ខេត្តស្វាយរៀង៖ លោកបណ្ឌិត ហ៊ីង ស៊ីដេត ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ មៃក្រសួងការងារនិងបណ្តុះបណ្តាល នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ ២០២៦ បានអញ្ជើញចូលរួមពិនិត្យ «ការធ្វើតេស្តទទួលស្គាល់ជំនាញពីមុនរបស់បងប្អូនអតីតពលករខ្មែរ ត្រឡប់មកពីប្រទេសថៃ»នៅវិទ្យាស្ថានពហុបច្ចេកទេសតេជោសែនស្វាយរៀង។
ការចុះត្រួតពិនត្យនេះ មានការអញ្ជើញចូលរួមពីលោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង តំណាង លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង, លោក លោកស្រី ជាអគ្គនាយករង នាយកវិទ្យាស្ថាន ប្រធានអនុប្រធានមន្ទីរ លេខាដ្ឋានអគ្គនាយកដ្ឋាន TVET ព្រមទាំងមន្ត្រីពាក់ពន្ធ័ និវិស័យឯកជនជាច្រើនរូបទៀតផងដែរ។
ថ្លែងនៅឱកាសនោះ លោកបណ្ឌិត ហុីង សុីដេត បានគូសបញ្ជាក់ថា គោលដៅ RPL ដើម្បីអភិវឌ្ឍធនធានមនុស្ស បង្កើតផលិតភាព និងភាពប្រកួតប្រជែង បំប្លែងបទពិសោធន៍ការងារ ទៅជាវិញ្ញាបនបត្រផ្លូវការ ជាពិសេសវាយតម្លៃបងប្អូនអតីតពលករខ្មែរត្រឡប់មកពីប្រទេសថៃ។ជំហានទី១ ចំនួន ១០ ០០០នាក់ ការរៀបចំធ្វើតេស្ត RPL ជូនអតីតពលករមកពីប្រទេសថៃ ដោយរាជរដ្ឋាភិបាលជាអ្នកបង់ថ្លៃជំនួស ធ្វើឡើងទៅតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបរវធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការផ្តល់នូវជំនាញ និងការអនុវត្តលើមុខជំនាញចំនួន៨ ដែលអាចយកទៅប្រើប្រាស់ដើម្បីទទួលបានឱកាសការងារល្អ ចំណូលល្អជាងមុន។
លោកបណ្ឌិតបានបន្តថា ការធ្វើតេស្តជំហានទី១នេះ ជាការធ្វើឡើងនៅតាមរាជធានី-ខេត្ត នៃគោលដៅចំនួនទាំង៦ (បាត់ដំបង, បន្ទាយមានជ័យ, សៀមរាប, តាកែវ, ស្វាយរៀង និងរាជធានីភ្នំពេញ)។ ករណីជំហានទី១នេះជោគជ័យ នឹងបន្តទៅជំហានទី២ ទៀត ជាមួយនឹងការបន្តផ្តួចផ្តើមបន្ទាប់ពីការដាក់ឱ្យអនុវត្តក្នុងកម្មវិធីសាកល្បងនេះ។
ជាមួយគ្នានេះ លោកបណ្ឌិត បានណែនាំដល់សហគ្រាស ក្រុមហ៊ុន រោងចក្រមួយចំនួនឱ្យស្គាល់ RPL ជាមូលដ្ឋានក្នុងការកំណត់ជ្រើសរើសនិងប្រាក់ឈ្នួល, បើកឱកាសការងារឲ្យពលករមកពីប្រទេសថៃ និងអនុញ្ញាតឱ្យវិស្វករ ឬបុគ្គលិកបច្ចេកទេសចូលរួមបណ្តុះបណ្តាល និងក្លាយខ្លួនជាអ្នកវាយតម្លៃ, ពង្រីកការផ្សព្វផ្សាយ RPL, ឱ្យគ្រប់ដល់ទីកន្លែង (តំបន់ជនបទ និងព្រំដែន), ការធ្វើតេស្ត RPL ផ្តល់ឱកាសដល់បុគ្គលិកកំពុងធ្វើការ និងមានជំនាញពុំទាន់មានការងារ ឱ្យទទួលស្គាល់ជំនាញជាផ្លូវការ ឬគុណវុឌ្ឍិរបស់ពួកគាត់។
លោកបណ្ឌិតបានបន្ថែមថា សម្រាប់អតីតពលករមកពីប្រទេសថៃ និងទទួលបានការទទួលស្គាល់សម្ថតភាព, ឱកាសការងារ ចំណេញពេលវេលា និងថវិកា ក្លាយជាពលករក្នុងប្រព័ន្ធ និងទទួលបានអត្ថប្រយោជន៍ពី ប.ស.ស. នឹងបង្កើនជំនឿទុកចិត្តលើខ្លួនឯង ក៏ដូចជាជំនាញការសិក្សាពេញមួយជីវិត, រីឯអ្នកវិនិយោគវិញ នឹងបានយល់ដឹងពីកម្រិតជំនាញរបស់បុគ្គលិកភ្លាមៗ និងកាត់បន្ថយលើការចំណាយពេលបណ្តុះបណ្តាល ធានាស្តង់ដា និងគុណភាព ព្រមទាំងបង្កើនទំនុកចិត្ដល់អ្នកតវិនិយោគ ជាពិសេសអាចបង្ហាញដៃគូពីកម្លាំងកម្មករមានជំនាញស្តង់ដា។
លោកបណ្ឌិតប្រតិភូបានបន្តថា RPL គឺជាកម្មវិធីដែលរាជរដ្ឋាភិបាល ក៏ដូចជា ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈកំពុងតែយកចិត្តទុកដាក់ខ្ពស់សម្រាប់ផ្ដល់ការធ្វើតេស្តទទួលស្គាល់សមត្ថភាពជំនាញ ក្នុងវិស័យសំណង់ចំនួន ៨មុខ ជូនដល់អតីតពលករត្រឡប់មកពីថៃដោយរាជរដ្ឋាភិបាលជាអ្នកបង់ថ្លៃជំនួស ចំនួន ១ម៉ឺននាក់ ក្នុងជំហានទី ១ ដើម្បីឱ្យពួកគាត់អាចយកទៅប្រើប្រាស់ក្នុងការស្វែងរកការងារនៅក្នុងស្រុកផង និងនៅក្រៅស្រុកផង ដូចជានៅសិង្ហបុរី ដែលកំពុងតែត្រូវការកម្លាំងកម្មករជំនាញផ្នែកសំណង់។ RPL គឺដើម្បីប្រែក្លាយពី «សញ្ញាឃើញ» ទៅជាវិញ្ញាបនបត្រជាផ្លូវការ ក្នុងការអភិវឌ្ឍធនធានមនុស្ស បង្កើនផលិតភាពនិងភាពប្រកួតប្រជែង និងជួយបងប្អូនអតីតពលករ រកការងារបានល្អ និងមានប្រាក់ចំណូលកាន់តែខ្ពស់។










