ខេត្តស្វាយរៀង: សមត្ថកិច្ចនគរបាលស្រុក ស្វាយជ្រំ ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនខុសច្បាប់ ។
សមត្ថកិច្ចនគរបាលបញ្ជាក់ថា ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង ដោយមានការដឹកនាំបញ្ជាផ្ទាល់ពី លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ១០:៥០នាទីព្រឹក បានទទួលព័ត៌មានពីប្រជាពលរដ្ឋល្អថា នៅត្រង់ចំណុចផ្លូវលំក្រាលខ្សាច់ភ្នំ ស្ថិតនៅភូមិព្រៃតាពៅ ឃុំចំបក់ ស្រុកស្វាយជ្រំ មានមុខសញ្ញាកំពុងធ្វើការជួញដូរគ្រឿងញៀនខុសច្បាប់។
ក្រោយពីទទួលព័ត៌មានរួច លោក អធិការបានដឹកនាំកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលចំបក់ បានធ្វើការស្រាវជ្រាវ និងចុះទៅដល់កន្លែងកើតហេតុ បានធ្វើការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ តែម ស្រស់ ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិព្រៃតាពៅ ឃុំចំបក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ធ្វើតេស្តទឹកម៉ូត្ត លទ្ធផល វិជ្ជមាន(+)។
ដោយមានការអនុញាតពីលោក ខាំ សុផារី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត បានអនុញាតអោយសមត្ថកិច្ចធ្វើការឆែកឆេរលំនៅដ្ឋានរបស់ជនសង្ស័យ នៅភូមិ ឃុំ ខាងលើ បានរកឃើញសារធាតុញៀនមួយចំនួនសរុបវត្ថុតាងដកហូតរួមមាន÷ម្ស៉ៅក្រាមពណ៌សថ្លា ៨០កញ្ចប់ទូរស័ព្ទដៃ ០១គ្រឿង និងសម្ភារប្រើប្រាស់វេចខ្ចប់មួយចំនួនទៀត។
បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាង កំពុងកសាងសំណុំរឿង ចាត់ការបន្តតាមច្បាប់៕
ដោយ៖ សុរិយា










