លោក ប៉ែន បូណា៖ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams)ជាអាទិភាពខ្ពស់មួយដែលពាក់ព័ន្ធដោយផ្ទាល់នឹងសន្តិសុខសង្គម សុវត្ថិភាពប្រជាពលរដ្ឋ និងកិត្តិយសជាតិនៅលើឆាកអន្តរជាតិ

ចែករំលែក៖

ភ្នំពេញ៖ លោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងនៅក្នុងខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦នេះថា ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលមានព័ត៌មានសំខាន់ពីរជំរាបជូនបងប្អូនជនរួមជាតិ៖

 

ព័ត៌មានទី១៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា រាជរដ្ឋាភិបាលកម្ពុជាបានកំណត់ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams)ជាអាទិភាពខ្ពស់មួយដែលពាក់ព័ន្ធដោយផ្ទាល់នឹងសន្តិសុខសង្គម សុវត្ថិភាពប្រជាពលរដ្ឋ និងកិត្តិយសជាតិនៅលើឆាកអន្តរជាតិ។ ចាប់តាំងពីអាណត្តិទី៦ ដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងបន្តដល់នីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលបានបង្ហាញឆន្ទៈដ៏រឹងមាំនិងការប្តេជ្ញាចិត្តខ្ពស់បំផុត ព្រមទាំងបានធ្វើសកម្មភាពជាក់ស្តែងក្នុងការបង្រ្កាបបណ្តាញឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ ដោយគ្មានការអត់ឱន និងប្រកបដោយភាពម៉ឺងមាត់បំផុត តាមរយៈសកម្មភាពការងារ ដូចខាងក្រោម៖

 

ទី១- សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់មន្ត្រីក្រោមឱវាទ និងកងកម្លាំងពាក់ព័ន្ធទាំងអស់ ឱ្យបង្ក្រាបបណ្តាញឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យដល់ឫសគល់ដោយគ្មានការបង្អែបង្អង់ មិនអត់ឱន និងមិនលើកលែងឡើយ។ គោលដៅយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល គឺមិនត្រឹមតែបង្ក្រាបតាមករណីនីមួយៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបំផ្លាញបណ្តាញឧក្រិដ្ឋកម្មទាំងមូល ដកហូតសមត្ថភាពប្រតិបត្តិការ កាត់ផ្តាច់ប្រភពហិរញ្ញវត្ថុ និងបិទច្រកប្រតិបត្តិការទាំងអស់ ដើម្បីបញ្ឈប់បញ្ហានេះឱ្យបានជាក់ស្តែង និងយូរអង្វែង។ នេះបង្ហាញថា កម្ពុជាមិនមែនជាគោលដៅឧក្រិដ្ឋកម្មទេ ប៉ុន្តែ ជាប្រទេសដែលកំពុងដឹកនាំការប្រយុទ្ធប្រឆាំងយ៉ាងតឹងរឹង និងសកម្មបំផុតមួយក្នុងតំបន់។

 

ទី២- ឆន្ទៈនិងការប្តេជ្ញាចិត្តរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបង្ហាញយ៉ាងច្បាស់តាមរយៈការដាក់ចេញផែនការ និងយុទ្ធនាការបង្ក្រាបអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅទូទាំងប្រទេស។ ជាក់ស្តែង ចាប់តាំងពីខែកក្កដា ឆ្នាំ២០២៥ ដល់ពាក់កណ្តាលខែមេសា ឆ្នាំ២០២៦ ពោលគឺក្នុងរយៈពេលជាង ៩ខែចុងក្រោយនេះ អាជ្ញាធរមានសមត្ថកិច្ច និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ក្នុងរាជធានី-ខេត្ត បានបំពេញបេសកកម្មបង្ក្រាបអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានចំនួនជាង ២៥០ករណី ដោយក្នុងនោះមានការបង្រ្កាបទីតាំងកាស៊ីណូចំនួន ៩១ទីតាំង និងបានកសាងសំណុំរឿងដើម្បីបញ្ជូនទៅតុលាការចំនួន ១១២ករណី ពាក់ព័ន្ធនឹងជនសង្ស័យចំនួនប្រមាណ ១ ០៨៩នាក់ ដែលក្នុងនោះមានជនជាតិចិន ថៃ វៀតណាម ជប៉ុន កូរ៉េខាងត្បូង សិង្ហបុរី និងខ្មែរ។ បន្ថែមពីលើនេះ ចាប់ពីដើមឆ្នាំ២០២៥ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ សមត្ថកិច្ចកម្ពុជាបានអនុវត្តនីតិវិធីបណ្តេញជនបរទេសពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាសរុបចំនួន ១៣ ០៣៩នាក់ មាន ៣៣សញ្ជាតិ ក្នុងនោះមានស្ត្រីចំនួន ១ ៥០៩នាក់។ គិតចាប់ពីពាក់កណ្តាលខែមករា ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ជនបរទេសដែលស្ម័គ្រចិត្តចាកចេញពីប្រទេសកម្ពុជាមានសរុបចំនួន ២៤១ ៨៨៨នាក់ ក្នុងនោះមានជនជាតិ ចិន វៀតណាម ឥណ្ឌូនេស៊ី ឥណ្ឌា បង់ក្លាដែស និងប៉ាគីស្ថាន។

