បណ្ឌិត កៅ មុយថង ៖ កិច្ចសន្ទនាយុទ្ធសាស្រ្ត ២+២ ជាមួយចិន ផ្តល់ផលចំណេញដ៏មហិមាសម្រាប់កម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ អ្នកវិភាគសង្គម បណ្ឌិត កៅ មុយថង វាយតម្លៃខ្ពស់ថា កិច្ចសន្ទនាយុទ្ធសាស្ត្រ ២+២» និងការវិវត្តទៅជា ៣+៣ រវាងកម្ពុជា និងចិន គឺជាសក្ខីភាពនៃ ទំនាក់ទំនងកម្រិតខ្ពស់មិនធ្លាប់មាន និងជាអាវុធយុទ្ធសាស្ត្រដ៏មុតស្រួច ដើម្បីពង្រឹងភាពធន់ និង ល្បឿននៃការអភិវឌ្ឍកម្ពុជា ក្នុងសករាជថ្មីនៃចំណងមិត្តភាពដែកថែបដែលផ្អែកលើទំនុកចិត្តនយោ បាយកម្រិតខ្ពស់បំផុត។

 

បញ្ញវន្ត រូបនេះ ចាត់ទុក កិច្ចសន្ទនានេះ បានបង្ហាញឱ្យឃើញនូវទិដ្ឋភាពយុទ្ធសាស្ត្រសំខាន់ៗចំនួន ៣ ដែលជាផលចំណេញដ៏មហិមាសម្រាប់កម្ពុជា៖

 

១. ការពង្រឹង “អធិបតេយ្យភាព និងសន្តិសុខ” ក្នុងបរិបទសកលលោកថ្មី៖ ក្នុងយុគសម័យ ដែលមានភាពប្រែប្រួលភូមិសាស្ត្រនយោបាយយ៉ាងឆាប់រហ័ស យន្តការសន្ទនាយុទ្ធសាស្ត្រនេះបាន ដើរតួជា “ខែលការពារយុទ្ធសាស្ត្រ” ដ៏រឹងមាំសម្រាប់ជាតិ។ ការសម្រេចបង្កើតយន្តការនេះពីសំណាក់ ប្រទេសចិន មិនត្រឹមតែឆ្លុះបញ្ចាំងនូវទំនុកចិត្តនយោបាយកម្រិតកំពូលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង បញ្ជាក់យ៉ាងច្បាស់ថា កម្ពុជា គឺជា “ដៃគូយុទ្ធសាស្ត្រដែលមិនអាចខ្វះបាន” ក្នុងតំបន់អាស៊ាន ដែលជួយ ឱ្យកម្ពុជាមានលំនឹងនយោបាយខ្ពស់ និងមានសមត្ថភាពទប់ទល់នឹងការគាបសង្កត់ពីមហាអំណាច ខាងក្រៅ។ លើសពីនេះ ការវិវត្តទៅរកទម្រង់សន្តិសុខគ្រប់ជ្រុងជ្រោយតាមរយៈយន្តការ ៣+៣ គឺជា ការឆ្លើយតបយ៉ាងចំគោលដៅទៅនឹងបញ្ហាប្រឈមសន្តិសុខមិនមែនប្រពៃណី ជាអាទិ៍ បទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Cybercrime) និងការលាងលុយកខ្វក់ ការរក្សាសណ្តាប់ធ្នាប់សង្គម លុបបំបាត់រាល់ឧបសគ្គដែលរាំងស្ទះដល់ដំណើរការអភិវឌ្ឍជាតិ។

