ភ្នំពេញ៖ កម្ពុជា-លីទុយអានី បានឯកភាពគ្នា និងធ្វើការសិក្សាលទ្ធភាពដើម្បីបង្កើតនូវកិច្ចសហប្រតិបត្តិការរួមលើវិស័យសកម្មភាពមីន ។
លោក លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីនបានបញ្ជាក់ឱ្យដឹងក្នុងជំនួបពិភាក្សាការងារជាមួយលោក Kestutis Budrys រដ្ឋមន្ត្រីក្រសួងការបរទេស នៃសាធារណរដ្ឋលីទុយអានី កាលពីរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ នៅទីស្នាក់ការអាជ្ញាធរមីន ។
ក្នុងជំនួបនោះ លោក ទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងអំពីសមិទ្ទផលសម្រេចបានរបស់កម្ពុជាលើវិស័យសកម្មភាពមីន ជាង ៣០ឆ្នាំ និងការរួមចំណែករបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចការបោសសម្អាតមីន ទៅកាន់បណ្តាប្រទេសនានាជុំវិញពិភពលោក។ ជាមួយគ្នានោះ លោក លី ធុជ បានសង្កត់ធ្ងន់ថា បច្ចុប្បន្ននេះ សម្ភារៈរាវរកគ្រាប់មីន ត្រូវតែទំនើប និងមានប្រសិទ្ធភាពខ្ពស់ ដើម្បីឆ្លើយ តបនឹងតម្រូវការសុវត្ថិភាព និងស្របទៅនឹងការវិវត្តជាក់ ស្តែងនៃបច្ចេកវិទ្យាថ្មីៗ ហើយប្រទេសកម្ពុជា ត្រូវបានប្រើជាកន្លែងសាកល្បងបច្ចេកវិទ្យាសម្រាប់រាវរកគ្រាប់មីននេះ។
ទន្ទឺមនឹងនេះ លោក ទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងថា ប្រទេសលីទុយអានី អាចពិចារណាយកសម្ភារៈរាវរកគ្រាប់មីន និងគ្រឿងចក្រកម្ទេចគ្រាប់មីនថ្មីដែលខ្លួនបានបង្កើត មកធ្វើតេស្តសាកល្បងបច្ចេកវិទ្យានៅប្រទេសកម្ពុជា ដើម្បីបង្កើនប្រសិទ្ធភាព ផងដែរ។
ក្នុងជំនួបនោះ លោក រដ្ឋមន្ត្រីក្រសួងការបរទេសលីទុយអានី បានកោតសរសើរចំពោះការរួមចំណែករបស់កម្ពុជា ក្នុងការងារសកម្មភាពមីនសកល ជាពិសេសការចូល រួមបណ្តុះបណ្តាលជំនាញបច្ចេកទេសបោសសម្អាតមីនដល់ប្រទេសអ៊ុយក្រែន ក៏ដូចជាចែករំលែកបទពិសោធន៍ការងារបោសសម្អាតមីនទៅបណ្តាប្រទេសនានាដែលរងផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ជុំវិញពិភពលោក។
សូមបញ្ជាក់ថា៖ ក្នុងជំនួបទ្វេភាគីនេះផងដែរ ភាគីទាំងពីរ កម្ពុជា-លីទុយ អានី បានឯកភាពគ្នា និងធ្វើការសិក្សាលទ្ធភាពដើម្បីបង្កើតនូវកិច្ចសហប្រតិបត្តិការរួមលើវិស័យសកម្មភាពមីន ៕ ដោយ សំរិត










