ខេត្តព្រៃវែង ៖ នៅព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជាស្រុកពារាំង បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា និងលើកទិសដៅការងារខែបន្តខែឧសភា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម វង្ស ពិសេន សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកពារាំង ខេត្តព្រៃវែង។
ជាកិច្ចចាប់ផ្ដើម លោក ឈុន សារ៉ាត ប្រធានគណបក្សស្រុកពារាំង បានឡើងអានរបាយការណ៍បូកសរុបសកម្មភាពការងារដែលសម្រេចបានក្នុងរយៈពេលមួយខែកន្លងមក ដែលក្នុងនោះផ្ដោតសំខាន់លើការងារសភាពការណ៍ទូទៅនៅមូលដ្ឋានស្រុកពារាំង សកម្មភាពការងារពង្រឹងគណបក្ស និងការសាមគ្គីភាពផ្ទៃក្នុងជាដើម។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម វង្ស ពិសេន បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីបក្សគ្រប់ថ្នាក់ សមាជិកក្រុមការងារគណបក្ស ដែលបានខិតខំបំពេញភារកិច្ចរហូតសម្រេចបានលទ្ធផលគួរឱ្យមោទនៈ។
ឯកឧត្តមប្រធានក្រុមការងារ បានផ្ដល់ការណែនាំដល់មន្រ្តីបក្សឲ្យបន្តយកចិត្តទុកដាក់ពង្រឹងគុណភាពបក្ស ធ្វើសកម្មភាពនៅមូលដ្ឋានជាប្រចាំដើម្បីបម្រើប្រជាពលរដ្ឋ។ ទន្ទឹមនេះ ត្រូវរកឲ្យឃើញនូវបញ្ហាប្រឈមនានាដែលកើតមាននៅមូលដ្ឋាន, និងគិតគូរពីជីវភាពប្រជាពលរដ្ឋ ពិសេសអ្នកគ្មានទីពឹង និងអត់កម្លាំងពលកម្ម៕
ដោយ : សិលា


















