ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចាត់ទុកកម្មវិធីព័ត៌មានវិទ្យា សម្រាប់ទទួលពាក្យស្នើសុំ និងផ្តល់សេវារដ្ឋបាល តាមប្រព័ន្ធអនឡាញ ជាសមិទ្ធផលថ្មីមួយទៀត ដើរតាមលំនាំថ្នាលថ្មីរដ្ឋាភិបាលឌីជីថល ក្នុងដំណើរការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាពិសេសមុំបច្ចេកវិទ្យាឌីជីថល ដើម្បីឈានទៅសម្រេចបានភាពពេញលក្ខណៈនៃប្រព័ន្ធរដ្ឋាភិបាលឌីជីថល។
ថ្លែងក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ កម្មវិធីព័ត៌មានវិទ្យាសម្រាប់ទទួលពាក្យស្នើសុំ និងផ្តល់សេវាសាធារណៈតាមប្រព័ន្ធអនឡាញ នៅគ្រប់អង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលរាជធានី-ខេត្ត នៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត បានសង្កត់ធ្ងន់ថា ការរៀបចំប្រព័ន្ធដាក់ឲ្យអនុវត្តជាផ្លូវការនៅថ្ងៃនេះ សំដៅពង្រឹង និងលើកកម្ពស់គុណភាពប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈ ឱ្យកាន់តែកៀកជិតប្រជាពលរដ្ឋ មានភាពងាយស្រួលឆាប់រហ័ស មានតម្លាភាព និងគណនេយ្យភាពស្របតាមគោលការណ៍បែបបទ និងនីតិវិធីនៃការងារនៅការិយាល័យច្រកចេញចូលតែមួយ។
យោងតាមរបាយការណ៍ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ប្រព័ន្ធព័ត៌មានវិទ្យានេះត្រូវបានគិតគូរ និងផ្ដួចផ្ដើមបង្កើតឡើង ក្រោមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោ អតីតនាយករដ្ឋមន្ត្រី។ ការផ្ដួចផ្ដើមនោះ គឺដោយសារថ្នាក់ដឹកនាំ បានពិនិត្យឃើញនូវការរីកចម្រើនយ៉ាងរហ័សនៃសេដ្ឋកិច្ច និងសង្គម ដែលធ្វើឱ្យតម្រូវការសេវារដ្ឋបាលតាមរយៈយន្តការច្រកចេញចូលតែមួយនៅថ្នាក់ក្រោមជាតិ មានការកើនឡើងយ៉ាងខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំ។ ឆ្លើយតបនឹងសន្ទុះនៃការរីកចម្រើនផ្នែកបច្ចេកវិទ្យាឌីជីថល សម្តេចក្រឡាហោម បានណែនាំដល់អគ្គនាយកដ្ឋានរដ្ឋបាល ឱ្យសិក្សា និងប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានវិទ្យា ដើម្បីធ្វើទំនើបកម្មលើការគ្រប់គ្រងការផ្តល់សេវាជូនប្រជាពលរដ្ឋ។
បើតាមឯកឧត្តម អគ្គនាយករដ្ឋបាល កម្មវិធីព័ត៌មានវិទ្យានេះ មានគោលបំណងសំខាន់ៗ ចំនួន៥ចំណុច រួមមាន ១.លើកកម្ពស់គុណភាព និងពង្រឹងការផ្តល់សេវាសាធារណៈឱ្យកាន់តែល្អប្រសើរឡើង ២.កាត់បន្ថយការចំណាយពេលវេលា និងការធ្វើដំណើរ របស់ប្រជាពលរដ្ឋ ៣.បង្កើន តម្លាភាព គណនេយ្យភាព និងភាពជឿជាក់ក្នុងការផ្ដល់សេវាផ្លូវការផ្សេងៗ ៤.ទិន្នន័យ សេវា ត្រូវបានគ្រប់គ្រង យ៉ាងមានប្រសិទ្ធភាព និងថ្នាក់ដឹកនាំអាចទាញរបាយការណ៍ និងស្ថិតិ មកប្រើប្រាស់ក្នុងការធ្វើសេចក្ដីសម្រេចចិត្ត និងទី៥.ចូលរួមចំណែក ក្នុងការជំរុញ ការអភិវឌ្ឍរដ្ឋាភិបាលឌីជីថលឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ កម្មវិធីព័ត៌មានវិទ្យានេះ ត្រូវបានដាក់ឱ្យអនុវត្តសាកល្បងជាដំណាក់កាលៗ។
ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា សមិទ្ធផលដែលសម្រេចបាននេះ មិនត្រឹមតែជាការបោះជំហានទៅមុខនៃបច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែគឺជាឆ្អឹងខ្នងនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលរាជរដ្ឋាភិបាលបាននិងកំពុងជំរុញយ៉ាងសកម្ម សំដៅកាត់បន្ថយនូវគម្លាតរវាងរដ្ឋបាលថ្នាក់ក្រោមជាតិ និងប្រជាពលរដ្ឋ ដោយផ្ទេរអំណាច និងសេវាឱ្យទៅកៀកជិតនឹងមូលដ្ឋានបំផុត។
ប្រមុខក្រសួងមហាផ្ទៃ រំពឹងថា ប្រព័ន្ធព័ត៌មានវិទ្យានេះ នឹងជួយសម្រួលដល់ការទទួលបានសេវាសាធារណៈឱ្យកាន់តែមានភាពងាយស្រួល ចំណេញពេលវេលា និងកាត់បន្ថយចំណាយក្រៅផ្លូវការផ្សេងៗរបស់ប្រជាពលរដ្ឋ ដោយមិនចាំបាច់ធ្វើដំណើរទៅមកច្រើនដង ឬរង់ចាំយូរនៅតាមការិយាល័យរដ្ឋបាលទៀតនោះទេ ពោលគឺអាចដាក់ពាក្យស្នើសុំ និងតាមដានស្ថានភាពឯកសាររបស់ខ្លួនបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ប្រកបដោយតម្លាភាព និងភាពជឿជាក់បំផុត។
បើតាម ឯកឧត្តមអភិសន្តិបណ្ឌិត បែបបទនៃការធ្វើការតាមបែបប្រពៃណី ដែលប្រើប្រាស់ក្រដាសស្នាមច្រើន និងមានភាពស្មុគស្មាញនោះ កំពុងត្រូវបានសាបរលាបបន្តិចម្តងៗ ដើម្បីជំនួសមកវិញនូវប្រព័ន្ធការងារទំនើបតាមបែបឌីជីថល។ ការផ្លាស់ប្តូរនេះ គឺជាការឆ្លើយតបទៅនឹងបរិបទនៃយុគសម័យថ្មី ដែលទាមទារឱ្យមន្ត្រីរាជការត្រូវមានភាពបត់បែន និងពង្រឹងមនសិការវិជ្ជាជីវៈឱ្យកាន់តែខ្ពស់។
ក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណក្រុមហ៊ុន KESS INNOVATION PLC និងដៃគូអភិវឌ្ឍន៍នានា ដែលបានផ្ដល់ការគាំទ្រផ្នែកបច្ចេកទេស សម្ភារៈបរិក្ខារ និងមានកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងមហាផ្ទៃ ក្នុងការធ្វើទំនើបកម្មការផ្ដល់សេវាសាធារណៈ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ពិសេសការផ្ដល់សេវាសាធារណៈ តាមអង្គភាពច្រកចេញចូលតែមួយរាជធានី-ខេត្ត។
ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ណែនាំដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បន្តយកចិត្តទុកដាក់សហការផ្សព្វផ្សាយអំពីការប្រើប្រាស់សេវាអនឡាញនេះឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ និងត្រៀមក្រុមការងារបច្ចេកទេសដើម្បីជួយសម្រួល និងដោះស្រាយបញ្ហារអាក់រអួលនានាឱ្យបានទាន់ពេលវេលា ខណៈថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវសហការគ្នាប្រើប្រាស់ប្រព័ន្ធនេះឱ្យបានពេញលេញ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ពលរដ្ឋក្នុងការតាមដានចរន្តឯកសារដោយខ្លួនឯង ប្រកបដោយតម្លាភាព និងទំនុកចិត្ត។
ពីវេទិកាធិបតីនោះដែល ឯកឧត្តមអភិសន្តិបណ្ឌិត បានដាស់តឿនដល់មន្ត្រីអនុវត្តផ្ទាល់ លើការងារបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ប្រកាន់ខ្ជាប់ក្រមសីលធម៌វិជ្ជាជីវៈ ចៀសវាងដាច់ខាតនូវអំពើពុករលួយ និងត្រូវបន្តអនុវត្តអភិក្រម “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” ចំពោះមន្ត្រីអសកម្ម។ ចំណែក រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវគ្រប់គ្រង និងបែងចែកចំណូលដែលបានពីកម្រៃសេវាឱ្យបានត្រឹមត្រូវ និងមានតម្លាភាពតាមនីតិវិធីហិរញ្ញវត្ថុ ដើម្បីធានាឱ្យបាននូវការផ្តល់សេវាសាធារណៈដែលបម្រើផលប្រយោជន៍ពិតប្រាកដជូនប្រជាពលរដ្ឋ៕










