ភ្នំពេញ៖ ថ្លែងនៅក្នុងខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ លោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍ថា ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបន្តធ្វើបច្ចុប្បន្នភាពអំពីការងារការទូតយ៉ាងសកម្ម ទាំងក្នុងនិងក្រៅប្រទេសរបស់រាជរដ្ឋាភិបាលដើម្បីការពារបូរណភាពទឹកដី និងប្រជាជន៖
កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហភាពអឺរ៉ុប នៅឯរដ្ឋធានីបានដា ស៊េរីបេហ្គាវ៉ាន់ នៃប្រទេសប្រ៊ុយណេដារូស្សាឡាម ក្នុងសប្តាហ៍នេះ គឺជាឱកាសដែលរដ្ឋមន្ត្រីការបរទេសនៃបណ្តាប្រទេសជាសមាជិកសហគមន៍តំបន់ធំៗទាំងពីរ ពិភាក្សាអំពីសន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់ ខណៈដែលទិដ្ឋភាពពិភពលោកកាន់តែស្មុគស្មាញ ហើយត្រូវបានកត់សម្គាល់ដោយការកើនឡើងនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ និងការកើតឡើងវិញនៃជម្លោះប្រដាប់អាវុធនៅក្នុងផ្នែកជាច្រើននៃពិភពលោក។
ក្នុងបរិបទបែបនេះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការប្រកាន់ខ្ជាប់នូវការគោរពច្បាប់អន្តរជាតិ និងគោរពធម្មនុញ្ញអង្គការសហប្រជាជាតិ ជាពិសេសការគោរពអធិបតេយ្យ និងបូរណភាពទឹកដី ដោយត្រូវការចៀសវាងនូវការគំរាមកំហែង ឬការប្រើប្រាស់កម្លាំង និងត្រូវប្រកាន់យកការដោះស្រាយជម្លោះដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ។ ប្រមុខការទូតកម្ពុជាក៏បានបញ្ជាក់ប្រាប់កិច្ចប្រជុំថា គោលការណ៍ដូចគ្នានេះ គឺជាមូលដ្ឋាននៃជំហរ និងការគោរពរបស់កម្ពុជាពាក់ព័ន្ធនឹងស្ថានភាពនៅតាមបណ្តោយព្រំដែនជាមួយប្រទេសថៃ។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានឆ្លៀតឱកាសនេះថ្លែងអំណរគុណប្រទេសសមាជិកអាស៊ាន និងសហភាពអឺរ៉ុប ចំពោះការគាំទ្របទឈប់បាញ់រវាងកម្ពុជានិងថៃ ក៏ដូចជាគាំទ្រកិច្ចខិតខំប្រឹងប្រែងបន្តឆ្ពោះទៅរកដំណោះស្រាយជម្លោះដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ។ លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ជាថ្មីនូវការគាំទ្ររបស់កម្ពុជាចំពោះសំណើរបស់សហភាពអឺរ៉ុប ដែលស្នើដំឡើងកម្រិតទំនាក់ទំនងភាពជាដៃគូអាស៊ាន-សហភាពអឺរ៉ុប ទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងសំណើរៀបចំកិច្ចប្រជុំកំពូលអាស៊ាន-សហភាពអឺរ៉ុប ជាទៀងទាត់ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងក្រៅតំបន់។
អាស៊ាននិងសហភាពអឺរ៉ុប បានគូសបញ្ជាក់អំពីវិសាលភាពនៃកិច្ចសហប្រតិបត្តិការក្រោមសសរស្ដម្ភទាំងបីនៃសហគមន៍អាស៊ាន។ ក្នុងស្មារតីនេះ កិច្ចប្រជុំបានអនុម័តសេចក្តីថ្លែងការណ៍រួម នៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហភាពអឺរ៉ុប លើកទី២៥ សំដៅពង្រឹងភាពជាដៃគូអាស៊ាន-សហភាពអឺរ៉ុប និងទន្ទឹងរង់ចាំការប្រារព្ធខួបលើកទី៥០ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហភាពអឺរ៉ុប នៅឆ្នាំក្រោយ។
ក្នុងឱកាសកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន-សហភាពអឺរ៉ុបនេះដែរ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក៏បានអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយតំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ និងជាអនុប្រធានគណៈកម្មការអឺរ៉ុប។ ភាគីទាំងពីរបានអះអាងឡើងវិញនូវទំនាក់ទំនងទ្វេភាគីដ៏រឹងមាំ និងបានផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាក្តីកង្វល់រួមក៏ដូចជាការវិវត្តថ្មីៗនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ និងបានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តចំពោះសន្តិភាព ស្ថិរភាព និងការគោរពច្បាប់អន្តរជាតិ។
នៅក្នុងប្រទេសឯណេះវិញ សកម្មភាពការទូតដើម្បីការពារបូរណភាពទឹកដី ក៏ត្រូវបានធ្វើឡើងយ៉ាងសកម្មនិងឥតឈប់ឈរឡើយដោយប្រកាន់ខ្ជាប់ជានិច្ចតាមគោលការណ៍ ការការពារបូរណភាពទឹកដី និងប្រជាជនគឺជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល។ ជាក់ស្តែង នៅរសៀលថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២៦ ក្រសួងការពារជាតិបានសម្របសម្រួលដំណើរទស្សនកិច្ចលើកទី២ ប្រចាំឆ្នាំ២០២៦ របស់ក្រុមអនុព័ន្ធយោធាបរទេស (MACPP) ប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីចុះសង្កេតការណ៍និងផ្ទៀងផ្ទាត់អំពីស្ថានភាពនៅតំបន់អូរភ្លុកដំរី និងច្រកជ័យជំនះ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលកងទ័ពថៃបន្តកាន់កាប់ដោយខុសច្បាប់ ហើយបន្តដាក់រាយលួសបន្លានិងទូរកុងតឺន័រ។
បន្ទាប់មក ក្រុមអនុព័ន្ធយោធាបរទេសប្រចាំព្រះរាជាណាចក្រកម្ពុជាក៏បានចុះសង្កេតការណ៍ និងផ្ទៀងផ្ទាត់ស្ថានភាពស្ពានស្ទឹងមេទឹក ក្នុងខេត្តពោធិ៍សាត់។ ស្ពាននេះបានរងការវាយប្រហារដោយការទម្លាក់គ្រាប់បែកពីយន្តហោះចម្បាំងរបស់កងទ័ពអាកាសរបស់ថៃ កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ ដែលបណ្តាលឱ្យខូចខាតនិងដាច់ទាំងស្រុងមិនអាចចរាចរណ៍ទៅមកបានឡើយ។ ស្ពានមេទឹក គឺជាហេដ្ឋារចនាសម្ព័ន្ធស៊ីវិលសុទ្ធសាធដែលមានទីតាំងស្ថិតនៅចម្ងាយរាប់សិបគីឡូម៉ែត្រពីព្រំដែនកម្ពុជា-ថៃ។
អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជូនឡើងវិញថា កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម គោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ៕
ដោយ៖សិលា










