ភ្នំពេញ ៖ ចោរម្នាក់ចាក់សាក់ពេញខ្លួនដែលសមត្ថកិច្ចប្រាប់ថា គឺជាមុខសញ្ញាជើងចាស់ជំនាញខាងឆក់យកទ្រព្យសម្បត្តិអ្នកដំណើរតាមផ្លូវជាច្រើនករណីក្នុងពេលកន្លងមកនោះ ពេលនេះ បានធ្វើសកម្មភាពឆក់ខ្សែ.ក ពីបុរសម្នាក់ដែលកំពុងឈរទិញផ្លែឪឡឹកជាមួយប្រពន្ធ ។
ប៉ុន្តែលើកនេះស៊យធំ ព្រោះឆក់ប៉ះចំជនរងគ្រោះ២នាក់ប្ដីប្រពន្ធខាងលើ ក្លាហានដែរ ក៏ចាប់ក្របួច កអាវផង និងទាញកាងម៉ូតូលោកចោរផង បណ្ដាលឲ្យរេចង្កូតធ្លាក់ចូលប្រឡាយ ទើបរត់មិនរួច ។ ពេលនោះ រឿងមិននឹកស្មានដល់ក៏កើតឡើង ស្រាប់តែលោកចោរសម្ដែងធ្វើជាស្រែកចោទប្រកាន់ជនរងគ្រោះថា ជាចោរឆក់ខ្សែក ខ្លួនទៅវិញ ដើម្បីឲ្យខ្លួនឯងរួចខ្លួន និងមានឱកាសរត់គេចខ្លួន ។ ប៉ុន្តែខណៈនោះ ប្រជាពលរដ្ឋមានទៅជឿលោកចោរនោះឯណា ហើយក៏នាំគ្នាជួយចាប់ចោរនោះវាយទាត់ធាក់ម្នាក់១ដៃ១ជើង រួចទើបប្រគល់ឲ្យនគរបាលចាត់ការតាមច្បាប់ ។
ហេតុការណ៍នោះ បានកើតឡើងកាលពីវេលាម៉ោង៥និង២០ទីល្ងាចថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ នៅតាមផ្លូវបេតុងវត្តពោធិ៍វ័ន្ត ស្ថិតនៅក្នុងភូមិត្រពាំងអញ្ចាញ២ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ចោរឆក់ខាងលើនោះ ឈ្មោះសេង សីហា ហៅ លាភ អាយុ២០ឆ្នាំ មានទីលំនៅភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ចំណែកជនរងគ្រោះជាប្ដីឈ្មោះវង្ស រ៉ាវ៉ុន អាយុ៤២ឆ្នាំ និងប្រពន្ធឈ្មោះសួគ៌ ថារី អាយុ៣៦ឆ្នាំ មានស្រុកកំណើតភូមិខ្នងក្រពើ ឃុំទ្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។
សព្វថ្ងៃ មានទីលំនៅភូមិកើតហេតុខាងលើ រីឯខ្សែ ក ប្លាទីរបស់គាត់ដែលត្រូវចោរឆក់នោះមានទម្ងន់១តម្លឹង ហើយគួឲ្យស្ដាយដែលគាត់យកបានខ្សែ ក នោះបានមកវិញតែ១កំណាត់ប៉ុណ្ណោះ ចំណែក១កំណាត់ទៀតបាត់រកមិនឃើញឡើយ ។
ជនរងគ្រោះបានប្រាប់នគរបាលថា នៅមុនពេលកើត ហេតុពួកគាត់ទាំង២នាក់ប្ដីប្រពន្ធបានជិះម៉ូតូ១គ្រឿង
ឌុបគ្នាចេញពីផ្ទះទៅទិញផ្លែឪឡឹកនៅត្រង់ចំណុចកើត ហេតុខាងលើ ហើយខណៈពេលកំពុងឈរទិញផ្លែឪឡឹក ស្រាប់តែឃើញលោកចោរជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ពណ៍ខ្មៅ ក្នុងទិសដៅពីកើតទៅលិច ។ ពេលនោះលោកចោរបានជិះទៅជិតគាត់ ហើយគាត់ស្មានថាជាអ្នករកទិញផ្លែឪឡឹកដែរទើបមិនបានប្រយ័ត្នលុះពេលទៅដល់ក៏ធ្វើសកម្មភាពឆក់យកខ្សែ ក ប្លាទីននោះពីគាត់(បុរសជាប្ដី)បានសម្រេច រួចព្យាយាមជិះម៉ូតូគេចខ្លួន ។
ជនរងគ្រោះបាននិយាយប្រាប់នគរបាលទៀតថា ប៉ុន្តែភ្លាមៗនោះគាត់ក៏បាននាំគ្នាចាប់ទាញកាងក្រោយម៉ូតូនិងចាប់ក្របួច ក អាវលោកចោរនោះជាប់ ហើយជននោះនៅតែប្រឹងតម្លើងហ្គារម៉ូតូទៅមុខធ្វើឲ្យរបូតអាវ ហើយពួកគាត់ក៏ទាញកាងម៉ូតូផ្ដួល ។ ទើបលោកចោរទៅមុខអត់រួច និងរេចង្កូតធ្លាក់ចូលប្រឡាយទឹកអមផ្លូវនោះតែម្ដង ខណៈនោះបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិ ហើយចោរនោះបែរជាស្រែកចោទប្រកាន់មកពួកគាត់ដែលជាជនរងគ្រោះថា ជាចោរឆក់ខ្សែ ក ខ្លួន(ចោរ)នោះទៅវិញ ។
ប៉ុន្តែប្រជាពលរដ្ឋដែលកំពុងមានការភ្ញាក់ផ្អើលនោះ អត់ជឿលោកចោរនោះឡើយ ហើយក៏នាំគ្នាជួយចាប់ចោរនោះវាយទាត់ធាក់ម្នាក់១ដៃ១ជើង បន្ទាប់មកទើបប្រគល់ឲ្យនគរបាល ប៉ុស្តិ៍ត្រពាំងក្រសាំងនាំយកទៅសាកសួរនិងចាត់ការតាមច្បាប់តែម្ដង ៕
ដោយ៖ សុរិយា










