ខេត្តបន្ទាយមានជ័យ៖ ពន្ធនាគារខេត្ត បើកកិច្ចប្រជុំពិនិត្យសំណើបន្ធូរបន្ថយ ទោសនៅ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦នេះ។
លោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្ត តំណាងឲ្យឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត បានចូលរួម ក្នុងកិច្ចប្រជុំបន្ធូរបន្ថយទោស និង លើកលែងទោសជូនដល់ទណ្ឌិតចំនួន៧នាក់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ឆ្នាំ២០២៦ ។ ក្នុងនោះមានការចូលរួមពី លោក ទេព ឃុនឆ័យ ព្រះរាជអាជ្ញារង តំណាង ឯកឧត្តមកើត វណ្ណារ៉េត ព្រះរាជអាជ្ញានៃអយ្យការអបសាលាដំបូងខេត្ត និងលោក ឧត្តមអគ្គានុរក្ស. ២ អ៊ុង ស៊ីផាន ប្រធានពន្ធនាគារ លោក លោកស្រី អនុប្រធានពន្ធនាគារខេត្ត មន្ត្រីជំនាញ និង លោកវរសេនីយ៍ឯក សួន សុត្ថារ័ត្ន នាយការិយាល័យ បច្ចេកទេសវិទ្យាសាស្ត្រតំណាងស្នងការដ្ឋាន នគរបាលខេត្តបន្ទាយមានជ័យ ។
លោក ទេព ឃុនឆ័យ ព្រះរាជអាជ្ញារងខេត្ត និងលោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្ត បានមានប្រសាសន៍ថាជារៀងរាល់ឆ្នាំពេលមានកម្មវិធីបុណ្យជាតិ រាជរដ្ឋាភិបាលតែងតែធ្វើការស្នើសុំដល់ព្រះមហាក្សត្រ ដើម្បីធ្វើការបន្ធូរបន្ថយទោសនិងលើកលែងទោសដល់ទណ្ឌិតដែលបានខិតខំអប់រំកែប្រែខ្លួនបានល្អ ។ជាមួយគ្នានោះដែរ លោកអភិបាលរងខេត្តក៏បានណែនាំ និងផ្ដាំផ្ញើទៅកាន់ទណ្ឌិតទាំងអស់ដែលត្រូវបានបន្ធូរបន្ថយទោស និង លើកលែងទោស នៅពេលដែលទទួលបានសេរីភាពត្រឡប់ទៅលំនៅឋានវិញ ត្រូវខិតខំកសាងខ្លួនឱ្យក្លាយជាពលរដ្ឋល្អក្នុងសហគមន៍ ជាកូនល្អ ឪពុកម្តាយល្អ និងត្រូវជៀសវាងឱ្យដាច់ខាតនូវការប្រព្រឹត្តបទល្មើសសារជាថ្មី ដែលនាំឱ្យប៉ះពាល់ដល់សន្តិសុខសង្គម និងអនាគតខ្លួនឯង”។
ជាទីបញ្ចប់លោកអភិបាលរងខេត្ត សូមថ្លែងអំណរគុណនិងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ ក៏ដូចជាមន្ត្រីពន្ធនាគារខេត្តទាំងអស់ ដែលបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការងារគ្រប់គ្រងទណ្ឌិត ក៏ដូចជាពិរុទ្ធជនបានល្អប្រសើរ និងការផ្ដល់នូវចំណេះដឹង និងជំនាញវិជ្ជាជីវៈបច្ចេកទេសផ្សេងៗ ដើម្បីជាទុនសម្រាប់ទណ្ឌិតយកទៅប្រកបរបរចិញ្ចឹមជីវិតដោយសុច្ចរិត ក្រោយពេលចេញពីពន្ធនាគារត្រឡប់ទៅសហគមន៍ ជួបជុំក្រុមគ្រួសារ ៕
ដោយ៖ វណ្ណា