២. ការប្រែក្លាយ “សន្តិសុខ” ឱ្យទៅជា “សន្ទុះសេដ្ឋកិច្ច”៖ ទំនាក់ទំនងការពារជាតិ និងការ បរទេសដែលរឹងមាំ គឺជា “ឆ្អឹងខ្នង” មិនអាចខ្វះបាននៃវិបុលភាពជាតិ។ ជាក់ស្តែង យន្តការ ២+២ បាន ដើរតួជាអ្នកសម្របសម្រួល និងដោះស្រាយរាល់បញ្ហារាំងស្ទះយុទ្ធសាស្ត្រ ដើម្បីផ្តល់ការធានាកម្រិត ខ្ពស់ផ្នែកសន្តិសុខ និងនយោបាយដល់គម្រោងវិនិយោគខ្នាតយក្ស និងហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ ជាអាទិ៍ “ព្រែកជីកហ្វូណនតេជោ” និង “តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ” ជាដើម។ តាមរយៈ ការពិភាក្សាស៊ីជម្រៅលើកម្រិតគោលនយោបាយ កម្ពុជាអាចជំរុញការអនុវត្តគម្រោង “ច្រករបៀងមច្ឆា និងអង្ករ” ឱ្យកាន់តែមានប្រសិទ្ធភាព ដែលជួយឱ្យការនាំចេញកសិផលទៅកាន់ទីផ្សារចិនមានភាព រលូន និងគ្រប់ជ្រុងជ្រោយ ព្រមទាំងផ្តល់ផលប្រយោជន៍សេដ្ឋកិច្ចដោយផ្ទាល់ដល់ជីវភាពរស់នៅរបស់ ប្រជាកសិករយើង។

៣. ការលើកកម្ពស់ “ឥទ្ធិពលការទូត” របស់កម្ពុជា៖ យន្តការនេះគឺជាកាតាលីករដ៏សំខាន់ក្នុងការ បង្កើនឧត្តមភាពការទូតកម្ពុជាក្នុងតំបន់។ តាមរយៈការរក្សានូវ “អំណាចនៃការចរចា និងឥទ្ធិពលនៃ សំឡេង” ក្នុងកិច្ចការតំបន់ កម្ពុជាបានបង្ហាញខ្លួនជាតួអង្គយុទ្ធសាស្ត្រដែលចិនផ្តល់តម្លៃខ្ពស់បំផុត ក្នុង ឋានៈជា “ដៃគូលំដាប់កំពូល” (Top-tier partner) ជាជាងគ្រាន់តែជាអ្នកដើរតាមនិន្នាការភូមិសាស្ត្រ នយោបាយ។ លើសពីនេះ មិត្តភាពដែកថែបត្រូវបានពង្រឹងឱ្យកាន់តែមានភាពធន់ ដោយបានបំប្លែង ទំនាក់ទំនងរវាងរដ្ឋនិងរដ្ឋ ឱ្យក្លាយជាទំនាក់ទំនងដែលមានលក្ខណៈប្រព័ន្ធ និងស្ថាប័ន ដែលធានាបាន នូវនិរន្តរភាព និងភាពច្បាស់លាស់ ដោយមិនប្រែប្រួលទៅតាម ស្ថានភាពបុគ្គល ឬការផ្លាស់ប្តូរថ្នាក់ ដឹកនាំនាពេលអនាគតឡើយ។

ជារួម ការតម្លើងកម្រិតយន្តការសន្ទនាពី ២+២ ទៅជា ៣+៣ គឺជាជំហានប្រវត្តិសាស្ត្រដែលឆ្លុះ បញ្ចាំងពីការជឿទុកចិត្តគ្នាកម្រិតកំពូល។ សម្រាប់កម្ពុជា យន្តការនេះគឺជា “ខែលការពារ” សន្តិសុខ ជាតិ និងជា “ម៉ាស៊ីនរុញច្រាន” ផលប្រយោជន៍សេដ្ឋកិច្ច-បច្ចេកវិទ្យា។ នេះគឺជាជំហានដ៍វៃឆ្លាតបំផុត ក្នុងនយោបាយការទូត ដើម្បីធានាថា “កម្ពុជាដើរទាន់សកលលោក និងមានមិត្តដ៏រឹងមាំនៅក្បែរខ្លួន ជានិច្ច”៕

...

ប្រភព ៖ CNN)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print