ការបំពេញកាតព្វកិច្ចយោធារបស់យុវជនកម្ពុជា ជាភារកិច្ចដ៏មានសារៈសំខាន់មួយសម្រាប់ការពារ និងអភិវឌ្ឍប្រទេសជាតិ។ វាមិនត្រឹមតែជាការបំពេញកាតព្វកិច្ចជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់យុវជនផ្ទាល់ និងសង្គមទាំងមូលផងដែរ។
ជាដំបូង សម្រាប់យុវជន ការចូលរួមបំពេញកាតព្វកិច្ចយោធា អាចជួយបង្កើនវិន័យ និងការទទួលខុសត្រូវក្នុងជីវិតប្រចាំថ្ងៃ។ ជីវិតយោធាត្រូវការការគោរពវិន័យយ៉ាងតឹងរឹង ដូច្នេះវាធ្វើឲ្យយុវជនមានទម្លាប់ល្អ និងគោរពច្បាប់សង្គម។ លើសពីនេះ ការហ្វឹកហាត់រាងកាយ និងការរស់នៅក្នុងបរិយាកាសមានវិន័យ ធ្វើឲ្យយុវជនមានសុខភាពរឹងមាំ កម្លាំងកាយល្អ និងមានភាពអត់ធ្មត់ខ្ពស់។ មិនត្រឹមតែប៉ុណ្ណោះ យុវជនក៏អាចរៀនជំនាញថ្មីៗជាច្រើន ដូចជា ការងារជាក្រុម ការដឹកនាំ និងការដោះស្រាយបញ្ហា ដែលជាជំនាញសំខាន់សម្រាប់អនាគត។ ការបំពេញកាតព្វកិច្ចនេះក៏ជួយបង្កើនស្មារតីស្នេហាជាតិ និងធ្វើឲ្យយុវជនយល់ពីតម្លៃនៃសន្តិភាពផងដែរ។
បន្ទាប់មក សម្រាប់សង្គម ការមានយុវជនចូលរួមក្នុងវិស័យយោធា ជួយបង្កើនសន្តិសុខ និងស្ថិរភាពជាតិ។ កម្លាំងយុវជនដែលមានវិន័យ និងសមត្ថភាព អាចជួយការពារប្រទេសពីគ្រោះថ្នាក់ និងបញ្ហាផ្សេងៗ។ ជាមួយគ្នានេះ វាក៏ជួយកាត់បន្ថយបញ្ហាអវិជ្ជមានក្នុងសង្គម ដោយយុវជនមានការងារធ្វើ និងមានគោលបំណងច្បាស់លាស់ក្នុងជីវិត។ ការប្រមូលផ្តុំយុវជនពីតំបន់ផ្សេងៗ ក៏ជួយបង្កើនភាពសាមគ្គី និងការយោគយល់គ្នានៅក្នុងសង្គមផងដែរ។ លើសពីនេះ កម្លាំងយោធាអាចចូលរួមក្នុងសកម្មភាពសង្គម ដូចជា ការជួយសង្គ្រោះពេលមានគ្រោះមហន្តរាយ និងការអភិវឌ្ឍសហគមន៍។
ការបំពេញកាតព្វកិច្ចយោធារបស់យុវជនកម្ពុជា មានអត្ថប្រយោជន៍យ៉ាងច្រើនទាំងផ្នែកបុគ្គល និងសង្គម។ វាជួយបង្កើតយុវជនដែលមានវិន័យ សមត្ថភាព និងស្មារតីស្នេហាជាតិ ខណៈពេលដែរ វាជួយអភិវឌ្ឍសង្គមឲ្យមានសន្តិសុខ សាមគ្គីភាព និងការរីកចម្រើនយ៉ាងចីរភាព៕
ដោយ៖ លោកតា










