ប្រព័ន្ធផ្សព្វផ្សាយមីយ៉ាន់ម៉ាបានរាយការណ៍ថា លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានឃុំខ្លួនក្នុងផ្ទះ ប៉ុន្តែទីតាំងឃុំខ្លួនបច្ចុប្បន្ន និងស្ថានភាពសុខភាពរបស់លោកស្រីមិនទាន់ត្រូវបានចេញផ្សាយនៅឡើយទេ។
ប៉ុស្តិ៍ទូរទស្សន៍រដ្ឋ MRTV បានប្រកាសថា ទោសដែលនៅសល់របស់លោកស្រី ស៊ូជី ត្រូវបាន “កាត់បន្ថយ ហើយនឹងត្រូវអនុវត្តនៅផ្ទះដែលបានកំណត់ទៅលើលោកស្រី”។
មិនមានព័ត៌មានផ្លូវការអំពីទីតាំងជាក់លាក់នោះទេ ប៉ុន្តែប្រភពមួយបានបង្ហាញថា លោកស្រីទំនងជានឹងត្រូវឃុំខ្លួនក្នុងផ្ទះនៅក្នុងរដ្ឋធានី Naypyidaw។
ប្រភពប៉ូលីសមួយនៅ Naypyidaw ក៏បានបង្ហាញផងដែរថា កងកម្លាំងសន្តិសុខត្រូវបានបញ្ជាឱ្យ “បង្កើនសន្តិសុខ” នៅក្នុងតំបន់ជាច្រើននៃរដ្ឋធានីនៅល្ងាចថ្ងៃទី 30 ខែមេសា។
យោងតាមប្រភពនេះ លំនៅដ្ឋានដែលបានកំណត់នឹងនៅតែស្ថិតក្រោមការត្រួតពិនិត្យយ៉ាងជិតស្និទ្ធរបស់រដ្ឋាភិបាល។
កាលពីថ្ងៃទី១៧ ខែមេសា ប្រធានាធិបតីមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង បានសម្រេចចិត្តលើកលែងទោសដល់អតីតប្រធានាធិបតី វីន ម្យីន និងកាត់បន្ថយទោសរបស់លោកស្រី អ៊ុង សាន ស៊ូជី ចំនួនមួយភាគប្រាំមួយ។
អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក Stephane Dujarric បានពិពណ៌នាអំពីរឿងនេះថាជា “ជំហានដ៏សំខាន់មួយ” ដើម្បីសម្រួលដល់ដំណើរការនយោបាយដែលអាចទុកចិត្តបាន។
មេធាវីរបស់លោកស្រី ស៊ូជី ក៏បានស្វាគមន៍ការសម្រេចចិត្តនេះដែរ ប៉ុន្តែបានបញ្ជាក់ថា ពួកគេមិនបានទទួលការជូនដំណឹងដោយផ្ទាល់ណាមួយទេ ហើយបានដឹងអំពីវាតាមរយៈសារព័ត៌មានតែប៉ុណ្ណោះ។
ទន្ទឹមនឹងនេះ កូនប្រុសរបស់លោកស្រី អ៊ុង សាន ស៊ូជី គឺលោក Kim Aris បាននិយាយថា ការប្រកាសនេះមិនបានបន្ធូរបន្ថយការព្រួយបារម្ភអំពីសុខភាពម្តាយរបស់គាត់ទេ ហើយមិនអាចបញ្ជាក់បានថា លោកស្រីនៅមានជីវិតនោះទេ៕
រូបថត: AFP










