ខេត្តកំពង់ស្ពឺ ៖ «ខ្ញុំមិនចង់ឱ្យជនជាតិខ្មែរ ជាពិសេសសមាជិក សមាជិកាបក្សប្រជាជនមានខួរក្បាលចង្អៀតតាមរបៀបមើលឈើមួយដើម ដោយមិនមើលព្រៃទាំងមូល ហើយវាយតម្លៃសភាពការណ៍អ្វីមួយ ដោយមិនមើលពីសភាពការណ៍ខាងមុខ»
ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃសៅរ៍ ទី២ ខែឧសភា ឆ្នាំ២០២៦។
សម្តេចតេជោ ណែនាំដល់មន្ត្រីរាជការ ក្រុមប្រឹក្សាខេត្ត ឃុំ សង្កាត់ បន្តយកចិត្តទុក ដាក់ បំពេញ តួនាទី ភារកិច្ច បម្រើជាតិ និងប្រជាជន ។
សម្តេចតេជោបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីរាជការទាំងអស់ដែលបានខិតខំបំពេញការងារបម្រើសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋនៅពេលកន្លងមក ជាពិសេសការរួមគ្នារក្សាឱ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់ និងរបៀបរៀបរយក្នុងសង្គម ទប់ស្កាត់បាននូវទង្វើបង្ករចលាចលនានាក្នុងសង្គម។
សម្តេចតេជោ បានណែនាំដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ ជាពិសេសបន្តយកចិត្តទុកដាក់ផ្តល់នូវសេវាចាំបាច់នានាជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័ស ចៀសវាងបង្កនូវបញ្ហានានាដែលនាំឱ្យមានការថ្នាំងថ្នាក់ដល់ទឹកចិត្តរបស់ប្រជាពលរដ្ឋ និងបន្តយកចិត្តទុកដាក់រក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គម អនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ការបង្ក្រាបនូវបទល្មើសផ្សេងៗ ដូចជា ចោរឆក់ ចោរប្លន់ ការជួញដូរគ្រឿងញៀន ជាពិសេសបង្ក្រាបឱ្យបាននូវអំពើឆបោកតាមអនឡាញ(Scam Online)។
សម្តេចតេជោ ហ៊ុន សែន ក៏បានកោតសរសើរដល់មន្ត្រីគ្រប់ជាន់ថ្នាក់ នៃខេត្តកំពង់ស្ពឺ ទាំងអស់ដែលបានរួមសហការគ្នាអភិវឌ្ឍខេត្តមួយនេះឱ្យទទួលបាននូវការការរីកចម្រើនជាបន្តបន្ទាប់ រួមគ្នាដើម្បីខេត្តកំពង់ស្ពឺ៕
ដោយ ៖ សិលា