 

ទី៣- ដើម្បីឱ្យការងារប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ មានប្រសិទ្ធភាព និងសង្គតិភាព រាជរដ្ឋាភិបាលបានបង្កើតក្របខ័ណ្ឌគតិយុត្តជាច្រើនដើម្បីធានាថា ការអនុវត្តរបស់អាជ្ញាធរមានសមត្ថកិច្ចប្រព្រឹត្តទៅដោយត្រឹមត្រូវតាមនីតិវិធី និងគ្មានការខ្វះចន្លោះ។ កម្រងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញ មានដូចជា ១. ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ដែលមានគោលដៅសំខាន់គឺបំពេញចន្លោះប្រហោងតាមរយៈការបង្កើតបទល្មើសព្រហ្មទណ្ឌថ្មីចំនួន៥ និងបង្កើនទោសធ្ងន់ជាងមុនដើម្បីធានាថា ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្នុងទ្រង់ទ្រាយបែបនេះនឹងមិនវិលត្រឡប់មកកម្ពុជាវិញ ២. បទបញ្ជាស្តីពីយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ៣. អនុក្រឹត្យស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ និង ៤. ប្រកាសអន្តរក្រសួងស្តីពីបែបបទ និងនីតិវិធីនៃការផាកពិន័យ ចំពោះម្ចាស់ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំ។

 

ទី៤- ក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដែលមានលក្ខណៈឆ្លងដែន រាជរដ្ឋាភិបាលកម្ពុជាបានពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសជាដៃគូ អង្គការអន្តរជាតិ និងយន្តការពហុភាគីពាក់ព័ន្ធដើម្បីផ្លាស់ប្តូរព័ត៌មាន និងបច្ចេកទេសរួមគ្នា។ កម្ពុជាបានសហការយ៉ាងសកម្មក្នុងការស្រាវជ្រាវ បង្ក្រាប និងបញ្ជូនជនសង្ស័យ ព្រមទាំងការជួយសង្គ្រោះជនរងគ្រោះ ដែលពាក់ព័ន្ធនឹងបណ្តាញឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា។ ការចូលរួមយ៉ាងសកម្មនេះបង្ហាញថា កម្ពុជាមិនត្រឹមតែការពារផលប្រយោជន៍ជាតិប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងរួមចំណែកយ៉ាងទូលំទូលាយក្នុងការពង្រឹងសន្តិសុខឌីជីថលក្នុងតំបន់និងសកលលោក។ រាជរដ្ឋាភិបាលកម្ពុជា សូមអំពាវនាវឱ្យមានការសហការពីអន្តរជាតិបន្ថែម ដោយផ្អែកលើគោលការណ៍ទំនួលខុសត្រូវរួម និងការចែករំលែកព័ត៌មានឱ្យបានទាន់ពេលវេលា ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលជាបញ្ហារួមរបស់តំបន់។

 

