សាព័ត៌មាន AFP បានផ្សាយថាស្ថានទូតសហរដ្ឋអាមេរិកប្រចាំប្រទេសលីបង់ កាលពីថ្ងៃព្រហស្បតិ៍ ទី៣០ ខែមេសា ឆ្នាំ២០២៦ បានទទូចឱ្យមានជំនួបរវាងមេដឹកនាំនៃប្រទេសលីបង់និងអ៉ីស្រាអែល ស្របពេលដែលក្រសួងសុខាភិបាលលីបង់ បានរាយការណ៍ថា ការវាយប្រហាររបស់អ៉ីស្រាអែល នៅភាគខាងត្បូងលីបង់ បានផ្តាច់ជីវិតមនុស្សយ៉ាងហោច១៧នាក់ បើទោះបីជាមានបទឈប់បាញ់ក៏ដោយ។
កាលពីខែមេសា អ្នកតំណាងរបស់លីបង់និងអ៉ីស្រាអែល បានជួបគ្នា២លើកនៅទីក្រុងវ៉ាស៉ីនតោន ដែលជាជំនួបផ្ទាល់លើកដំបូង ក្នុងរយៈពេលជាច្រើនទសវត្សរ៍ បន្ទាប់ពីក្រុមសកម្មប្រយុទ្ធហេសបូឡាគាំទ្រដោយអ៉ីរ៉ង់ បានអូសលីបង់ឱ្យធ្លាក់ក្នុងសង្រ្គាមមជ្ឈិមបូព៌ា កាលពីថ្ងៃទី២ ខែមីនា ហើយនាំឱ្យមានការទម្លាក់គ្រាប់បែកយ៉ាងសាហាវ និងការវាយលុកតាមផ្លូវគោកពីសំណាក់អ៉ីស្រាអែល។
ក្រោយជំនួបលើកទី១ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសបទឈប់បាញ់រយៈពេល១០ថ្ងៃនៅលីបង់ ដែលបានចាប់ផ្តើមកាលពីថ្ងៃទី១៧ ខែមេសា ហើយវាត្រូវបានពន្យារពេល ៣សប្តាហ៍បន្ថែមទៀត ក្រោយជំនួបលើកទី២។ លោក ត្រាំ សង្ឃឹមថា លោកនឹងបានធ្វើជាម្ចាស់ផ្ទះ នៃជំនួបរវាងប្រធានាធិបតីលីបង់ លោក Joseph Aoun និងនាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក Benjamin Netanyahu ក្នុងពេលប៉ុន្មានសប្តាហ៍ខាងមុខ ស្របពេលដែលប្រទេសទាំងពីរ ត្រៀមបើកកិច្ចចរចាដោយផ្ទាល់។ យ៉ាងណាមិញ គម្រោងចរចានេះ កំពុងបង្កភាពមិនចុះសម្រុងនៅលីបង់ ដោយមានការជំទាស់ដាច់អហង្ការពីសំណាក់ក្រុមហេសបូឡា។
ស្ថានទូតអាមេរិកប្រចាំលីបង់ បាននិយាយថា លីបង់នាពេលនេះ កំពុងស្ថិតនៅលើផ្លូវបំបែកដ៏សំខាន់មួយ ដោយប្រជាជនលីបង់ មានឱកាសជាប្រវត្តិសាស្រ្ត ដើម្បីដណ្តើមយកប្រទេសពួកគេវិញ ហើយកសាងអនាគត ក្នុងនាមជាប្រជាជាតិមួយ ដែលមានអធិបតេយ្យ និងឯករាជ្យពិតប្រាកដ។ ស្ថានទូតអាមេរិក បានបន្តថា ជំនួបផ្ទាល់រវាងលោក Aoun និងលោក Netanyahu ក្រោមការសម្របសម្រួលរបស់លោក ត្រាំ នឹងផ្តល់ឱ្យលីបង់នូវឱកាសទទួលបានការធានារឹងមាំ សម្រាប់អធិបតេយ្យ និងបូរណភាពទឹកដីយ៉ាងពេញលេញ ព្រមទាំងសន្តិសុខព្រំដែននិងការគាំទ្រផ្នែកមនុស្សធម៌ ក៏ដូចជាកិច្ចប្រឹងប្រែងស្ថាបនាឡើងវិញ រួមជាមួយការស្តារទាំងស្រុងសិទ្ធិអំណាចរដ្ឋរបស់លីបង់ នៅលើទឹកដីរបស់ខ្លួនគ្រប់សង់ទីម៉ែត្រទាំងអស់ ដែលទាំងនេះគឺនឹងត្រូវបានធានាដោយសហរដ្ឋអាមេរិក៕
រូបថត: vnexpress










