គណៈប្រតិភូគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈនៃរដ្ឋសភា ដឹកនាំដោយ លោក ហ៊ុន ណេង ប្រធានគណៈកម្មការ អញ្ជើញធ្វើដំណើរចាកចេញពីព្រះរាជាណាចក្រកម្ពុជា តាមជើងយន្តហោះ នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦ នេះ ដើម្បីទៅចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី៣ នៃគណៈកម្មការឬគណៈកម្មាធិការទទួលបន្ទុកការពារជាតិ សន្តិសុខ នៃរដ្ឋសភា ប្រទេសកម្ពុជា ឡាវ វៀតណាម ក្នុងការចូលរួមឃ្លាំមើល និងជំរុញដល់គម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណនៃប្រទេសទំាងបី ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ នៅទីក្រុងញ៉ាចាង ខេត្តខាញ់ហ៊រ សាធារណរដ្ឋសង្គមនិយមវៀតណាម។
រដ្ឋាភិបាលប្រទេសកម្ពុជា ឡាវ និងវៀតណាម បានបង្កើតតំបន់អភិវឌ្ឍន៍ត្រីកោណ (CLV) នៅឆ្នាំ១៩៩៩ ដោយមានខេត្តចំនួន១៣ នៃប្រទេសទំាងបី ក្នុងនោះប្រទេសកម្ពុជាមាន ៤ខេត្ត ប្រទេសឡាវមាន ៤ខេត្ត និងប្រទេសវៀតណាមមាន ៥ខេត្ត ។
កិច្ចប្រជុំលើកទី៣ របស់គណៈកម្មការឬគណៈកម្មាធិការទទួលបន្ទុក ការពារជាតិ សន្តិសុខ នៃរដ្ឋសភា កម្ពុជា ឡាវ វៀតណាមនៅពេលនេះ មានប្រធានបទថា «បន្តការលើកស្ទួយតួនាទីភារកិច្ចគណៈកម្មការ គណៈកម្មាធិការទទួលបន្ទុកការពារជាតិ សន្តិសុខ នៃរដ្ឋសភា កម្ពុជា ឡាវ វៀតណាម ក្នុងការតាមដានត្រួតពិនិត្យវាយតម្លៃវឌ្ឍនភាព និងជំរុញការអភិវឌ្ឍ សេដ្ឋកិច្ច សង្គម និងសន្តិសុខ ដើម្បីគាំទ្រដល់តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម រួមចំណែកអភិវឌ្ឍន៍សហគមន៍អាស៊ានឲ្យបានរឹងមាំ»៕
ដោយ៖ សហការី