មុខសញ្ញាញៀនថ្នាំគាស់ឃ្លាំងលួចបង្អួចកញ្ចក់ និងរនាបគ្រែ ត្រូវម្ចាស់ទាន់ថតរូបទុកជាភស្តុតាង ទីបំផុតត្រូវនគរបាលស្រាវជ្រាវឃាត់ខ្លួន

ចែករំលែក៖

ខេត្តកណ្ដាល÷ មន្ត្រីនគរបាលស្រុកកោះធំបានឲ្យដឹងនៅព្រឹកថ្ងៃទី២៩ខែមេសានេះថា បុរសម្នាក់ដែលមានផ្ទុកសារធាតុញៀន និងជាមុខសញ្ញាគាស់ឃ្លាំងលួចដោះយកទ្វារបង្អួចកញ្ចក់ និងរនាបគ្រែ ត្រូវបានកម្លាំងនគរបាលស្រាវជ្រាវឃាត់ខ្លួនបានសម្រេច ក្រោយពីរត់ គេចខ្លួនអស់រយៈពេល៣ថ្ងៃ បន្ទាប់ពីម្ចាស់ឃ្លាំងទាន់ និងថតរូបទុក។ ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីម៉ោង ៧ និង៣០នាទីព្រឹក ថ្ងៃទី២៨ មេសា ២០២៦ បន្ទាប់ពីជនសង្ស័យធ្វើសកម្មភាពលួចនៅម៉ោង១១ និង០០នាទីព្រឹក ថ្ងៃទី២៥ មេសា ២០២៦ នៅចំណុចឃ្លាំងមួយកន្លែងស្ថិតក្នុងភូមិល្វាទោង ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្ដាល។

 

លោកវរសេនីយ៍ឯក ស៊ីម ឃាង អធិការនគរបាលស្រុកកោះធំ ឲ្យដឹងថា ជនសង្ស័យមានឈ្មោះ អ៊ូច រិទ្ធ ភេទ ប្រុស អាយុ ៤៥ឆ្នាំមុខរបរកសិករ មានទីលំនៅភូមិពាមផ្ទោលកើត ឃុំលើកដែក ស្រុកកោះធំ និងមានសារធាតុញៀនក្នុងទឹកនោមវិជ្ជមាន។ ចំណែកជនរងគ្រោះជាម្ចាស់ឃ្លាំងឈ្មោះ ខាំ ធឿន ភេទ ប្រុស អាយុ៥៩ឆ្នាំ មុខរបរកសិករ រស់នៅភូមិព្រែកខ្នាច ឃុំលើកដែក ស្រុកកោះធំ។ ក្នុងហេតុការណ៍នេះ សម្ភារៈដែលជនសង្ស័យបានលួចរួមមានទ្វារបង្អួចកញ្ចក់ចំនួន២ផ្ទាំង រនាបគ្រែឈើចំនួន១ផ្ទាំង និងរនៀបគ្រែឈើចំនួន៤ដើម។

 

លោកអធិការបន្តថា មុនពេលកើតហេតុ ជនរងគ្រោះកំពុងតែស្រោចទឹកដំណាំនៅចម្ការ លុះដល់ម៉ោង ១១ និង០០នាទីព្រឹក ក៏មានកូនប្រសារឈ្មោះ ថុន ធារិទ្ធ ទូរស័ព្ទមកប្រាប់ថា ជនសង្ស័យកំពុងធ្វើ សកម្មភាពចូលលួចដោះយកទ្វារបង្អួចកញ្ចក់ឃ្លាំង។ ភ្លាមៗនោះ ជនរងគ្រោះបានជិះរថយន្តមកមើលដល់កន្លែងកើត ហេតុ ក៏ឃើញសម្ភារៈទាំងនោះត្រូវបានជនសង្ស័យលួចដោះ និងដឹកតាមម៉ូតូយកមកលាក់ទុកនៅក្បែរចិញ្ចើមផ្លូវបេតុងចម្ងាយប្រហែល១៥០ម៉ែត្រពីឃ្លាំង។ ពេល នោះ ជនរងគ្រោះបានលួចថតរូបជន សង្ស័យពីក្នុងរថយន្ត ធ្វើឲ្យជនសង្ស័យមានការភ័យខ្លាច ក៏បានរត់គេចខ្លួនបាត់តែម្ដង ទើបជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់កុង។

 

លោកអធិការបានបញ្ជាក់ទៀតថា លុះមកដល់ថ្ងៃទី២៨ មេសា ២០២៦ កម្លាំងសមត្ថកិច្ចជំនាញបានសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលលើកដែក និងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់កុង ស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យបានយកមកសាកសួរ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានចូលលួចសម្ភារៈរបស់ជនរងគ្រោះពិតប្រាកដមែន។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print