ភ្នំពេញ៖ ស្ត្រីជនបរទេសម្នាក់ ត្រូវបានសមត្ថកិច្ចចុះអន្តរាគមន៍ភ្លាមៗ បន្ទាប់ពីបានធ្វើសកម្មភាពបិទផ្លូវ បង្កការកកស្ទះ និងរំខានដល់ប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវសាធារណៈ នៅវេលាម៉ោងប្រហែល ០៧ម៉១៥នាទី ព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦។
តាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឲ្យដឹងថា ក្រោយទទួលបានដំណឹងភ្លាម កម្លាំងនគរបាលខណ្ឌ និងប៉ុស្តិ៍ បានចុះដល់កន្លែងកើតហេតុ និងគ្រប់គ្រងស្ថានការណ៍ ដោយនាំស្ត្រីជនបរទេសខាងលើមកកាន់ប៉ុស្តិ៍នគរបាល ដើម្បីធ្វើការសាកសួរ។
ក្រោយការសាកសួរ ស្ត្រីជនបរទេសឈ្មោះ GULCAN KARACA អាយុ ២៦ឆ្នាំ សញ្ជាតិទួរគី មានមុខរបរជាអ្នកទេសចរណ៍ បានបញ្ជាក់ថា ខ្លួនបានទៅស្ថានទូតទួរគី ដែលស្ថិតនៅម្តុំផ្លូវលេខ២៥៤ ក្នុងសង្កាត់ចតុមុខ ជាច្រើនលើក ដើម្បីស្នើសុំជំនួយក្នុងការរៀបចំបែបបទត្រឡប់ទៅប្រទេសកំណើតវិញ ប៉ុន្តែដំណើរការយូរពេក។ លើសពីនេះ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ ខ្លួនបានផឹកស្រាស្រវឹង និងបានបាត់បង់លិខិតឆ្លងដែន (Passport) ផងដែរ។
បន្ទាប់ពីសាកសួរច្បាស់លាស់ សមត្ថកិច្ចបានធ្វើការទំនាក់ទំនងទៅស្ថានទូតទួរគី ដើម្បីបញ្ជាក់អំពីស្ថានភាព និងប្រវត្តិពាក់ព័ន្ធ។ ជាលទ្ធផល មន្ត្រីស្ថានទូតបានទទួលស្គាល់ និងស្នើសុំឲ្យសមត្ថកិច្ចប្រគល់ស្ត្រីជនជាតិទួរគីខាងលើ ទៅស្នាក់នៅបន្តក្នុងស្ថានទូត ដើម្បីរៀបចំបញ្ជូនត្រឡប់ទៅប្រទេសកំណើតវិញតាមនីតិវិធី។
សមត្ថកិច្ចបានអំពាវនាវដល់ប្រជាពលរដ្ឋ និងជនបរទេសទាំងអស់ ឲ្យគោរពច្បាប់ និងសណ្ដាប់ធ្នាប់សាធារណៈ ជាពិសេសក្នុងការប្រើប្រាស់ផ្លូវ ដើម្បីចៀសវាងបញ្ហាកកស្ទះ និងហានិភ័យផ្សេងៗដែលអាចប៉ះពាល់ដល់សុវត្ថិភាពសង្គម៕
ដោយ៖ សុរិយា