ទី៥- ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ សម្តេចធិបតី បានកោតសរសើរ និងថ្លែងអំណរគុណដល់អាជ្ញាធរមានសមត្ថកិច្ច និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ ដែលបានធ្វើការងារយ៉ាងសកម្ម ក្នុងការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដោយសម្រេចបានលទ្ធផលធំៗជាច្រើន។ ទន្ទឹមនឹងនេះ សម្តេចនាយករដ្ឋមន្ត្រី ក៏បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុតឱ្យសមត្ថកិច្ច និងកងកម្លាំងពាក់ព័ន្ធទាំងអស់បន្តខិតខំប្រឹងប្រែងបង្ក្រាបបទល្មើសនេះដោយគ្មានបង្អង់ដៃឡើយ។ សម្តេចធិបតី បានបញ្ជាក់ថា ច្បាប់មានហើយ ដូច្នេះត្រូវតែអនុវត្តឱ្យបានម៉ត់ចត់និងឱ្យមានប្រសិទ្ធភាពដោយមិនបន្ធូរដៃ និងដោយគ្មានការលើកលែងឡើយ ពោលគឺមិនបញ្ឈប់ត្រឹមពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ ដូចដែលមានមតិមួយចំនួនបានលើកឡើងនោះឡើយ។

 

រាជរដ្ឋាភិបាលកម្ពុជាសូមបញ្ជាក់ជាថ្មីថា ការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាគឺជាការប្រយុទ្ធប្រឆាំងរយៈពេលវែងដែលត្រូវការចូលរួមពីគ្រប់ភាគីទាំងក្នុងប្រទេសនិងអន្តរជាតិ។ ដូច្នេះ សូមសាធារណជននិងសហគមន៍អន្តរជាតិ មេត្តាចូលរួម ទទួលស្គាល់និងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មនិងជាក់ស្តែងរបស់កម្ពុជាក្នុងការលុបបំបាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ។

 

ព័ត៌មានទី២៖ ឆ្លើយតបចំពោះការសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខជាតិថៃ ក្នុងការដកខ្លួនចេញពីអនុស្សរណៈនៃការយោគយល់គ្នាស្តីពីតំបន់ទាមទារដែនសមុទ្រត្រួតគ្នានៃខ្ពង់រាបបាតសមុទ្រ ដែលបានចុះហត្ថលេខារវាងកម្ពុជានិងថៃ កាលពីឆ្នាំ២០០១ (MOU-2001) ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈអ្នកនាំពាក្យបានគូសបញ្ជាក់ដូចតទៅ៖

 

វាជារឿងគួរឱ្យសោកស្តាយណាស់ ប្រសិនបើប្រទេសថៃសម្រេចចិត្តដកខ្លួនចេញពីអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ នេះ ពីព្រោះ លើសពីការរៀបចំផ្នែកបច្ចេកទេស ការចុះហត្ថលេខាលើ MOU-2001 រវាងកម្ពុជានិងថៃ បានឆ្លុះបញ្ចាំងពីឆន្ទៈពិតប្រាកដ និងផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរ ក្នុងការរៀបចំដោយស្មោះត្រង់នូវក្របខ័ណ្ឌមួយ ដែលភាគីទាំងពីរអាចទទួលយកបានសម្រាប់ការទាញយកផលប្រយោជន៍រួមពីធនធាននៅក្នុងតំបន់ដែនសមុទ្រត្រួតគ្នា(OCA)ហើយក្នុងពេលដំណាលគ្នានោះ ក៏ជំរុញការកំណត់ព្រំដែនសមុទ្រស្របតាមច្បាប់អន្តរជាតិផងដែរ។ លើលពីនេះ MOU-2001 ក៏តំណាងឱ្យសុឆន្ទៈរបស់ប្រទេសទាំងពីរក្នុងកិច្ចខិតខំប្រឹងប្រែងកំណត់ព្រំដែនសមុទ្រមួយ ប្រកបដោយមិត្តភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាពរួម។

...

 

ដូច្នេះ ការដកខ្លួនដោយឯកតោភាគីរបស់ប្រទេសថៃចេញពី MOU-2001 គឺជាជំហានមួយងាកចេញពីស្មារតីសហប្រតិបត្តិការ ដែលជាមូលដ្ឋានគ្រឹះនៃការចុះហត្ថលេខាលើឯកសារនេះ។ កម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំ និងឥតងាករេចំពោះខ្លឹមសារ និងស្មារតីនៃអនុស្សរណៈនេះ ព្រមទាំងចំពោះសុច្ឆន្ទៈ និងភាពស្មោះត្រង់ ដែលបាននាំឱ្យអនុស្សរណៈនៃការយោគយល់គ្នានេះ សម្រេចបានកាលពីឆ្នាំ២០០១៕ ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print