
មូលហេតុ រថយន្តបានបត់ឆ្វេងឆ្លងផ្លូវដើម្បីចូលចាក់សាំងក្នុងស្ថានីយ Caltex ស្រាប់តែម៉ូតូដែលបើកបរក្នុងល្បឿនលឿនក្នុងទិសដៅបញ្ច្រាសគ្នា ជ្រុលមកបុករថយន្តចំពីមុខពេញទំហំ។
បច្ចុប្បន្ន រថយន្ត និងម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ ដើម្បីដោះស្រាយតាមច្បាប់។ ចំណែកសពជនរងគ្រោះ ត្រូវបានកម្លាំងជំនាញប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្តីក្តុកក្តួលបំផុត។
អាជ្ញាធរ សូមអំពាវនាវដល់អ្នកបើកបរទាំងអស់ ត្រូវប្រុងប្រយ័ត្នខ្ពស់នៅពេលបត់ឆ្វេងឆ្លងផ្លូវ និងកុំបើកបរលើសល្បឿនកំណត់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ជាយថាហេតុបែបនេះ៕
ដោយ៖ សុរិយា










