សារព័ត៌មាន Reuters ព្រះមហាក្សត្រអង់គ្លេស ព្រះចៅ ឆាលស៍ (King Charles) និងព្រះមហេសី កាមីឡា (Queen Camilla) បានយាងទៅដល់ទីក្រុងញូវយ៉ក នាថ្ងៃពុធនេះដើម្បីចូលរួមពិធីរំលឹកវិញ្ញាណក្ខន្ធជនរងគ្រោះក្នុងព្រឹត្តិការណ៍ភេរវកម្មថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ ដែលនេះគឺជាផ្នែកមួយនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេល ៤ថ្ងៃ នៅក្នុងសហរដ្ឋអាមេរិក។
មុនការយាងដល់ទីក្រុងញូវយ៉ក ព្រះចៅ ឆាលស៍ បានបំពេញព្រះរាជសកម្មភាពយ៉ាងមមាញឹកនៅរដ្ឋធានីវ៉ាស៊ីនតោន ដោយបានថ្លែងសុន្ទរកថានៅចំពោះមុខសភាអាមេរិក និងជួបពិភាក្សាឯកជនជាមួយប្រធានាធិបតី លោក ដូណាល់ ត្រាំ។ ដំណើរទស្សនកិច្ចនេះធ្វើឡើងចំពេលមានភាពរកាំរកូសក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ ជុំវិញបញ្ហាសង្គ្រាមនៅអ៊ីរ៉ង់ ខណៈដែលលោក ត្រាំ ធ្លាប់បានរិះគន់នាយករដ្ឋមន្ត្រីអង់គ្លេស លោក កៀរ ស្តាមឺរ (Keir Starmer) ថាខ្វះកិច្ចសហការក្នុងប្រតិបត្តិការយោធា។
នៅក្នុងទីក្រុងញូវយ៉ក ព្រះមហាក្សត្រ និងព្រះមហេសី បានយាងចូលរួមក្នុងពិធីគោរពវិញ្ញាណក្ខន្ធជនរងគ្រោះជិត ២,៨០០នាក់ នៅទីតាំងដែលធ្លាប់ជាអគារពាណិជ្ជកម្មពិភពលោក។ បន្ទាប់មក ទ្រង់ក៏នឹងយាងទៅកាន់តំបន់ Harlem ដើម្បីពិនិត្យគម្រោងកសិកម្មក្នុងទីក្រុងផងដែរ។
ពាក់ព័ន្ធនឹងបញ្ហានយោបាយ ព្រះចៅ ឆាលស៍ បានប្រើប្រាស់សុន្ទរកថានៅចំពោះមុខសភា ដើម្បីសង្កត់ធ្ងន់លើសារៈសំខាន់នៃអង្គការណាតូ និងបានអំពាវនាវឱ្យអាមេរិកបន្តការពារតម្លៃរួមជាមួយសម្ព័ន្ធមិត្តអឺរ៉ុប ចំពេលដែលលោក ត្រាំ កំពុងបង្ហាញជំហររិះគន់សម្ព័ន្ធភាពយោធាមួយនេះ៕
រូបថត: Reuters










