ទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី៖ លោកស្រី ឡោក ខេង ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា អនុប្រធានប្រចាំការសមាគមសមាជិកសភាកម្ពុជាដើម្បីប្រជារាស្ត្រ និងការអភិវឌ្ឍ (CAPPD) និងជាអនុប្រធានវេទិកាសមាជិកសភាអាស៊ីស្តីពីប្រជាជន និងអភិវឌ្ឍន៍ (AFPPD) នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមក្នុង «វេទិកាកម្រិតខ្ពស់រវាងរដ្ឋមន្ត្រី និងសមាជិកសភា» ក្នុងក្របខ័ណ្ឌនៃសន្និសីទអន្តរជាតិ Women Deliver 2026។
វេទិកានេះគឺជាការជួបជុំកម្រិតថ្នាក់ដឹកនាំដែលមានការចូលរួមពីសមាជិកសភា និងរដ្ឋមន្ត្រីប្រមាណជិត ១០០ រូប មកពីបណ្តាប្រទេសនានា ដើម្បីតភ្ជាប់តួនាទីដឹកនាំរវាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ក្នុងគោលដៅជំរុញសិទ្ធិ និងសុខភាពបន្តពូជ និងផ្លូវភេទ ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់នៃសមភាពយេនឌ័រ និងយុត្តិធម៌សង្គម។
ក្នុងកិច្ចពិភាក្សាដ៏មានសារៈសំខាន់នេះ អង្គវេទិកាបានផ្ដោតលើការងារអាទិភាពចំនួន ៣ ធំៗរួមមាន៖
1. តួនាទីនីតិកម្ម និងថវិកា៖ ការពង្រឹងសកម្មភាពសមាជិកសភា ក្នុងការរៀបចំច្បាប់ គោលនយោបាយ និងការអនុម័តកញ្ចប់ថវិកាជាតិឱ្យចំគោលដៅ។
2. កិច្ចសហប្រតិបត្តិការតំបន់៖ ការជំរុញយន្តការសភាពហុភាគី ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមសកល និងការផ្លាស់ប្តូរបទពិសោធន៍ជាក់ស្តែងរវាងបណ្តាប្រទេសនានា ដូចជា ហ្វីជី ទីម័រឡេស្តេ ណូរូ តុងហ្គា និងអូស្ត្រាលីជាដើម។
3. យុទ្ធសាស្ត្រប្រតិបត្តិ៖ ការបង្វែរការសន្យាក្នុងវេទិកាអន្តរជាតិ ឱ្យទៅជាសកម្មភាពជាក់ស្តែងនៅក្នុងគោលនយោបាយជាតិ ក្រោយបញ្ចប់សន្និសីទ។
ជាលទ្ធផលផ្លូវការនៃវេទិកានេះ អង្គប្រជុំបានសម្រេចអនុម័តលើ «សេចក្តីថ្លែងការណ៍ទីក្រុងមែលប៊ន» ស្តីពីការសម្រេចឱ្យបាននូវភាពធន់នៃប្រជាសាស្ត្រដែល ជាឯកសារសមិទ្ធផលដ៏សំខាន់ ដែលសបញ្ជាក់ពីការប្តេជ្ញាចិត្តរួមគ្នារបស់បណ្តាប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងពិភពលោក ក្នុងការធានាថាគ្រប់បុគ្គលទាំងអស់ទទួលបានសិទ្ធិសុខភាពពេញលេញ។
គួរជម្រាបផងដែរថា ពិធីបើកវេទិកានេះមានការចូលរួមពីឥស្សរជនជាន់ខ្ពស់ជាច្រើនរូប រួមមាន នាយករដ្ឋមន្ត្រីទូវ៉ាលូ, នាយកប្រតិបត្តិ UNFPA, និងអគ្គនាយក IPPF។ បន្ទាប់ពីបញ្ចប់វេទិកានេះ លោកជំទាវ ឡោក ខេង និងគណៈប្រតិបត្តិបន្តអញ្ជើញចូលរួមក្នុងពិធីបើកជាផ្លូវការនៃសន្និសីទ Women Deliver 2026 ដែលជាវេទិកាស្ត្រីដ៏ធំបំផុតមួយនៅលើសកលលោកផងដែរ៕
ដោយ ៖ សិលា












