ភ្នំពេញ៖ ស្ត្រីម្នាក់កំពុងមានក្តីបារម្ភយ៉ាងខ្លាំង ក្រោយប្ដីរបស់ខ្លួនបានចេញទៅរត់កង់បីតាំងពីយប់មិញ ហើយបាត់ដំណឹងរហូតមកដល់ពេលនេះ មិនទាន់ឃើញត្រឡប់មកផ្ទះវិញ និងមិនអាចទាក់ទងបាន។
តាមការបញ្ជាក់ពីស្ត្រីជាប្រពន្ធ ប្ដីរបស់គាត់បានបាត់ខ្លួនចាប់តាំងពីវេលាម៉ោងប្រមាណ ២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ខណៈចេញទៅប្រកបរបររត់កង់បីដូចសព្វដង។
អ្វីដែលធ្វើឲ្យក្រុមគ្រួសារកាន់តែព្រួយបារម្ភនោះ គឺក្រោយមកមានការប្រទះឃើញកង់បីរបស់ប្ដី ត្រូវបានគេដុតបំផ្លាញនៅសល់តែគ្រោងប៉ុណ្ណោះ ខណៈម៉ាស៊ីន ផ្លាកលេខ និងកង់ទាំង៣គ្រាប់ ត្រូវបានដោះយកបាត់ ដែលបង្កការសង្ស័យថា អាចមានជាប់ពាក់ព័ន្ធនឹងអំពើល្មើសណាមួយ។
ក្រោយទទួលដំណឹងនេះ ស្ត្រីជាប្រពន្ធបានទៅដាក់ ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលពន្សាំង ខណ្ឌព្រែកព្នៅ ដើម្បីស្នើសុំឲ្យសមត្ថកិច្ចជួយស្រាវជ្រាវស្វែងរកប្ដី និងបំភ្លឺការពិតនៃករណីនេះ៕
ដោយ៖ សុរិយា










