ខេត្តប៉ៃលិន ៖ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ រដ្ឋបាលខេត្តប៉ៃលិន បានប្រកាសបដិសេធចោលទាំងស្រុងចំពោះការផ្សាយព័ត៌មានបំភ្លៃខុសពីការពិតដែលត្រូវបានផ្សព្វផ្សាយតាមរយៈគណនីហ្វេសប៊ុកឈ្មោះ កាមទេព លីមហុង និងតាមបណ្តាញសង្គមផ្សេងៗដែលចោទថា «ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន» នោះជាព័ត៌មានមិនពិតទេ។
រដ្ឋបាលខេត្តប៉ៃលិនបានបញ្ជាក់ថា ព័ត៌មាននេះគឺជាព័ត៌មានក្លែងក្លាយ បំភ័ន្ត និងគ្មានមូលដ្ឋានការពិតឡើយ។ រដ្ឋបាលខេត្តប៉ៃលិនអំពាវនាវដល់សាធារណជន និងអ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់កុំចែករំលែកឬផ្សព្វផ្សាយបន្តព័ត៌មានមិនពិតនេះដើម្បីកុំឱ្យមានការយល់ច្រឡំនិងសូមទទួលយកតែព័ត៌មានពីប្រភពផ្លូវការ។
ជាមួយគ្នានេះផងដែរ រដ្ឋបាលខេត្តប៉ៃលិនបានគូសបញ្ជាក់ថា អាជ្ញាធរគ្រប់លំដាប់ថ្នាក់និងកងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធបាននិងកំពុងអនុវត្តភារកិច្ចយ៉ាងម៉ឺងម៉ាត់ក្នុងការការពារនិងរក្សាអធិបតេយ្យភាព បូរណភាពទឹកដីនិងសន្តិសុខតាមបន្ទាត់ព្រំដែនរបស់ព្រះរាជាណាចក្រកម្ពុជាដោយមិនអនុញ្ញាតឱ្យមានការរំលោភបំពានណាមួយឡើយ៕
ដោយ ៖ សិលា











